ប្រទេសបង់ក្លាដែសបានស្នើមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង ឲ្យដកកងកម្លាំងសន្តិសុខរបស់ខ្លួនចេញពីព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីទាហានមីយ៉ាន់ម៉ាបានដាក់ពង្រាយនៅជិតជំរំដែលជាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែសីហាឆ្នាំមុនមក។
ក្រសួងការបរទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រសួងបានកោះហៅបេសកជនរបស់មីយ៉ាន់ម៉ាប្រចាំនៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស ដើម្បីប្រាប់ពីក្តីបារម្ភរបស់ខ្លួនអំពីការកើនឡើងនៃវត្តមានរបស់ទាហានមីយ៉ាន់ម៉ានៅក្នុងតំបន់ព្រំដែនTombru ឆ្លងពីស្រុក Khagrachhariភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។
ក្រសួងបានប្រកាសថា ខ្លួនបានប្រាប់ទៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាអំពីការដាក់ពង្រាយកងទ័ពទាំងនេះនឹងបង្កឲ្យមានការយល់ច្រឡំនៅក្នុងប្រទេសបង់ក្លាដែស ក៏ដូចជាបង្កើនភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។
កងទ័ពត្រូវបានដាក់ពង្រាយនៅជិតតំបន់ស ដែលជាទីកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន៦០០០នាក់ ដែលបានភៀសខ្លួនចេញពីអំពើហិង្សាដោយកងសន្តិសុខមីយ៉ាន់ម៉ា ទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីចុងខែសីហាឆ្នាំមុន។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងកាន់សាសនាឥស្លាមប្រហែល៧សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីមានការបង្រ្កាបកាលពីខែសីហាឆ្នាំមុន ដែលអង្គការសហប្រជាជាតិហៅថាជាការបោសសម្អាតជាតិសាសន៍៕