សមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងជឿថា លោក ត្រាំ រំលោភបំពានអំណាចរបស់ខ្លួន ដោយដាក់សម្ពាធទៅលើអ៊ុយក្រែន ឲ្យបើកការស៊ើបអង្កេតទៅលើគូប្រជែងនយោបាយរបស់លោក គឺលោក Joe Biden ដែលជាបេក្ខជនឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ ពួកប្រជាធិបតេយ្យសង្ឃឹមថា សវនាការនេះនឹងនាំឲ្យសាធារណជនគាំទ្រពួកគេប្រឆាំងនឹងលោកប្រធានាធិបតី ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋកំពុងតែប្រឹងប្រែងការពារលោកប្រធានាធិបតី ដើម្បីឲ្យសាធារណជនប្រឆាំងនឹងការស៊ើបអង្កេតនេះ។
មន្ត្រីការទូតជើងចាស់របស់សហរដ្ឋអាមេរិកពីរនាក់ គឺលោក George Kent និងលោក William Taylor គឺជាបុគ្គលដែលនៅជួរមុខនិងសំខាន់ នៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង។
លោក Taylor ថ្លែងថា ការណ៍ដែលសេតវិមានផ្អឹបជំនួយផ្នែកយោធាពីប្រទេសអ៊ុយក្រែនមួយរយៈ គឺជាផ្នែកមួយនៃការដាក់សម្ពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីទាមទារឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតទៅលើលោក Joe Biden ដែលជាគូប្រជែងនយោបាយរបស់លោក។
លោក William Taylor ឯកអគ្គរដ្ឋទូតស្តីទីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែនបានមានប្រសាសន៍ថា៖ «ការណ៍ដែលផ្អឹបជំនួយយោធាដោយគ្មានមូលហេតុត្រឹមត្រូវ ក្រៅតែពីដើម្បីជួយដល់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គឺជារឿងមួយដែលមិនសមហេតុផលទាល់តែសោះ»។
លោក Adam Schiff សមាជិករដ្ឋសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា ការប្រព្រឹត្តដែលត្រូវបានចោទប្រកាន់នេះគឺស្របទៅតាមរដ្ឋធម្មនុញ្ញស្ដីពីការប្រព្រឹត្តបទឧក្រិដ្ឋកម្រិតធ្ងន់និងបទល្មើសមជ្ឈិម ដែលអាចបើកការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងបាន។
លោក Adam Schiff បានថ្លែងថា៖ «តើនេះគឺជាអ្វីដែលប្រជាពលរដ្ឋអាមេរិកគួរតែរំពឹងពីប្រធានាធិបតីរបស់ខ្លួនឬ? ប្រសិនបើករណីនេះមិនអាចបើកការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងបាន តើនេះគឺជាអ្វីទៅវិញ?»។
សមាជិកគណបក្សសាធារណរដ្ឋនិយាយថា ការផ្ដល់សក្ខីកម្មរបស់សាក្សីទៅលើសកម្មភាពរបស់លោកប្រធានាធិបតីគឺជារឿងឮតគ្នាពីរបីដំណាក់ទៅហើយ ហើយទីបំផុតប្រទេសអ៊ុយក្រែននៅតែទទួលបានជំនួយផ្នែកយោធាដដែល។
លោក Devin Nunes សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ បានថ្លែងថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងគឺជាផ្នែកមួយនៃផែនការអាក្រក់ជាយូរមកហើយរបស់ពួកប្រជាធិបតេយ្យ ដើម្បីទម្លាក់លោកប្រធានាធិបតីពីតំណែង។
លោក Devin Nunes បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលធ្លាប់ដឹងពីផែនការដ៏អាក្រក់របស់ពួកប្រជាធិបតេយ្យទៅលើលោកប្រធានាធិបតី ត្រាំ នឹងមិនភ្ញាក់ផ្អើលនោះទេ នៅពេលឃើញសញ្ញាធម្មតាទាំងនេះ ដែលត្រូវបានរៀបចំឡើងដោយមានយុទ្ធនាការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយទៀតផង»។
លោក ត្រាំ នៅតែនិយាយម្ដងហើយម្ដងទៀតថា ពួកប្រជាធិបតេយ្យគ្មានហេតុផលទាល់តែសោះ។
លោក ត្រាំ មានប្រសាសន៍ថា៖ «មិនដែលមានប្រធានាធិបតីណាដែលមានតម្លាភាពខ្លាំងយ៉ាងដូច្នេះទេ។ នេះគឺជាការធ្វើទុក្ខបុកម្នេញកម្រិតខ្ពស់បំផុត ហើយវាគឺជារឿងដ៏អាក្រក់សម្រាប់ប្រទេសរបស់យើង»។
ពួកប្រជាធិបតេយ្យសង្ឃឹមថា សវនាការដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះនឹងជួយឲ្យមានការគាំទ្រពីសាធារណជនចំពោះករណីស៊ើបអង្កេតទៅលើលោកប្រធានាធិបតីនេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Susan Low Bloch អ្នកវិភាគផ្នែកច្បាប់នៃសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
លោកស្រី Bloch បានថ្លែងថា៖ «នេះមិនមែនជាករណីដែលរដ្ឋសភានិងព្រឹទ្ធសភាអាមេរិកនឹងត្រូវទម្លាក់នរណាម្នាក់ចេញពីតំណែងដោយសារតែពួកគេមិនចូលចិត្តបុគ្គលម្នាក់នោះទេ។ គំនិតនេះគឺខុសទាំងស្រុង ហើយនេះក៏មិនមែនជាអ្វីដែលកំពុងតែកើតឡើងនៅពេលនេះដែរ។ ប៉ុន្តែវាគឺជាដំណើរការនយោបាយមួយដែលត្រូវតែមានការគាំទ្រពីសាធារណជន»។
ការស្ទង់មតិសាធារណៈបង្ហាញថា សហរដ្ឋអាមេរិកនៅតែមានការបែកបាក់គ្នាយ៉ាងខ្លាំងទៅលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះ។ នេះបើតាមការបញ្ជាក់របស់លោក Ramesh Ponnuru អ្នកវិភាគនយោបាយនៃវិទ្យាស្ថាន American Enterprise។
លោក Ponnuru បានលើកឡើងថា៖
«ខ្ញុំគិតថា គេនៅតែមើលឃើញថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះនឹងជះឥទ្ធិពលទៅលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះ។ ឥឡូវនេះ វាគ្រាន់តែជាការបង្ហាញនូវគំនិតស្រុះស្រួលគ្នារបស់អ្នកគាំទ្រទៅលើគណបក្សនយោបាយនីមួយៗប៉ុណ្ណោះ»។
លោក John Fortier អ្នកវិភាគនយោបាយនៃមជ្ឈមណ្ឌល Bipartisan Policy ថ្លែងថា ខណៈដែលសវនាការនេះកំពុងដំណើរការ ពួកប្រជាធិបតេយ្យនឹងត្រូវធ្វើឲ្យករណីស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងនេះទទួលបានការគាំទ្រពីគណបក្សនយោបាយទាំងពីរ។
លោក Fortier បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីទម្លាក់ប្រធានាធិបតីម្នាក់ចេញពីតំណែងបាន គេត្រូវការការគាំទ្រពីគណបក្សនយោបាយទាំងពីរ គឺការគាំទ្រភាគច្រើនពីគណបក្សនយោបាយទាំងពីរ ដែលត្រូវតែព្រមព្រៀងគ្នាលើរឿងនេះ។ ដូច្នេះពួកប្រជាធិបតេយ្យចង់ទទួលបានការគាំទ្រពីសាធារណជនកាន់តែច្រើន ហើយរឿងនេះប្រហែលជាអាចកើតឡើងខណៈពេលដែលការស៊ើបអង្កេតបន្ដទៅមុខ ប៉ុន្តែឥឡូវនេះ សាធារណជនមិនទាន់គាំទ្រខ្លាំងក្លាប៉ុន្មានទេ»។
លោក Richard Nixon បានលាលែងពីតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៤ នៅពេលដែលការស្ទង់មតិសាធារណៈបង្ហាញថា ការគាំទ្ររបស់សាធារណជនចំពោះលោកបានធ្លាក់ចុះយ៉ាងខ្លាំង។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ទៀត លោក Bill Clinton បានរួចខ្លួនពីសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែងរបស់ព្រឹទ្ធសភានៅឆ្នាំ១៩៩៩ នៅពេលដែលសាធារណជនភាគច្រើនប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់ពួកសាធារណរដ្ឋក្នុងការទម្លាក់លោកពីតំណែងជាប្រធានាធិបតី៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា