ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកទី១មកកាន់សហរដ្ឋអាមេរិកមេដឹកនាំគណបក្សប្រឆាំងនៅប្រទេសបេឡារុសអ្នកស្រី Sviatlana Tsikhanouskaya សង្ឃឹមថានឹងអាចជំរុញឲ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពគាំទ្រសកម្មជនប្រជាធិបតេយ្យនិងក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសរបស់អ្នកស្រី។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេអ្នកស្រីគូសបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឲ្យសហរដ្ឋអាមេរិកជួយគាំទ្រយើង។ការជួយរបស់អាមេរិកសំខាន់ណាស់ក្នុងពេលដែលរបបមួយកំពុងតែបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសបេឡារុសបំផ្លាញប្រព័ន្ធព័ត៌មានបំផ្លាញអង្គការទាំងអស់។វាមានសារៈសំខាន់ណាស់ក្នុងការជួយគាំទ្រមនុស្សទាំងអស់នោះ»។
នៅពេលមកដល់សហរដ្ឋអាមេរិកអ្នកស្រី Tsikhanouskaya បានជួបប្រជុំជាមួយក្រុមអ្នកគាំទ្រនៅFreedom Plaza គឺទីលានសេរីភាពក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រីមានគម្រោងជួបជាមួយមន្ត្រីក្រសួងការបរទេសមន្ត្រីសេតវិមាន សមាជិកសភានិងជួបជាមួយអ្នកស្រី Samantha Powerប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឬហៅកាត់ថាUSAIDផងដែរ។
អ្នកស្រី Tsikhanouskaya បានចាកចេញពីប្រទេសបេឡារុសជាមួយកូនតូចៗពីរនាក់បន្ទាប់ពីការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកប្រឆាំងតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសបេឡារុសក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីថ្ងៃទី៩ខែសីហាឆ្នាំមុន។ប្រធានាធិបតីកំពុងកាន់អំណាចគឺលោកAlexander Lukashenko បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនោះ៦អាណត្តិជាប់ៗគ្នា។
បញ្ហាដ៏ក្តៅគគុកសម្រាប់ប្រទេសបេឡារុសមានប្រជាធិបតេយ្យក៏ដូចជាសម្រាប់អ្នកស្រីTsikhanouskaya ផ្ទាល់គឺការដោះលែងអ្នកទោសនយោបាយជាង៥០០នាក់ដែលអាជ្ញាធរបានចាប់ក្នុងការបង្ក្រាប។ក្នុងចំណោមនោះក៏មានស្វាមីរបស់អ្នកស្រីផងដែរ។
អ្នកសង្កេតការណ៍មួយចំនួននិយាយថាដំណើរទស្សនកិច្ចរបស់អ្នកស្រីនឹងត្រូវបានតាមដានដោយយកចិត្តទុកដាក់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលចង់បន្តមានឥទ្ធិពលជាខ្លាំងទៅលើអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសបេឡារុស៕