ទូរទស្សន៍រដ្ឋស៊ីរីបានប្រកាសអំពីជ័យជម្នះរបស់លោក ចូ បៃដិន (Joe Biden) លើលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយជៀសវាងមិនសរសើរ ឬរិះគន់ដល់បុរសណាមួយទេ។
កាសែតប្រចាំថ្ងៃ Thawra របស់រដ្ឋាភិបាល បានកត់សម្គាល់ថា លោក បៃដិន បានសន្យាថានឹង «មិនប្រើពាក្យសម្តីអរិភាពរបស់អ្នកកាន់តំណែងមុនលោក គឺលោក ត្រាំ ទេ»។
មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ Ayatollah Ali Khamenei បាននិយាយប្រាប់ក្រុមអ្នកគាំទ្រលោកថា ជ័យជម្នះរបស់លោក បៃដិន «នឹងមិនផ្លាស់ប្តូរអ្វីទេ» ទោះណាជាលោកអនុប្រធានាធិបតី Eshaq Jahangiri បានសរសេរសារ Twitter ថា លោកសង្ឃឹមថា «នឹងឃើញមានការផ្លាស់ប្តូរ» នៅក្នុងអ្វីដែលលោកហៅថាជា «គោលនយោបាយបំផ្លិចបំផ្លាញរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន» និង «ការរករឿង» របស់ក្រុមការងារលោក ត្រាំ ក៏ដោយ។
ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Zayed នៃប្រទេសអេមីរ៉ាត អារ៉ាប់រួម ឬ UAE បានគូសបញ្ជាក់ថា ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងសហរដ្ឋអាមេរិក ជា «មិត្តនិងសម្ព័ន្ធមិត្តដែលមានភាពដៃគូជាប្រវត្តិសាស្ត្រខ្លាំង» ហើយទ្រង់ «ក៏បានអបអរសាទរលោក Joe Biden និងលោកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក» ផងដែរ។
នៅក្រុង Le Caire ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sissi បានអបអរសាទរលោក បៃដិន នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ «គូសបញ្ជាក់សេចក្តីប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមដើម្បីពង្រឹងចំណងទាក់ទងយុទ្ធសាស្ត្រទ្វេភាគីរវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិក»។
ទូរទស្សន៍ al Arabiya របស់រដ្ឋនៃប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសអំពីជ័យជម្នះរបស់លោក បៃដិន ដោយនិយាយថា លោកនឹង «ផ្តោតការយកចិត្តទុកដាក់លើគោលនយោបាយថ្មីៗ និងទិសដៅថ្មីសម្រាប់ប្រទេសអាមេរិក»។
ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលប្រទេសអារ៉ាប៊ី សាអូឌីត ដែលមានចំណងទាក់ទងជិតស្និទ្ធជាមួយរដ្ឋបាលលោក ត្រាំ មិនបានធ្វើអត្ថាធិប្បាយផ្លូវការអំពីជ័យជម្នះរបស់លោក បៃដិន ទេ។
ព្រះចៅ Emir នៃប្រទេសកាតា គឺ Sheikh Tamim បានអបអរសាទរលោក បៃដិន នៅក្រោយទ្រង់បានឮអំពីជ័យជម្នះរបស់លោក បៃដិន កាលពីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា។ ទ្រង់បានមានបន្ទូលបន្ថែមថា ទ្រង់សង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុង Dohar នឹង «ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ»។ ទំនាក់ទំនងរបស់ប្រទេសកាតា ជាមួយរដ្ឋបាលលោក ត្រាំ មានភាពតានតឹងជាញឹកញយ។
ប្រធានាធិបតីលីបង់លោក Michel Aoun ដែលជាញឹកញយមានការប្រទាំងប្រទាស់ជាមួយរដ្ឋបាលលោក ត្រាំ បានអបអរសាទរលោក បៃដិន ដោយសម្តែងសេចក្តីសង្ឃឹមថា នឹងមាន«ការវិលត្រឡប់ទៅកាន់តុល្យភាពក្នុងទំនាក់ទំនងរវាងប្រទេសអាមេរិកនិងប្រទេសលីបង់វិញ»។
លោក Abdullah Hamdouk នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ បាននិយាយប្រាប់ក្រុមអ្នកកាសែតថា លោកសង្ឃឹមថា «នឹងធ្វើការជិតស្និទ្ធ» ជាមួយរដ្ឋបាលថ្មីរបស់លោក បៃដិន។ ចំណែកឯប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បានហៅលោក បៃដិន ថាជា «មិត្តនិងដៃគូមានការទុកចិត្តនៅក្នុងបុព្វហេតុនៃការកសាងប្រទេសអ៊ីរ៉ាក់ ឱ្យល្អប្រសើរជាងមុន»។
ប្រែសម្រួលដោយ ឈឹម សុមេធ