អាជ្ញាធរខេត្តព្រះសីហនុស្នើឲ្យអាជីវករ ដែលកំពុងធ្វើអាជីវកម្មលក់ដូរនៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ រុះរើសំណង់អាជីវកម្មរបស់ពួកគេចេញពីលើដីចំណីឆ្នេរក្នុងតំបន់ឆ្នេរចំនួនបីកន្លែងក្នុងខេត្តទេសចរណ៍មួយនេះ ដោយទុកពេលឲ្យមួយខែ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ហើយដែល VOAទទួលបាននៅថ្ងៃអាទិត្យនេះ។
អាជីវករដែលកំពុងធ្វើអាជីវកម្មលក់ដូរ នៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតដីអារីស្តុន) និងឆ្នេរមុខព្រះរាជដំណាក់ចាស់កំពង់សោម នឹងមានពេលរយៈពេលមួយខែ សម្រាប់ការរុះរើ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ការស្នើឲ្យរុះរើនេះធ្វើឡើង ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងសាលាខេត្តព្រះសីហនុ គ្រោងរៀបចំកែលំអ និងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុ ដើម្បីធានាបាននូវការគ្រប់គ្រង និងរក្សាបរិស្ថានប្រកបដោយនិរន្តរភាព។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយលោក អភិបាលខេត្ត យន្ត មីន កាលពីថ្ងៃទី១២ ខែកុម្ភៈ បានបញ្ជាក់ពីចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះថា៖«ផុតកំណត់កាលបរិច្ឆេទនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការ ចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនោះទេ»។
អ្នកស្រី ភឿក សុខេន វ័យ៥២ឆ្នាំ តំណាងអាជីវករលក់ដូរក្នុងតំបន់ឆ្នេរអូរឈើទាល ទល់មុខដីក្រុមហ៊ុន សុខាអូតែល ថ្លែងប្រាប់VOAថា អាជីវករជាង១០០នាក់នៅក្នុងតំបន់នេះ មានការព្រួយបារម្ភចំពោះការបាត់បង់របររកស៊ីរបស់ពួកគេ។
«ពួកខ្ញុំ កំពុងមានការព្រួយបារម្ភមែនទែន។ ខ្លះចាស់ៗទៅ គាត់ស្លុតខ្លាំងដល់សន្លប់ដល់អី។ យើងកំពុងព្រួយបារម្ភ អ្ហារឿងសុខភាពរបស់ប្រជាពលរដ្ឋ។ ហើយអម្បាញ់មិញ យាយគាត់អាយុ៧០ជាង គាត់ភ័យ គាត់ឡើងសន្លប់»។
អ្នកស្រី ភឿក សុខេន បន្តថា ក្រុមអាជីវករទាំងនោះ នឹងទៅតវ៉ានៅសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃច័ន្ទនេះ ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ ក្រុមអាជីវករនឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រីបញ្ជាក់ថា អាជីវករនឹងស្នើរដ្ឋាភិបាលឲ្យផ្ដល់ដីឲ្យពួកគេជួល និងធ្វើការកែលំអទីតាំងទាំងនោះ ដោយមិនចាំបាច់ប្រគល់ទៅឲ្យក្រុមហ៊ុនណាមួយមកអភិវឌ្ឍន៍សួនច្បារនោះឡើយ។
«អូន សោភ័ណភាពល្អ អូនដឹងទេ? សោភ័ណភាព គឺកើតចេញពីមនុស្សគ្រប់គ្នា។ ទោះបីថា ឲ្យទៅអ្នកមានអំណាច មានលុយ ក៏អ្នកមានអំណាចមានលុយហ្នឹង ជួលអ្នកក្រីក្រទៅឈូសឆាយ ទៅធ្វើអញ្ចឹងដែរ។ ដូច្នេះ បើឲ្យប្រជាពលរដ្ឋក្រីក្រលក់ដូរ ពួកខ្ញុំក៏មានលទ្ធភាព នឹងអាចឈូសឆាយឲ្យស្មើ ឲ្យស្អាត អភិវឌ្ឍតំបន់ឆ្នេរឲ្យស្អាតដែរ។ យើងអត់ចង់ឲ្យនៅភាពអនាធិបតេយ្យ ឬក៏ភាពមិនល្អសម្រាប់ឆ្នេររបស់យើងទេ។ យើងជាកូនខ្មែរ ឆ្នេរសមុទ្ររបស់យើង ល្បីអញ្ចឹង យើងក៏ចង់ឲ្យល្បីដែរ»។
អ្នកស្រីបន្ថែមថា ទីតាំងដែលត្រូវអាជ្ញាធរឲ្យរុះរើនេះគឺជាទីតាំង ដែលធ្លាប់រងការឈូសឆាយ បង្កឲ្យមានខូចខាតជាច្រើនពីខាងក្រុមហ៊ុន សុខា អូតែល កាលពីឆ្នាំ២០០៦។
អ្នកស្រីមានប្រសាសន៍ថា ទំហំនៃការខូចខាតកាលពីពេលនោះ គឺមានចាប់ពី ១០០០០ដុល្លារអាមេរិក រហូតដល់ជិត១០០០០០ម៉ឺនដុល្លារអាមេរិក សម្រាប់អាជីវករម្នាក់ៗ។
ក្រុមអាជីវករ៣២នាក់ ដែលរងការខូចខាត ត្រូវបានក្រសួងមហាផ្ទៃសម្របសម្រួលឲ្យទទួលយកប្រាក់សំណង៣៥០០ដុល្លារអាមេរិក តែពួកគេមួយចំនួនបានបដិសេធសំណងនេះ។
នៅក្នុងពេលបច្ចុប្បន្ននេះ ពួកគេ និងអាជីវករដទៃទៀត ទាមទារមិនចាកចេញទៅណាផ្សេងឡើយ។
លោក ប្រាក់ វិសាល អនុប្រធានរដ្ឋបាលខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ទីកន្លែងទេសចរណ៍ ថ្លែងថា អាជ្ញាធរខេត្តនឹងចាត់វិធានការទៅតាមសេចក្ដីប្រកាសព័ត៌មាន ដែលផ្ដល់ជូនទៅដល់អាជីវករទាំងនោះ។
«ជាការពិតទៅ អាហ្នឹងវាជាសិទ្ធិរបស់គាត់ទេ។ គាត់ទាមទារ អាហ្នឹងជាសិទ្ធិរបស់គាត់ ពីព្រោះថា បើសិនជាយើងទុកឆ្នេរអញ្ចឹង ឲ្យវាមានសំណង់ដែលជាប់នឹងមាត់ទឹកអញ្ចឹង យើងមានឆ្នេរណាសម្រាប់ដើរកំសាន្ត ឬក៏ភ្ញៀវចុះទៅទស្សនា ឬក៏មុជទឹកអីអញ្ចឹង។ ហើយពួកគាត់ទាំងអស់គួរតែដឹងហើយថា ដីចំណីឆ្នេរ ជាដីសាធារណៈរបស់រដ្ឋ។ នៅពេលណារដ្ឋត្រូវការរៀបចំកែលំអ អភិវឌ្ឍន៍អី គឺត្រូវតាមតែអនុវត្តទៅតាមគោលការណ៍»។
លោកបញ្ជាក់ថា តូបថ្មីដែលនឹងរៀបចំឡើងដោយសាលាខេត្ត នឹងត្រូវដាក់ឲ្យឆ្ងាយពីគ្នា ចម្ងាយ២៥ម៉ែត្រ ទៅ៣០ម៉ែត្រ និងស្ថិតនៅឆ្ងាយពីការជន់ជោររបស់ទឹកសមុទ្រប្រមាណពី៣០ ទៅ៥០ម៉ែត្រ ផ្អែកទៅតាមស្ថានភាពភូមិសាស្ត្ររបស់ឆ្នេរនីមួយៗ។
លោក ប្រាក់ វិសាល បានពន្យល់បន្ថែមពីផែនការនៃការរៀបចំឆ្នេរក្នុងបីទីតាំងនោះ យ៉ាងដូច្នេះថា៖
«តាមផែនការរបស់គណៈកម្មការជាតិតំបន់ឆ្នេរហ្នឹង គឺ គេបានសិក្សា ហើយនិងធ្វើMaster Plan (ប្លង់មេ) នៅកន្លែងហ្នឹងហើយ។ នៅពេលណាដែលពួកគាត់ចេញទៅ គេនឹងលើកផ្លាក។ មានន័យថា ឆ្នេរត្រូវទុកឲ្យទូលាយ ដើម្បីឲ្យភ្ញៀវគាត់ទៅទស្សនា ឬក៏ចុះទៅមុជទឹកបានស្រួល ហើយមានកន្លែងចតរថយន្ត មានបន្ទប់ទឹក មានខ្ទុះ សម្រាប់ពេលមានភ្លៀង មានអីអញ្ចឹង អាចទៅជ្រក ទៅអីអញ្ចឹងទៅណាស់»។
លោកឲ្យដឹងបន្ថែមថា ការរៀបចំឆ្នេរក្នុងទីតាំងទាំងបីនេះ គឺសម្រាប់ការត្រៀមរៀបចំពិធីបុណ្យសមុទ្រ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០១៦។
លោក បន្ថែមថា សាលាខេត្តនឹងរកដៃគូមកគ្រប់គ្រងដំណើរការនៃការរៀបចំឆ្នេរនេះឡើងវិញ។
លោក ឯក វិធាន វ័យ៣៦ឆ្នាំ តំណាងក្រុមអាជីវករដែលមានតូបលក់ដូរ៦២តូបនៅក្នុងតំបន់ឆ្នេរអូរត្រេះ ថ្លែងថា អាជីវករក្នុងតំបន់នេះ និងតំបន់ពីរផ្សេងទៀតក៏គ្រោងនឹងស្នើទៅលោកអភិបាលខេត្ត យន្ត មីន ឲ្យពិចារណាពីវិធានការនេះឡើងវិញផងដែរ។
លោកបញ្ជាក់ថា អាជីវករក្នុងតំបន់ឆ្នេរអូរត្រេះ ក៏ទាមទារឲ្យមានការអភិវឌ្ឍ ដែលធ្វើឡើងដោយក្រុមអាជីវករ។
«យើងសុំអភិវឌ្ឍន៍ខ្លួនឯង។ យើងនឹងចេញលុយធ្វើដោយខ្លួនឯង ហើយឲ្យតែរដ្ឋឲ្យថយយ៉ាងម៉េច យើងធ្វើអញ្ចឹង។ ប៉ុន្តែ យើងមិនអាចឲ្យរុះចេញ បានរដ្ឋអ្នកធ្វើរៀបចំ គឺយើងមិនព្រមទេបាទ។ យើងអត់ព្រមដាច់ខាត»។
លោកបន្តថា ចំនួនអាជីវករដែលគ្រោងនឹងទៅតវ៉ា គឺមានប្រមាណ២៥០នាក់។
លោកអះអាងបន្ថែមនៅក្នុងការតវ៉ានៅព្រឹកថ្ងៃច័ន្ទនេះ ក៏នឹងមានការចូលរួមពីប្រជាពលរដ្ឋ ដែលរងការរំលោភបំពានដីធ្លីផងដែរ៕