លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក William Barr ប្រឈមនឹងការរិះគន់ខ្លាំងៗ ពីសមាជិកគណបក្សប្រជាធិបតេយ្យអំពីសេចក្តីប្រកាសថា លោកប្រធានាធិបតី Donald Trump មិនបានរារាំងការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្សី។
ការស៊ើបអង្កេតនេះជាវិធានការមួយធ្វើឡើង បន្ទាប់ពីលោក Robert Mueller រដ្ឋអាជ្ញាពិសេសបានបញ្ចប់ការស៊ើបអង្កេតរបស់លោក កាលពីថ្ងៃសុក្រ ដោយមិនបានទាញយោបល់រួមមួយអំពីបញ្ហាស្មុគស្មាញនេះទេ។
លោក Barr បានប្រកាសសេចក្តីសម្រេចរបស់លោក កាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីសង្ខេបមួយមានបួនទំព័រនៃរបាយការណ៍របស់លោក Mueller ដែលបានសន្មតថា គ្មានភស្តុតាងដែលថា លោក Trump ឬក្រុមអ្នកឃោសនាបោះឆ្នោតឲ្យលោក បានឃុបឃិតជាមួយរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦ ទេ។
នៅក្នុងលិខិតផ្ញើទៅជូនសមាជិកសំខាន់ៗនៃសភាអាមេរិក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកាំងរូបនេះ បានសរសេរថា នៅពេលដែលលោករដ្ឋអាជ្ញាពិសេសមិនបានសម្រេចថា តើលោក Trump បានរារាំងយុត្តិធម៌ ឬបែបណានោះ លោក Barr និងលោក Rod Rosenstein ដែលជាជំនួយការរបស់លោកបានកំណត់ថា សកម្មភាពរបស់លោក Trump នៅពេលធ្វើការស៊ើបអង្កេតនេះ មិនមែនជាការរារាំងយុត្តិធម៌ទេ។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក និងលោក Chuck Schumer ប្រធានក្រុមភាគតិចនៅក្នុងព្រឹទ្ធសភាអាមេរិក បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍ថា៖
«ដោយផ្អែកលើប្រវត្តិសាធារណៈរបស់លោក Barr អំពីការលម្អៀងប្រឆាំងនឹងការស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស លោកមិនមែនជាអ្នកសង្កេតការអព្យាក្រិត្យទេ ហើយក៏មិនមានគោលជំហរក្នុងការកំណត់ ដោយមិនលម្អៀងអំពីសេចក្តីរាយការណ៍នេះដែរ»៕