រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Boris Johnson បានជួបជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi នៅក្នុងរដ្ឋធានីប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យនេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយចំពោះវិបត្តិ Rohingya ស្របពេលដែលមីយ៉ាន់ម៉ាកំពុងប្រឈមនឹងសម្ពាធជាច្រើនឲ្យដាក់ទោសចំពោះទាហានរបស់ខ្លួនដែលរងការចោទប្រកាន់ថាបានប្រព្រឹត្តិអំពើឃោរឃៅចំពោះជាតិសាសន៍ Rohingya។
លោក Boris Johnson បានជួបជាមួយនឹងលោកស្រី Aung San Suu Kyi នៅក្នុងរដ្ឋធានីណៃពិដោ ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ទ្វីបអាស៊ី។
ជំនួបនេះបានកើតឡើង បន្ទាប់ពីលោក Boris Johnson បានធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនមួយនៅក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដេស ដែលនៅទីនោះ ជនភៀសខ្លួន Rohingya ជិត ៧ សែននាក់កំពុងរស់នៅក្នុងស្ថានភាពកខ្វក់គ្មានអនាម័យ តាំងពីមានការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំមុនមក។
លោក Boris Johnson និងលោកស្រី Aung San Suu Kyi «បានពិភាក្សាគ្នានៅក្នុងកាយវិការបើកទូលាយ និងរាក់ទាក់អំពីការវិវត្តថ្មីៗនៅក្នុងរដ្ឋ Rakhine ដែលក្នុងនោះមានទាំងការរៀបចំដើម្បីទទួលយកជនភៀសខ្លួន Rohingya ដែលរត់គេចមកវិញផងដែរ»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ានៅលើទំព័រ Facebook របស់ខ្លួន។
ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសបានឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនជនភៀសខ្លួន Rohingya ពីប្រទេសបង់ក្លាដេសត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែ ការធ្វើមាតុភូមិនិវត្តន៍នេះនៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ៕