ក្រុមអ្នកវិភាគរំពឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងឡើងស្តីពីបញ្ហាសិទ្ធិមនុស្ស ជាពិសេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដោយពិនិត្យមើលឡើងវិញនូវការលក់អាវុធទៅឲ្យប្រទេសអារ៉ាប់ប៊ី សាអូឌីត និងការខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសយ៉េម៉ែន។
លោក Amer Al Sabaileh អ្នកវិភាគនយោបាយជនជាតិហ្សកដានី និយាយថា បញ្ហាសំខាន់សម្រាប់តំបន់មជ្ឈឹមបូព៌ា គឺដំណើរការនៃការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមរវាងអ៊ីស្រាអែល និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយនិងប្រទេសបារ៉ែន និងប្រទេសស៊ូដង់។
ក៏ប៉ុន្តែ លោកនិយាយទៀតថា លោក Biden នឹងធ្វើកាន់តែច្រើនឡើងថែមទៀត ដើម្បីនាំប៉ាឡេស្ទីនមកកាន់មាគ៌ានេះ។
លោក Amer Al Sabaileh បានថ្លែងថា៖ «ខ្ញុំមិនគិតថា លោកប្រធានាធិបតីឥឡូវនះអាចប្រថុយបាត់បង់អត្ថប្រយោជន៍នៃការឆ្លៀតយកប្រយោជន៍ពីសមិទ្ធផលនេះទេ។ លោកនឹងព្យាយាមទាក់ទងជាមួយប៉ាឡេស្ទីនកាន់តែខ្លាំងឡើង ដោយព្យាយាមធ្វើឲ្យមានឡើងវិញនូវអ្វីដែលហៅថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» យ៉ាងហោចណាស់ក្នុងរបៀបមួយដែលជឿថា មានលក្ខណៈការទូតកាន់តែខ្លាំងឡើង ក្នុងការនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនខិតរកគ្នា។
ការមានប្រក្រតីភាពឡើងវិញត្រូវបានចាត់ទុកថា សំអាងលើប្រទេសអ៊ីស្រាអែល និងភាគីពាក់ព័ន្ធក្នុងចំណោមបណ្តារដ្ឋ នៅក្នុងតំបន់ឈូងសមុទ្រពែក ទាក់ទងនឹងលទ្ធិយោធានិយមកាន់តែរីកធំឡើងរបស់អ៊ីរ៉ង់ នៅក្នុងតំបន់។
លោកសាស្ត្រាចារ្យ David Romano នៃសាកលវិទ្យាល័យរដ្ឋ Missouri ក៏បានប្រាប់កាសែត Arab News នៅក្នុងប្រទេសអារ៉ាប់ ប៊ីសាអូឌីតដែរថា៖ «អ៊ីរ៉ង់ជាបញ្ហាគន្លឹះមួយក្នុងយល់ដឹងយ៉ាងច្រើននៃរស់ជាតិដ៏ល្វីងជូរចត់របស់ពិភពអារ៉ាប់ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី អូបាម៉ា»។
បណ្តារដ្ឋក្នុងឈូងសមុទ្រពែក មានការទោមនស្សដែលត្រូវបានបដិសេធមិនឲ្យចូលរួមការពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លែអ៊ែ ឆ្នាំ ២០១៥ ដើម្បីទប់ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសជិតខាងដ៏គគ្លើន។ លោកប្រធានាធិបតី Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពហុភាគីនេះ នៅឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មតឹងរ៉ឹងជាបន្តបន្ទាប់លើអ៊ីរ៉ង់។
លោក Amer Al Sabaileh បានថ្លែងទៀតថា៖ «ដូច្នេះប្រទេសនៅតំបន់ឈូងសមុទ្រពែកនិងអ៊ីស្រាអែល ត្រូវរួបរួមគ្នា ពីព្រោះពួកគេមានសត្រូវដ៏សំខាន់និងរួមគ្នាមួយគឺអ៊ីរ៉ង់។ លោក Biden អាចគិតពីការប្រើប្រាស់ស្ថានភាពនៅពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានកេរ្តិ៍ដំណែលខាងការទូតកាន់តែច្រើន ឡើងអំពីកិច្ចព្រមព្រៀងនុយក្លែអ៊ែនេះ ក៏ប៉ុន្តែមិនចាំបាច់ភ្លាមៗនោះទេ»។
លោកស្រី Ariane Tabatabai ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមូលនិធិ Marshall អាល្លឺម៉ង់ បានប្រាប់កាសែត The National នៅក្រុងឌុយបៃថា លោក Biden «នឹងស្វះស្វែងស្ថាបនាការមូលមតិអន្តរជាតិឡើងវិញ លើបញ្ហាប្រទេសអ៊ីរ៉ង់ និងធ្វើការជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបាននិយាយទៀតថា អ៊ីរ៉ង់អាចមិនមានឆន្ទៈ ដើម្បីដោះស្រាយឥរិយាបទរបស់ខ្លួននៅក្នុងតំបន់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លែអ៊ែរទេ។
អ្នកវិភាគផ្សេងទៀតមើលឃើញថា ប្រទេសអារ៉ាប់ប៊ី សាអូឌីត មិនចូលរួមនឹងរដ្ឋអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ ក្នុងការទទួលស្គាល់អ៊ីស្រាអែលទេ ដូច្នេះវាផ្តល់អានុភាពខ្លះជាមួយរដ្ឋបាលថ្មីរបស់លោក Biden៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន