ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​​ចិន​នឹង​ទប់​ទល់​យ៉ាង​ដូចម្តេច ​ប្រសិន​បើ​អាមេរិក​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ពង្រីក​ដែន​សមុទ្រ​នោះ?


រូបឯកសារ៖ បាតុករ​ដើរ​ទៅ​កាន់​កុងស៊ុល​ចិន​កាល​ពី​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង​ Makati ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ បាតុករ​ដើរ​ទៅ​កាន់​កុងស៊ុល​ចិន​កាល​ពី​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង​ Makati ប្រទេស​ហ្វីលីពីន។

ចិន​ឈ្លោះ​ប្រកែក​ជាមួយ​ប្រទេស​ជប៉ុន​នៅ​តំបន់​ខ្លះ​ក្នុង​សមុទ្រ​ចិនខាង​កើត ក៏​ប៉ុន្តែ​បាន​អភិវឌ្ឍ​យ៉ាង​ច្រើន​នៅ​ក្នុង​សមុទ្រ​​ចិន​ខាង​ត្បូង។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​កំពុង​ពិចារណា​សេចក្តីព្រាង​ច្បាប់​មួយ​ដែលនឹង​ដាក់​ទណ្ឌកម្ម​ដល់ក្រុម​ហ៊ុន​ ឬ​បុគ្គល ដែល​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រីក​ការ​វាតទី​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

សេចក្តី​ព្រាង​ច្បាប់​របស់​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ណា​ដែល​ជួយ​ការ​ពង្រីក​របស់​ចិន​នៅ​ក្នុង​សមុទ្រ​អាស៊ី​ ដែល​មាន​ជម្លោះ ​ត្រូវ​គេ​រំពឹង​នឹង​បណ្តាល​ឲ្យ​មានការ​សងសឹក ​ប្រសិន​បើ​សេចក្តី​ព្រាងច្បាប់នោះ​ត្រូវ​បាន​អនុម័ត ​ដោយ​មិន​បាន​បញ្ឈប់​សកម្មភាព​នាវា​ចរណ៍​របស់​ចិន។

​ចិន​អាច​ដាក់​ទណ្ឌកម្ម​លើ​បណ្តាក្រុមហ៊ុន ​ឬបុគ្គល​សហរដ្ឋ​អាមេរិក​ ឬ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងក្នុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន។​នេះ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ។ ពួក​អ្នក​វិភាគ​និយាយ​ទៀត​ថា ​សេចក្តី​ព្រាង​ច្បាប់ដែលរង់ចាំ​ការ​សម្រេច​នៅ​ព្រឹទ្ធសភា ​នឹង​មិន​កែប្រែទិសដៅ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ប្រកួត​ប្រជែង​គ្នា​នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាម​ទារ​ប្រហែល​ ​៩០​ភាគ​រយ​នៃ​សមុទ្រ ដែលមាន​ទំហំ៣​លាន​៥សែន​គីឡូម៉ែត្រការេ។ ប្រទេស​ប្រ៊ុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន ​កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀត​ណាម ​បានជំទាស់​តវ៉ា​ការទាម​ទារ​របស់​ចិន ជាពិសេស​ក្នុង​ផ្ទៃ​ទឹក​នៃ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ ដែល​ទាមទារ​គងគ្នា។ ចាប់តាំង​ពី​ឆ្នាំ​២០១០​មក ​ចិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្សេង​ទៀត​ខឹង​សម្បារ​ដោយការ​ចាក់ដី​ធ្វើ​កោះ​តូច​ៗ​ក្នុង​សមុទ្រ​សម្រាប់​ការ​ប្រើប្រាស់ខាង​យោធា។ មន្រ្តី​ចិន​យោងដល់​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដើម្បី​គាំទ្រ​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន។

ការ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដោយបណ្តា​ប្រទេស​នានា។
ការ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដោយបណ្តា​ប្រទេស​នានា។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ច​ការសមុទ្រ​អន្តរជាតិ​នៅឯ​សាកល​វិទ្យា​ល័យហ្វីលីពីន បាន​និយាយ​ថា៖ «ចិន ប្រាកដត្រូវគេ​រំពឹង​នឹង​ធ្វើ​ការសងសឹក។ ​ចិន​អាច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​និង​ពាណិជ្ជករ​សហរដ្ឋ​អាមេរិកដែរ។ ការណ៍​នេះ​ដូចជា​ វិស័យ​ការទូត​នៅ​សតវត្សរ៍​ទី១៩ ​ដែល​ការ​ផ្ចាញ់​តប​ជាការ​ធម្មតាកាល​ពី​ពេល​មុន»។

សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ចិន​ខាង​កើត បាន​ស្នើ​នៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី២៣ ​ខែឧសភា ​នឹង​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន ​ឬ​បុគ្គល​ ដែល​រួម​វិភាគ​ទាន​ដល់គម្រោងផ្លូវនាវារចរណ៍ ​ដែល​ប្រទាញប្រ​ទង់​គ្នានៃ​ផ្លូវ​ទឹក​សមុទ្រ​ទាំង​២។ សេចក្តី​ព្រាង​ច្បាប់​នោះឲ្យ​ដឹងថា គម្រោង​ទាំង​នោះ​នឹង​គ្រប​ដណ្តប់​ការ​រាន​យក​ដី ​«ការធ្វើកោះ» និង​ការ​ស្ថាបនា​កន្លែង​បញ្ចាំង​ភ្លើង​សម្រាប់​នាវា។

ការដាក់​ទណ្ឌកម្ម​ក៏នឹង​អនុវត្ត​ចំពោះ​បុគ្គល​ ឬ​ក្រុមហ៊ុន​ ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្ម​ភាព​ ឬ​គោលនយោបាយ ដែល​គំរាម​កំហែង​សន្តិភាព សន្តិសុខ​ឬស្ថិរភាព​នៃផ្លូវនាវាចរណ៍​ ដែលមានការ​ប្រទាញ​ប្រទង់ដោយ​រដ្ឋាភិបាល​នានា។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិន​បាន​ទាមទារ​សមុទ្រ​នោះ​ទេ ​ក៏ប៉ុន្តែ ​បាននិយាយថា ​សមុទ្រ​ត្រូវតែបើក​ចំហដល់​ការ​ប្រើជា​អន្តរជាតិ។

ចិន​ឈ្លោះ​ប្រកែក​ជាមួយ​ប្រទេស​ជប៉ុន​នៅ​តំបន់​ខ្លះ​ក្នុង​សមុទ្រ​ចិនខាង​កើត ក៏​ប៉ុន្តែ​បាន​អភិវឌ្ឍ​យ៉ាង​ច្រើន​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។

លោក Sean Kingអនុ​ប្រធាន​ពិគ្រោះ​យោ​បល់​ខាងនយោបាយ​នៃ​អង្គការ Park Strategies ក្នុង​ទីក្រុង​ញូវយ៉ក​និយាយ​ថា ក្រុម​ហ៊ុន​ចិន​និង​បុគ្គល​ក្នុង​ផ្នែក​ថាមពល​ អាកាសចរណ៍ ​ទូរគមនាគមន៍​ និង​ក្នុង​ការ​ជីកកាយ ​នឹង​ត្រូវ​រក​ការ​ដាក់ទណ្ឌ​កម្ម។ សេចក្តី​ព្រាង​ច្បាប់​នោះ ​អំពាវនាវ​ឲ្យ​ស្វែង​រក​ក្រុមហ៊ុន​ចិន​ចំនួន ២៤ ​រួមមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចិន​ និង​ទូរគមន៍​នាគមន៍​ចិន។

ការដាក់ទោស​ពៃរ៍​នោះ​អាច​រួម​ទាំង​ការដក​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក ​ការ​បិទ​ខ្ទប់​ការ​ផ្ទេរទ្រព្យ​សម្បត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកនិង​ការ​បញ្ឈប់​បុគ្គល​ទាំង​នោះ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ យោធា​ចិន​ឈរ​នៅ​នាវា​មួយ​ ខណៈ​ពេលនាវា​មក​សំចក​នៅ​កំពង់ផែ​មួយ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩។
រូបឯកសារ៖ យោធា​ចិន​ឈរ​នៅ​នាវា​មួយ​ ខណៈ​ពេលនាវា​មក​សំចក​នៅ​កំពង់ផែ​មួយ​ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩។

​លោក Batongbacal ​បាន​និយាយថា ចិន អាចបន្ធូរបន្ថយ​បន្តិចបន្តួច​លើ​ការ​ពង្រីក​ដែន​សមុទ្រ​ ពី​ព្រោះ​តែ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ ​ក៏​ប៉ុន្តែ​មិន​បញ្ឈប់​ការ​ពង្រីក​កម្លាំង​របស់​ខ្លួនទេ។ លោក​និយាយ​ទៀត​ថា រដ្ឋាភិបាលចិន​ក៏នឹងព្យាយាម​ប្រមូល​ការ​គាំទ្រ​មកពី​ប្រទេស​អាស៊ី​នានា ​ជា​ពិសេស ​បណ្តា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ខាង​សេដ្ឋ​កិច្ច​ខ្លាំង។

ក្រុម​មន្រ្តី​ចិន​បាន​បំបិទ​មាត់​រួច​ហើយ​ក្នុង​ចំណោម​ប្រទេស​ ដែល​ទាមទារ​សមុទ្រ​នៅអាស៊ី​អាគ្នេយ៍​ ដោយប្រើ​ប្រាស់​សេដ្ឋ​កិច្ច​ដ៏សន្ធឹកសន្ធាប់​របស់​ខ្លួន​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ទាំង​នោះ​នូវផល​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​និង​វិនិយោគទុន។ ប្រទេស​ទាម​ទារ​ទាំង​អស់​ឲ្យ​តម្លៃសមុទ្រ​នោះ​ចំពោះការ​នេសាទ ​អណ្តូងប្រេង​និង​ផ្លូវ​នាវា​ចរណ៍។

លោកOh Ei Sunជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យា​ស្ថាន​កិច្ច​ការ​អន្តរជាតិ​ក្នុង​ប្រ​ទេស​សឹង្ហបូរី ​បាន​និយាយ​ថា ក្រុមហ៊ុន​នានា​ដែល​បាន​ជួយ​រដ្ឋាភិបាល​ដោយ​ការទាម​ទារ​ទឹក​ដី​ ឬ​ផ្គត់ផ្គង់​កង​នាវា​របស់​ចិន ​ប្រហែល​នឹង​មិន​ផ្លាស់​ប្តូរ​សកម្ម​ភាព​របស់​ខ្លួនទេ ​ប្រសិន​បើ​រងការ​ដាក់​ទណ្ឌកម្ម ​ហើយ​អាច​ត្រូវ​បាន​សង​ដោយ​ចិន ​ប្រសិន​បើ​ការ​ដាក់​ទណ្ឌ​កម្ម​នោះ ​ប៉ះពាល់​ពាណិជ្ជកម្ម។ លោក​និយាយ​ទៀត​ថា ក្រុម​ហ៊ុន​ ឬ​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ ដោយ​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​ប្រទេស​តូចៗ​ជាង ​ដូចជា ​អ៊ីរ៉ង់​នឹង​បាន​ការ​ទទួល​ជួយ​ឧបត្ថម្ភ​តិច​តួច។

លោក Ohបាន​និយាយ​ទៀត​ថា៖ «ចិន​ខុស​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ​ពីព្រោះ​ខ្លួន​មាន​ទីផ្សារ​ក្នុង​ស្រុក​ដ៏​ធំ​សម្បើម។ ​ដូច្នេះ ​ប្រសិនបើ​អស់​លោក​និយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​នោះ ចិន​មាន​សេដ្ឋ​កិច្ចក្នុង​ស្រុក​ដ៏​ធំសម្បើម។ ក្រុម​ហ៊ុន​និង​បុគ្គល​ទាំង​នោះ អាច​គ្រាន់តែប្តូរ​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ស្រុក។

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ជាមួយ​នឹង​ប្រធានាធិបតីចិន​លោក​ ស៊ី ជីនពីង ​នៅ​ក្រុង​ប៉េកាំង។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយ​ជាមួយ​នឹង​ប្រធានាធិបតីចិន​លោក​ ស៊ី ជីនពីង ​នៅ​ក្រុង​ប៉េកាំង។

​រដ្ឋាភិបាល​កុម្មុយនិស្ត​មាន​ប្រវត្តិ​ពីការ​បង្កើន​ភាព​គ្រោះ​ថ្នាក់​មិនសុខចិត្តចុះចាញ់​សហរដ្ឋ​អាមេរិកទេ​។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទប់​ទល់នឹង​ចលនា​នាវា​សហរដ្ឋ​អាមេរិកក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ចាប់​តាំងពី​ឆ្នាំ​២០១៧ ​ដោយ​ការ​បង្កើន​សកម្ម​ភាព​របស់​ខ្លួន​ផ្ទាល់។ ចិន​បាន​កាត់​ផ្តាច់​ការ​ផ្លាស់​ប្តូរ​ខាង​យោ​ធា​ក្នុង​ឆ្នាំ ​២០១០ ​បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​យល់​ព្រម​លក់អាវុធ​ទៅ​ឲ្យកោះ​តៃវ៉ាន់ ​ដែល​ចិន​បាន​ហៅ​កោះ​នោះ​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួនមិនមែន​ជា​រដ្ឋ​អធិបតេយ្យ​ភាព។

លោក King បាន​និយាយ​ទៀត​ថា សភា​សហរដ្ឋ​អាមេរិក​ប្រហែល​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម ​ក៏ប៉ុន្តែ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​អាច​ផ្អាក​ការ​ចុះ​ហត្ថលេខា​លើសេចក្តី​ព្រាង​ច្បាប់​នោះ ​ក្នុង​ករណី ​ចិន​និង​សហរដ្ឋ​អាមេរិក ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​ទៅ។

​លោក King ​និយាយ​ទៀត​ថា៖ «​សេចក្តី​ព្រាង​ច្បាប់​នោះ​ត្រូវបាន​ដាក់​ស្នើ​ដោយសមា​ជិក​ព្រឹទ្ធសភាសំខាន់​ៗ​មកពី​គណបក្សទាំង២ ​ហើយមិនមាន​គណ​បក្ស​ណា​មួយ​ក្នុង​ព្រឹទ្ធសភា​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​នៅពេល​ឥឡូវនេះ។​ ក៏​ប៉ុន្តែថាតើ​ប្រធានា​ធិបតី​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ឬ​ក៏​អត់ ​វា​ជារឿង​មួយ​ទៀត នៅ​ពេល​ដែល​ប្រធានា​ធិបតី​ត្រាំ​ពេញចិត្ត​វិធានការ​បម្រុង ​ជា​ការ​គំរាម​កំហែង​មួយ​ប្រឆាំង​នឹង​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីនពីង ​ដែល​គួរ​តែ​ជាមិត្ត​ដ៏​ល្អ​របស់​លោក»។

បន្ទាប់​ពី​ប្រធានាធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​ទៅ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ ​រដ្ឋាភិបាល​របស់​លោក​បាន​អនុម័ត​ការ​យក​ពន្ធគយ​លើ​ទំនិញ​ចិន​ ដែល​មាន​តម្លៃ​ ២រយ៥០ពាន់​លាន​ដុល្លារ។ នៅ​ខែក្រោយ រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ ​នឹង​ធ្វើ​សវនការស្តី​ពីការ​យក​ពន្ធគយ​ថ្មី​ ដែល​ប៉ះពាល់ការនាំ​ចូល​ទំនិញ​បន្ថែម​ ដែល​មាន​តម្លៃ​៣រយពាន់​លាន​ដុល្លារ​មកពី​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​កាលពីឆ្នាំ​ទៅ ​រហូត​ដល់​ពេល​នេះ ​ភាគីទាំង​២ បាន​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG