ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Obama និង​ភរិយា​គាំទ្រ​អ្នកស្រី Harris ជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ


រូបឯកសារ៖ អតីតប្រធានាធិបតី Barack Obama និយាយ​ជាមួយ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris នៅ​សេតវិមានកាលពីថ្ងៃទី​៥ មេសា​ ឆ្នាំ២០២២។
រូបឯកសារ៖ អតីតប្រធានាធិបតី Barack Obama និយាយ​ជាមួយ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris នៅ​សេតវិមានកាលពីថ្ងៃទី​៥ មេសា​ ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama និង​លោកស្រី Michelle Obama ដែល​ជា​ភរិយា​របស់​លោក បាន​ផ្តល់​ការគាំទ្រ​ដល់​អ្នកស្រី Kamala Harris ជា​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP។

ការ​គាំទ្រ​នេះ ដែល​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​អ្នកស្រី Harris ទទួល​ការ​ហៅ​ទូសព្ទ​រួម​គ្នា​ពី​លោក Obama និង​ភរិយា បាន​ធ្វើ​ឡើង​នៅពេល​ដែល​អ្នកស្រី Harris បន្ត​បង្កើន​សន្ទុះ​គាំទ្រ​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​និង​ផ្តល់​ការគាំទ្រ​ចំពោះ​អ្នកស្រី​ឱ្យ​តទល់​នឹង​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump។

លោក Obama បាន​ប្រាប់​អ្នកស្រី Harrisថា៖ «ពួកយើង​ហៅ​ទូរសព្ទ​ដើម្បី​និយាយ​ថា Michelle និង​ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ​អ្នកស្រី​ហើយ​នឹង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អ្នកស្រី​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ​និង​ក្លាយជា​ប្រធានាធិបតី»។

លោកស្រី Michelle Obamaបាន​និយាយ​ថា៖ «ខ្ញុំ​ចង់​និយាយ​ទៅកាន់​អ្នកស្រី Kamala [Harris] ថា ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នកស្រី»។

អ្នកស្រី Harrisដែល​បាន​ស្គាល់​លោក Obama និង​ភរិយា​តាំងពី​មុន​ពេល​ដែល​លោក Obama បាន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០០៨ បាន​ថ្លែង​អំណរគុណ​អ្នក​ទាំងពីរ​ចំពោះ​មិត្តភាព និង​បាន​និយាយ​ថា​អ្នកស្រី​ទន្ទឹង​រង់ចាំ​ដើម្បី «ឱ្យ​បាន​ទៅដល់​គោលដៅ​នោះ» ហើយ​នឹង​ធ្វើការ​ជាមួយ​អ្នក​ទាំង​ពីរ​នៅ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ​នេះ​មុន​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា។

យោង​តាម​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP អ្នកស្រី Harris បាន​ទទួល​បាន​ការគាំទ្រ​ពី​ប្រតិភូ​ភាគ​ច្រើន​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ ដែល​សន្និបាត​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា​ខាងមុខ​នៅ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois។

គណៈកម្មាធិការ​ជាតិ​បក្ស​ប្រជាធិបតេយ្យ​រំពឹង​នឹង​ធ្វើការ​ការបោះឆ្នោត​តែងតាំង​អ្នកស្រី Harris តាម​អនឡាញ​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា​ខាងមុខ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG