នៅពេលដែលលោក Joe Biden ដែលត្រូវព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកប្រុងប្រៀបទទួលយកអំណាចសេតវិមានពីលោកប្រធានាធិបតី Donald Trump ពួកអ្នកជំនាញរំពឹងថានឹងមានការប្រែក្រឡះសឹងតែទាំងស្រុងនូវគោលនយោបាយអំពីអាកាសធាតុ។
ក្នុងអាណត្តិប្រធានាធិបតីរបស់លោក Trump ត្រូវកំណត់ដោយការបន្ធូរបទបញ្ញត្តិលើអ្នកផលិតប្រេងឥន្ធនៈ ការបន្ថយស្តង់ដារសមត្ថភាពសម្រាប់យានយន្តនិងប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ និងការមើលងាយដល់កិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ។ ទោះបីលោកបានបដិសេធថា ការប្រែប្រួលធាតុអាកាសជា«ការបញ្ឆោត»ក៏ដោយ ក៏លោក Trump បានអួតច្រើនដងថា៖ «ចាប់តាំងពីថ្ងៃទីមួយទៅ រដ្ឋបាលខ្ញុំបានចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុជាអាទិភាពកំពូលមួយដោយធ្វើឱ្យប្រាកដប្រជាថាប្រទេសអាមេរិកមានខ្យល់និងទឹកស្អាតបំផុតមួយនៅលើផែនដី»។
ចំណែកឯលោក Biden វិញ លោកបានចាត់ទុកការប្រែប្រួលធាតុអាកាសថា ជាអាទិភាពមួយក្នុងបណ្តាអាទិភាពកំពូលដែលរដ្ឋបាលលោកនឹងដោះស្រាយជាបន្ទាន់នៅពេលចូលកាន់តំណែងភ្លាម។
លោកប្រធានាធិបតីជាប់ឆ្នោតរូបនេះបានធ្វើការឃោសនាបោះឆ្នោតលើផែនការមួយមានទឹកប្រាក់១,៧លានលានដុល្លារសម្រាប់ការធ្វើអន្តរកាលទៅកាន់ប្រភពថាមពលស្អាត១០០ភាគរយមិនហួសពីឆ្នាំ២០៥០។ ផែនការនេះជារបៀបដោះស្រាយមួយដែលនឹងចូលជ្រាបក្នុងផ្នែកទាំងអស់នៃរដ្ឋាភិបាលនិងសេដ្ឋកិច្ចជាមួយវិធានការដើម្បីបន្ថយជាលំដាប់នូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបានរួមចំណែកក្នុងការធ្វើឱ្យសាកលលោកក្តៅជាងមុន។
ក៏ប៉ុន្តែលោក Biden នឹងប្រឈមនឹងការជំទាស់។ ទោះបីគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកាំង នៅពេលនេះគណបក្សសាធារណរដ្ឋគ្រប់គ្រងព្រឹទ្ធសភា ដោយរង់ចាំការបោះឆ្នោតជាថ្មីសម្រាប់អាសនៈពីរនៅក្នុងរដ្ឋ Georgia ដែលនៅទីនោះគណបក្សសាធារណរដ្ឋមានការគាំទ្រច្រើន។
លោកប្រធានាធិបតី Trump ក៏បានតែងតាំងពួកចៅក្រមអភិរក្សនិយមច្រើននាក់ក្នុងតុលាការសហព័ន្ធនៅទូទាំងប្រទេស ដោយមានរួមបញ្ជូលទាំងក្នុងតុលាការកំពូលផងដែរ ហើយពួកគេទំនងជានឹងមិនពេញចិត្តអំពីការបង្កើនការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ពួកអ្នកជំនាញនិយាយថា យ៉ាងនេះក្តីក៏រដ្ឋបាលលោក Biden នៅតែមានអានុភាពក្នុងការបំពេញកិច្ចការនេះ។
ការប្រើរដ្ឋាភិបាលទាំងមូល
ពួកអ្នកជំនាញច្រើននាក់រំពឹងថាលោក Biden នឹងបញ្ចូលបញ្ហាការប្រែប្រួលអាកាសធាតុទៅក្នុងកិច្ចការរដ្ឋាភិបាលស្ទើរទាំងអស់។
កិច្ចការនេះមានចាប់ផ្តើមពីក្រសួងការបរទេស ដែលនៅទីនោះគេរំពឹងថា លោក Biden នឹងចូលរួមវិញជាបន្ទាន់វិញក្នុងកិច្ចព្រមព្រៀងអ.ស.ប.ស្តីការប្រែប្រូលអាកាសធាតុក្នុងក្រុងប៉ារីសកាលពីឆ្នាំ២០១៥។
ទីភ្នាក់ងារការពារបរិស្ថាននិងក្រសួងថាមពលនឹងមានការផ្តោតការយកចិត្តទុកដាក់ជាថ្មីលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
ក៏ប៉ុន្តែការប្រែប្រួលធាតុអាកាសនឹងទំនងជានឹងបង្ហាញខ្លួននៅក្នុងរបៀបវារៈនៃទីភ្នាក់ងារឯទៀតៗដែរ។ ជាឧទាហរណ៍ ក្រសួងកសិកម្មប្រហែលចាត់វិធានការបន្ថែមដើម្បីឧបត្ថម្ភផ្ចុងផ្តើមវិធីដែលពួកកសិករ ពួកម្ចាស់កសិដ្ឋាននិងពួកមេព្រៃអាចប្រើប្រព័ន្ធធម្មជាតិសម្រាប់រក្សាទុកសារធាតុកាបូន។
លោក Sasha Mackler ជានាយកគម្រោងការថាមពលនៅឯមជ្ឈមណ្ឌលគោលនយោបាយនៃគណបក្សទាំងពីរ (Bipartisan Policy Center)។ លោកបាននិយាយថា៖ «ការណ៍នេះអាចនាំឱ្យមានការយកចិត្តទុកដាក់ជាងមុនលើបញ្ហាធាតុអាកាស ហើយក៏នឹងជួយពង្រីកចំនួនក្រុមអ្នកមានផលប្រយោជន៍ដែលឃើញថាការជឿនលឿនខាងបញ្ហាអាកាសធាតុស្ថិតនៅក្នុងផលប្រយោជន៍ខាងយុទ្ធសាស្ត្ររបស់ពួកគេ»។
ក្រសួងមហាផ្ទៃស.រ.អ.បានបើកឲ្យមានការខួងយកប្រេងក្នុងផ្ទៃដីសហព័ន្ធ។ គេរំពឹងថាលោក Biden នឹងប្រែក្រឡះនិន្នាការនេះ មិនមែនគ្រាន់តែរឹតត្បិតលើការខួងយកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែបើកចំហដីធ្លីសហព័ន្ធសម្រាប់អភិវឌ្ឍថាមពលកកើតជាថ្មីបានផងដែរ។
លោក Joseph Majkut ជានាយកនៃគោលនយោបាយអាកាសធាតុនៅឯមជ្ឈមណ្ឌល Niskanen ដែលជាវិទ្យាស្ថានស្រាវជ្រាវខាងគោលនយោបាយមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានកត់សម្គាល់ថា៖ «កន្លែងដែលទីភ្នាក់ងារដែលជួលដីធ្លីសម្រាប់គម្រោងការទាំងនោះដាក់ថាមពលរបស់ពួកគេជាបញ្ហាសំខាន់»។
លោក Joseph Majkut កត់សម្គាល់ថាលោក Biden ក៏នឹងប្រហែលជានឹងជ្រើសរើសអ្នកយកចិត្តទុកដាក់ខ្លាំងអំពីអាកាសធាតុឱ្យកាន់តំណែងសំខាន់ៗនៅក្នុងស្ថាប័ននិយ័តករសំខាន់ៗដោយមានរួមបញ្ចូលគណៈកម្មការនិយតករសហព័ន្ធខាងថាមពលនិងគណៈកម្មការខាងបណ្ណភាគហ៊ុននិងការប្តូរប្រាក់ផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ