អាជ្ញាធរខេត្តព្រះសីហនុនៅតែប្រកាន់ជំហរស្នើឲ្យអាជីវករចាកចេញពីតំបន់ឆ្នេរបីកន្លែង ដើម្បីបើកផ្លូវឲ្យមានការរៀបចំឡើងវិញនៅក្នុងតំបន់ឆ្នេរទាំងនោះ។ នេះបើយោងទៅតាមការបញ្ជាក់ពីតំណាងអាជីវករ និងមន្ត្រីនៃសាលាខេត្តព្រះសីហនុ។
ការបន្តរក្សាជំហរនេះកើតមាន បន្ទាប់ពីតំណាងក្រុមអាជីវករបានចូលជួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាពីផែនការនៃការរៀបចំឆ្នេរ នៅក្នុងតំបន់ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតដីអារីស្តុន) និងឆ្នេរមុខព្រះរាជដំណាក់ចាស់កំពង់សោម។
យ៉ាងណាក៏ដោយ តំណាងអាជីវករចូលរួមក្នុងជំនួបនោះ ថ្លែងថា អាជ្ញាធរនឹងយកសំណើរបស់ពួកគេ ដែលស្នើសុំការអភិវឌ្ឍនៅនឹងកន្លែង ទៅពិភាក្សាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
អ្នកស្រី ភឿក សុខេន វ័យ៥២ឆ្នាំ តំណាងអាជីវករលក់ដូរក្នុងតំបន់ឆ្នេរអូរឈើទាល ទល់មុខដីក្រុមហ៊ុន សុខាអូតែល ថ្លែងប្រាប់ VOA ថា អាជ្ញាធរនៅតែប្រកាន់ជំហរឲ្យអាជីវកររុះរើសំណង់អាជីវកម្មរបស់ពួកគេចេញពីលើដីចំណីឆ្នេរក្នុងតំបន់ឆ្នេរចំនួនបីកន្លែងនេះ។ អ្នកស្រីថា អាជ្ញាធរបានសន្យាថា នឹងយកសំណើអភិវឌ្ឍន៍នៅនឹងកន្លែងរបស់ក្រុមអាជីវករទៅពិភាក្សាជាមួយស្ថាប័នថ្នាក់ជាតិ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំតំបន់ឆ្នេរទាំងបីកន្លែងនេះឡើងវិញ។
«ជួបខេត្ត ខេត្តគាត់និយាយ តែភាសាកុំឲ្យយើងបារម្ភ។ យើងនេះទៅ ចាំគាត់ ពាំនាំសំណូមពររបស់យើងទៅប្រមុខរាជរដ្ឋាភិបាល»។
អ្នកស្រីឲ្យដឹងបន្ថែមថា ក្រុមអាជីវករ នឹងបន្តការតវ៉ានៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ដោយមិនមានការប្រែប្រួលនោះទេ។
កាលពីសប្តាហ៍មុន សាលាខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យអាជីវករដែលកំពុងធ្វើអាជីវកម្មលក់ដូរ នៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរមុខព្រះរាជដំណាក់ចាស់កំពង់សោម រុះរើសំណង់អាជីវកម្មរបស់ពួកគេចេញ ក្នុងរយៈពេលមួយខែ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ការស្នើឲ្យរុះរើនេះធ្វើឡើង ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងសាលាខេត្តព្រះសីហនុ គ្រោងរៀបចំកែលំអ និងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុ ដើម្បីធានាបាននូវការគ្រប់គ្រង និងរក្សាបរិស្ថានប្រកបដោយនិរន្តរភាព។ ការរៀបចំនេះនឹងត្រូវធ្វើឡើង ដើម្បីត្រៀមប្រារព្ធពិធីបុណ្យសមុទ្រ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត យន្ត មីន កាលពីថ្ងៃទី១២ ខែកុម្ភៈ បានបញ្ជាក់ពីចំណាត់ការរបស់អាជ្ញាធរ បើសិនជាផុតកំណត់កាលបរិច្ឆេទនៃការរុះរើ ហើយអាជីវករមិនព្រមរុះរើទៀតនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនោះទេ។
លោក ប្រាក់ វិសាល អនុប្រធានរដ្ឋបាលខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ទីកន្លែងទេសចរណ៍ ថ្លែងថា សាលាខេត្តនឹងលើកយកការស្នើសុំរបស់ក្រុមអាជីករ ទៅពិភាក្សាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ជាដើម។ ក៏ប៉ុន្តែលោកបញ្ជាក់ជាថ្មីម្តងទៀតថា សាលាខេត្តនឹងនៅតែចាត់វិធានការរៀបចំតំបន់ទាំងបីនេះឡើងវិញដដែល។
«ក្រោយពេលឯកឧត្តមអភិបាលខេត្ត បានទទួលសំណូមពរពីពួកគាត់ ឯកឧត្តមអភិបាលខេត្តលោកមិនមានសិទ្ធិសម្រេចទេ អាស្រ័យធ្វើរបាយការណ៍ស្នើសុំមកគណៈកម្មាការជាតិគ្រប់គ្រងតំបន់ឆ្នេរ នឹងលើកយកសំណើរបស់គាត់ហ្នឹងរាយការណ៍ជូនទៅគណៈកម្មាការតំបន់ឆ្នេរ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បដិសេធមិនធ្វើអធិប្បាយ។ VOA ក៏ពុំទាន់អាចទាក់ទង លោក ប៉ែន សុផល អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។
តំណាងអាជីវករបញ្ជាក់ថា ចំនួនអាជីវករដែលគ្រោងនឹងទៅតវ៉ានៅរាជធានីភ្នំពេញ គឺមានប្រមាណ២៥០នាក់។
យោងទៅតាមផែនការនៃការរៀបចំឆ្នេរនៅក្នុងតំបន់ឆ្នេរទាំងបី តូបថ្មីដែលនឹងរៀបចំឡើងដោយសាលាខេត្ត នឹងត្រូវដាក់ឲ្យឆ្ងាយពីគ្នា ចម្ងាយ២៥ម៉ែត្រ ទៅ៣០ម៉ែត្រ និងស្ថិតនៅឆ្ងាយពីការជន់ជោររបស់ទឹកសមុទ្រប្រមាណពី៣០ ទៅ៥០ម៉ែត្រ ផ្អែកទៅតាមស្ថានភាពភូមិសាស្ត្ររបស់ឆ្នេរនីមួយៗ៕