ពលរដ្ឋប្រហែលជា៧៤គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម និងដែលបាននិងកំពុងរស់នៅតំបន់មួយនៃខេត្តបន្ទាយមានជ័យ កំពុងមានការភ័យខ្លាច ខណៈដែលអាជ្ញាធរខេត្តនេះ បានចេញបញ្ជាឲ្យពួកគេចាកចេញពីផ្ទះសម្បែងរបស់ពួកគេឲ្យបានមុនថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អភិបាលខេត្តបន្ទាយជ័យ និងតាមការបញ្ជាក់របស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។
សេចក្តីជូនដំណឹងដែល VOA ទទួលបាន បានបញ្ជាក់ឲ្យដឹងថា លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឲ្យពលរដ្ឋ ដែលមន្ត្រីសិទ្ធិមនុស្សអះអាងថាជាអតីតទាហានខ្មែរក្រហម រុះរើសំណង់អនាធិបតេយ្យចេញពីដីកម្មសិទ្ធិរបស់ពលរដ្ឋផ្សេងទៀតចំនួន១៤គ្រួសារនៅចំណុចរទេះបាក់ និងដីរបស់ក្រុមហ៊ុនមួយឈ្មោះហៃ សួគ៌ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការស្នើនេះ ធ្វើឡើងជាលើកទីបី។
សេចក្តីជូនដំណឹងបានសរសេរក្នុងន័យដើមថា៖
«រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាញ់ការឃោសនារបស់ជនខិលខូចបំផុសបំផុលឲ្យទៅរំលោភកាន់កាប់ និងសាងសង់រោងខ្ទមយ៉ាងអនាធិបតេយ្យលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ១៤គ្រួសារ និងដីរបស់ក្រុមហ៊ុនហៃ សួគ៌ ដែលស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឲ្យ...ត្រូវបញ្ឈប់ជាបន្ទាន់ការចូលទៅកាន់កាប់បែបអនាធិបតេយ្យលើដីស្របច្បាប់របស់អ្នកដទៃ»។
អាជ្ញាធរក៏បានបញ្ជាឲ្យក្រុមគ្រួសារដែលជាអតីតទាហានខ្មែរក្រហម ត្រូវរុះរើ សំណ់ងរោងខ្ទមអនាធិបតេយ្យចេញពីទីតាំងដីរបស់ក្រុមហ៊ុនហៃ សួគ៌ និងដីរបស់បងប្អូនប្រជាពលរដ្ឋ១៤គ្រួសារ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨នេះជាកំហិត។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានសង្កត់ធ្ងន់ថា៖
«ក្នុងករណីជនណាធ្វើវិទ្ធង្សនាបង្កការរាំងស្ទះដល់ការអនុវត្តសេចក្តីជូននេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន»។
លោកអ៊ិន គង់ជិត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តពីរផ្សេងទៀតនៅភាគពាយព្យប្រទេស បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ទំនាស់បានកើតឡើង ក្រោយមានការលក់ដូរដីដែលពលរដ្ឋជាអតីតទាហានខ្មែរក្រហមដើមឡើយ មានគ្នាប្រមាណ២០០គ្រួសារ ស្នើឲ្យមេទាហានខ្មែរឈ្មោះម៉ៅ គិរី ជួលដីឲ្យក្រុមហ៊ុន ដោយសារពួកគាត់គ្មានលទ្ធភាពឈូសឆាយដីព្រៃ។
លោកថា លោកម៉ៅ គិរី បានចាប់ផ្តើមលក់ផ្នែកខ្លះនៃដីទំហំ៦០០ហិកតា ឲ្យទៅក្រុមហ៊ុន ដែលនៅឆ្នាំ២០០៩ បានចូលមកបម្រុងធ្វើការងារកសិកម្ម តែត្រូវអាក់ខានវិញ ដោយសារប្រជាជនដណ្តើមយកដីមកវិញ។ នៅលើផ្ទៃដីដែលត្រូវបានបែងចែកតាំងពីឆ្នាំ១៩៩៧ ឲ្យអតីតទាហានខ្មែរក្រហមទាំង៦០០ហិកតានេះ ក៏មានប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលនៅតំបន់នេះ បានទិញយកពីអតីតទាហានខ្មែរក្រហមផងដែរ។
លោកអ៊ិន គង់ជិត មានប្រសាសន៍ថា៖
«គាត់ឲ្យមេបញ្ជាការគាត់ឈ្មោះម៉ៅ គិរី ហ្នឹងជាអ្នកជួលដីឲ្យទៅក្រុមហ៊ុន ជួលដីឲ្យក្រុមហ៊ុនហ្នឹង ដោយសារពួកគាត់មិនមានមធ្យោបាយក្នុងការធ្វើ ដូចជាគ្រឿងចក្រអី ឈូសឆាយ ណាមួយវាគ្រាប់មីនទៀត។ អ៊ីចឹងដល់ពេលនេះ មេបញ្ជាការគាត់ហ្នឹងបានយកទៅលក់ឲ្យក្រុមហ៊ុនយក ទៅលក់ឲ្យអ្នកដទៃណា៎ លក់ឲ្យក្រុមហ៊ុន។ អ៊ីចឹងគាត់អត់បានដឹងទេ ដល់ពេលក្រោយមក បួនឆ្នាំក្រោយមក បានគាត់ដឹង ហើយនៅឆ្នាំ២០០៩ហ្នឹង ក្រុមហ៊ុនបានយកគ្រឿងចក្រទៅឈូសឆាយអ៊ីចឹង ប្រជាជនក៏បានចូលទៅនៅ តាំងទីលំនៅ នៅលើដីគាត់ហ្នឹងឯង»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះបានឲ្យដឹងបន្តថា កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាក៏បានទៅស្វែងយល់អំពីទំនាស់នេះដែរ។ ហើយនៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរខេត្តបានចាប់ផ្តើមបើកឲ្យមានការសម្របសម្រួលរវាងពលរដ្ឋ និងតំណាងក្រុមហ៊ុន។ ក្នុងការសម្របសម្រួលនាថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រជាពលរដ្ឋដែលជាយោធិនពិការ បានទាមទារដីឡូដ៍លំនៅដ្ឋានទំហំ៣០ម៉ែត្រ×៥០ម៉ែត្រ និងដីស្រែទំហំ២ហិកតាកន្លះក្នុង១គ្រួសារ។ ក្រុមហ៊ុនយល់ព្រមផ្តល់ជូន១ហិកតាកន្លះ។
ការសម្របសម្រួលជម្លោះនេះមានការចូលរួមពីលោកកែវ ដារារស្មី ដែលជានាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ិន គង់ជិត។ VOA ព្យាយាមសុំការអធិប្បាយពីលោកកែវ ដារារស្មី នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
តាមការបញ្ជាក់របស់លោកអ៊ិន គង់ជិត មានទាហានចំនួន៥នាក់បានប្រើហិង្សាលើគ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ឈ្មោះគួ ចាន់ អាយុ២៨ឆ្នាំ ដោយក្រុមទាហានបានវ៉ៃក្បាលគ្រូបង្រៀនម្នាក់នេះចំនួន៥ដៃ តែពុំមានរបួសបែកឈាមធ្ងន់ធ្ងរទេ ហើយក្រុមទាហានបានដកហូតទូរស័ព្ទរបស់លោកគ្រូម្នាក់នេះថែមទៀតផង។ ពួកគេបានហាមមិនឲ្យប្រជាពលរដ្ឋថតរូបឡើយ ដោយគំរាមដកទូរស័ព្ទ។
ហេតុការណ៍ហិង្សានេះកើតមានឡើង នៅពេលមានក្រុមកម្លាំងចម្រុះដែលជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថ មានគ្នាជិត៥០នាក់ បានចូលទៅក្នុងតំបន់មានទំនាស់នេះ៕