ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​អះអាង​អំពី​ភាព​ស្អាតស្អំ​របស់​លោក Trump នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី


អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ West Wing ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ West Wing ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

សេតវិមាន​កាល​ពី​ថ្ងៃចន្ទ​ បាន​អះអាង​អំពី​ភាព​ស្អាតស្អំ​របស់​លោក​ប្រធានាធិបតី Donald Trump នៅក្នុង​ការស៊ើបអង្កេត​ដែល​មាន​រយៈពេល​ពីរឆ្នាំ ​ទៅលើ​ការចោទ​ប្រកាន់​នៃ​ការ​ជាប់​ពាក់ព័ន្ធ​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ កាល​ពី​ឆ្នាំ ២០១៦​ ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ ហើយ​និង​ការ​ចោទ​ប្រកាន់​អំពី​សកម្មភាព​របស់​លោក ​ក្នុង​នាម​ជា​ប្រធានាធិបតី​ ដែល​សេតវិមាន​បាន​ហៅ​របាយការណ៍​ស៊ើបអង្កេត​នេះ​ថា​ បាន​ចប់​សព្វគ្រប់​ និង​គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ទៅលើ​លោក​ប្រធានាធិបតី​ទេ។

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្រី Sarah Sanders បាន​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី Today Show របស់​ទូរទស្សន៍ NBC និង​ទូរទស្សន៍ CNN ដោយ​លោកស្រី​បាន​និយាយ​ថា​ ឥឡូវនេះ​ពលរដ្ឋ​អាមេរិកាំង​បាន​ដឹង​ជា​សាធារណៈ​ថា គ្មាន​ការ​ឃុបឃិត​ណា​មួយ​រវាង​រុស្ស៊ី និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ជួយ​ឲ្យ​លោកឈ្នះ​ឆ្នោត​កាល​ពី​បីឆ្នាំ​មុន​នោះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​រារាំង​ដល់​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ដោយ​រដ្ឋអាជ្ញា​ពិសេស​ លោក Robert Mueller នោះ​ដែរ។

លោកស្រី​បាន​ប្រកាស​អំពី​ជោគជ័យ​របស់​លោក Trump នៅ​មួយ​ថ្ងៃ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ​បាន​ផ្សព្វផ្សាយ​របាយការណ៍​សង្ខេប​នៃ​ការ​ស៊ើបអង្កេត​ដែល​មាន​ ៤​ ទំព័រ។

លោក Barr បាន​ថ្លែង​តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​សមាជិក​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ថា​ លោក Mueller បាន​សន្និដ្ឋាន​ថា​ លោក Trump និង​យុទ្ធនាការ​របស់​លោក​ គ្មាន​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទេ​ ហើយ​លោក​ក៏​បាន​និយាយ​ផងដែរ​ថា​ របាយការណ៍​មិន​បាន​សន្និដ្ឋាន​ថា​ លោក​ប្រធានាធិបតី​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទេ​ ហើយ​ក៏​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​លើ​រូប​លោក​ដែរ»៕

XS
SM
MD
LG