មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសបេឡារុស គឺអ្នកស្រី Sviatlana Tsikhanouskaya ដែលកំពុងធ្វើទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើរដ្ឋាភិបាលបេឡារុសដឹកនាំដោយលោកប្រធានាធិបតី Alexander Lukashenko ដោយការដាក់ទណ្ឌកម្ម។
អ្នកស្រីបានប្រាប់វីអូអេថា «ទណ្ឌកម្មមិនមែនជាអាវុធទិព្វទេប៉ុន្តែវាអាចជួយបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសបេឡារុស និងធ្វើឲ្យតំណាងរបបដឹកនាំបច្ចុប្បន្នចាប់ផ្តើមការសន្ទនាជាមួយសង្គមស៊ីវិល»។
អ្នកស្រីបានថ្លែងយ៉ាងដូចនេះនៅខាងក្រៅសេតវិមាន បន្ទាប់ពីជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំជាច្រើននៅសប្តាហ៍នេះជាមួយមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden និងសមាជិកសភា។
អ្នកស្រីបានប្រាប់វីអូអេថា «ខ្ញុំបានស្នើសុំអាមេរិកធ្វើជាអ្នកធានានូវឯករាជ្យភាពរបស់យើង ប្រឆាំងដើម្បីឯករាជ្យភាពរបស់យើង ប្រសិនបើវារងការគំរាមកំហែង។ឯករាជ្យរបស់យើងមានតម្លៃខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋបេឡារុស»។
អ្នកស្រីថា អ្នកស្រីបានស្នើឲ្យសហរដ្ឋអាមេរិកផ្តល់ការគាំទ្របន្ថែមទៀតដល់ក្រុមសង្គមស៊ីវិល នៅក្នុងប្រទេសបេឡារុស ហើយវាអាស្រ័យលើប្រទេសប្រជាធិបតេយ្យនានា ក្នុងការជួយគាំទ្រដល់អ្នកដែលកំពុងធ្វើការតស៊ូឥឡូវនេះ»។
អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកអ្នកស្រី Emily Horne បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំនួបកាលពីថ្ងៃអង្គារថា «សហរដ្ឋអាមេរិក រួមជាមួយដៃគូនិងសម្ព័ន្ធមិត្ត នឹងបន្តធ្វើឱ្យរបបដឹកនាំរបស់លោកប្រធានាធិបតី Lukashenko ទទួលខុសត្រូវនូវសកម្មភាពដែលខ្លួនបានធ្វើ ដោយដាក់ទណ្ឌកម្ម៕
សេចក្តីរាយការណ៍នេះរួមចំណែកដោយលោក Mykhailo Komadovsky នៃ VOA ភាសារុស្ស៊ី