រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនូវសំណើមួយកាលពីថ្ងៃអង្គារ ដែលនឹងរារាំងជនចំណាកស្រុកមួយចំនួនមិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចបញ្ជូនជនទាំងនោះចេញភ្លាមៗពីសហរដ្ឋអាមេរិក។
សំណើនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Biden នៅក្នុងការគ្រប់គ្រងលំហូរចូលមកនៃជនចំណាកស្រុកនៅឯព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក បានរងការរិះគន់ខ្លាំងក្លារួចទៅហើយពីអ្នកតស៊ូមតិរឿងអន្តោប្រវេសន៍។
នៅក្រោមសំណើនេះ ជនចំណាកស្រុកណាដែលមិនបានប្រើវិធីដែលមានស្រាប់ដើម្បីចូលមកក្នុងសហរដ្ឋអាមេរិក ឬក៏មិនបានស្វែងរកការជ្រកកោនផ្នែកមនុស្សធម៌នៅក្នុងប្រទេសមួយផ្សេងទៀតដែលពួកគេបានឆ្លងកាត់នៅតាមផ្លូវធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក នឹងមិនមានសិទ្ធិដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិកនោះទេ លើកលែងតែក្នុងករណីដែលពួកគេបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមការលើកលែងមួយចំនួន។
អ្នកដែលមិនអាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការលើកលែង ឬក៏មិនអាចបង្ហាញភស្តុតាងថា ពួកគេបានស្វែងរកការការពារសម្រាប់ការជ្រកកោននៅក្នុងប្រទេសណាមួយ នឹងត្រូវបានរារាំងមិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិកហើយនឹងត្រូវបញ្ជូនចេញភ្លាមៗទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដោយគ្មានឱកាសនៅក្នុងការបានជួបចៅក្រមផ្នែកអន្តោប្រវេសន៍។
នៅក្នុងការថ្លែងតាមទូរស័ព្ទជាមួយនឹងអ្នកសារព័ត៌មាន មន្ត្រីរបស់លោក Biden បានអះអាងថា នៅក្រោមសំណើនេះ ជនចំណាកស្រុកនៅមាន «វិធីដែលអាចប្រើបាននិងងាយស្រួល» នៅក្នុងការដាក់ពាក្យសុំសិទ្ធិជ្រកកោន។
មន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបាននិយាយថា សាធារណជននឹងមានរយៈពេល ៣០ ថ្ងៃនៅក្នុងការបញ្ចេញមតិលើបទបញ្ញត្តិដែលស្នើឡើងនេះមុនពេលដាក់ឱ្យអនុវត្ត ដែលគេរំពឹងថានឹងធ្វើឡើងនៅដើមខែឧសភាខាងមុខ។
អ្នករិះគន់លើសំណើនេះបានអះអាងថា វាគឺជាការធ្វើឡើងវិញនៃវិធានការដាក់កំហិតឆ្នាំ ២០១៩ រឿងសុំសិទ្ធិជ្រកកោន ដែលបានស្នើឡើងនៅក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលសំណើនេះត្រូវបានរារាំងដោយតុលាការសហព័ន្ធ៕