កាលពីថ្ងៃទី ២២ ខែមករា កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាមានគម្រោងទិញយន្តហោះចម្បាំង Su-30 ចំនួន ៦ គ្រឿងពីរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងមួយដែលប្រព័ន្ធព័ត៌មានមីយ៉ាន់ម៉ាបានរាយការណ៍ថា មានទឹកប្រាក់ប្រមាណ ២ រយលានដុល្លារអាមេរិក។
VOA មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីសុំយោបល់ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS នេះបានទេ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមករាកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោកឧត្ដមសេនីយ៍ឯក Alexander Fomin។
លោក Fomin បាននិយាយថា យន្តហោះចម្បាំងទាំងនេះនឹង «ក្លាយជាយន្តហោះចម្បាំងចម្បងរបស់កងកម្លាំងទ័ពអាកាសមីយ៉ាន់ម៉ា ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេស និងដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងភេរវកម្មណាមួយ»។
លោក Fomin បានបន្ថែមទៀតថា មន្ត្រីយោធាមីយ៉ាន់ម៉ាប្រហែល ៦ រយនាក់ កំពុងសិក្សានៅក្នុងស្ថាប័នអប់រំយោធាជាន់ខ្ពស់នានានៅក្នុងប្រទេសរុស្ស៊ី។
កាលពីថ្ងៃទី ២៥ ខែមករាកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Heather Nauert បានប្រាប់អ្នកសារព័ត៌មានថា វិធានការនេះគឺជាផ្នែកមួយនៃ «កិច្ចប្រឹងប្រែងជាបន្ត» របស់រុស្ស៊ីដើម្បីផ្គត់ផ្គង់អាវុធដល់យោធាដែលរំលោភសិទ្ធិមនុស្ស។
លោកស្រី Heather Nauert បាននិយាយយ៉ាងដូច្នេះថា៖ «ទោះបីជារដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ខ្លួនគាំទ្រការចរចាប្រកបដោយផ្លែផ្កាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ ក៏សេចក្ដីរាយការណ៍នានាអំពីគម្រោងលក់បច្ចេកវិទ្យាយោធាទំនើបទាំងនេះ ប្រសិនបើវាជាការពិតមែននោះ នោះគឺជាការបង្ហាញឲ្យឃើញអ្វីដែលផ្ទុយពីនេះ»។
វិបត្តិដែលលោកស្រី Heather Nauert និយាយសំដៅទៅលើនោះ គឺការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឲ្យជាតិសាសន៍ Rohingya កាន់សាសនាឥស្លាមជិត ៧ សែននាក់ រត់គេចឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។
ជនភៀសខ្លួន Rohingya ទាំងនោះភាគច្រើនបានធ្វើដំណើរចូលទៅដល់ប្រទេសបង់ក្លាដែសពោរពេញទៅដោយរឿងរ៉ាវឈឺចាប់នានាដែលកើតឡើងពីការចាប់រំលោភជាក្រុម ការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងក្រោមស្នាដៃរបស់យោធាមីយ៉ាន់ម៉ាដែលគេស្គាល់ថា Tatmadaw។ អាជ្ញាធរនៅក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ាបានបដិសេធស្ទើរតែទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។
ប៉ុន្តែ ទោះបីជាប្រតិបត្តិការរបស់យោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine ទទួលបានការគាំទ្រភាគច្រើនពីប្រជាពលរដ្ឋមីយ៉ាន់ម៉ាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនបានរិះគន់ទៅលើការចំណាយខ្ពស់ទៅលើការទិញយន្តហោះចម្បាំងទាំងនេះ។
លោក Thura Aung អ្នកសរសេរកម្មវិធីកុំព្យូទ័រមួយរូបនៅក្នុងទីក្រុងរ៉ង់ហ្គូន បានប្រាប់ VOA ថា៖ «ហេតុអ្វីបានជារដ្ឋាភិបាលមីយ៉ាន់ម៉ាចាំបាច់ត្រូវចំណាយច្រើនដូច្នេះ? ថវិកាទាំងនោះគួរតែចំណាយលើការសាងសង់សាលារៀនបន្ថែមទៀត ឬក៏ការធ្វើឲ្យវិស័យសុខាភិបាលបានប្រសើរជាងពេលឥឡូវនេះវិញល្អជាង»។
នៅពេលដែលប្រទេសមីយ៉ាន់ម៉ាស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ពួកយោធា រដ្ឋាភិបាលយោធាជាទូទៅផ្ដល់អាទិភាពការចំណាយលើវិស័យយោធា ជាជាងបញ្ហាផ្សេងៗដូចជាបញ្ហាសុខាភិបាល ឬក៏ការអប់រំជាដើម។
សម្រាប់ថវិកាសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០១៧ ទៅ ២០១៨ នេះ ដែលជាឆ្នាំហិរញ្ញវត្ថុដំបូងបង្អស់ក្រោមការដឹកនាំរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ប្រទេសមីយ៉ាន់ម៉ាបានត្រៀមថវិកាចំនួន ២ ពាន់ ១ រយលានដុល្លារអាមេរិកសម្រាប់ចំណាយទៅលើក្រសួងការពារជាតិ ដែលជាការចំណាយធំបំផុតទី ៣ របស់រដ្ឋាភិបាល បន្ទាប់ពីក្រសួងផែនការនិងហិរញ្ញវត្ថុ និងក្រសួងអគ្គិសនីនិងថាមពល។
ទោះបីជាការចំណាយលើវិស័យការពារជាតិបានធ្លាក់ចុះបន្តិចបន្តួចបើប្រៀបជាមួយនឹងឆ្នាំមុនក៏ដោយ ការចំណាយនេះនៅតែច្រើនជាងការចំណាយរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលនិងកីឡាបញ្ចូលគ្នាទៅទៀត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានប្រកាសអំពីការលក់យន្តហោះចម្បាំងឲ្យមីយ៉ាន់ម៉ាមក គេឃើញមានការតវ៉ាបានធ្វើឡើងនៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអំពាវនាវឲ្យមានការបង្កើនថវិកាចំណាយសម្រាប់វិស័យអប់រំរបស់ប្រទេស។ គេមិនច្បាស់ទេថាតើករណីទាំងពីរខាងលើនេះមានការពាក់ព័ន្ធជាមួយគ្នាឬក៏យ៉ាងណានោះ។
ក្នុងចំណោមអ្នកដែលបានចូលរួមតវ៉ាទាំងនោះ និស្សិតជិត ៤០ នាក់ ត្រូវបានបណ្ដេញចេញពីសាកលវិទ្យាល័យរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ប្រាប់ VOA ដោយលោក Sai Khaing Myo Tun ប្រធានសហព័ន្ធគ្រូបង្រៀនមីយ៉ាន់ម៉ា។
លោកបាននិយាយថា៖ «និស្សិតទាំងនោះត្រូវបានបណ្ដេញចេញពីសាកលវិទ្យាល័យភ្លាមៗក្រោយពីបាតុកម្មបានបញ្ចប់ទៅ។ យើងជឿថា នេះមិនមែនជាវិធីល្អនៅក្នុងការដោះស្រាយជាមួយនឹងស្ថានការណ៍នេះទេ... ដោយហេតុថា ករណីនេះអាចធ្វើឲ្យនិស្សិតខ្លបខ្លាចមិនហ៊ានធ្វើបាតុកម្មបន្តទៀត»។
លោកបានបន្ថែមថា ទោះបីជាលោកមិនឯកភាពជាមួយនឹងវិធីសាស្ត្រដោះស្រាយរបស់និស្សិតទាំងនោះក៏ដោយ ដែលនិស្សិតមួយចំនួនត្រូវបានគេរាយការណ៍មកថា បានព្យាយាមចូលទៅក្នុងថ្នាក់រៀននានានៃសាកលវិទ្យាល័យ ក៏លោកគាំទ្រចំពោះការអំពាវនាវរបស់និស្សិតទាំងនោះឲ្យរដ្ឋាភិបាលចំណាយបន្ថែមទៀតចំពោះវិស័យអប់រំផងដែរ។
លោកបាននិយាយថា៖ «ប្រាក់បៀវត្សរ៍សម្រាប់គ្រូបង្រៀននៅតែទាបដដែល។ យើងឃើញថា នៅមានលក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យអប់រំនៅទូទាំងប្រទេសមីយ៉ាន់ម៉ា»។
កាលពីខែតុលា ឆ្នាំមុន ប្រទេសមីយ៉ាន់ម៉ាបានផ្ដល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាកិច្ចព្រមព្រៀងមួយតម្រូវឲ្យប្រទេសជាសមាជិកធ្វើការដើម្បីផ្ដល់សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំដល់ពលរដ្ឋរបស់ខ្លួន។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី ៦ ខែមករាកន្លងទៅនេះ។
លោក Sean Bain អ្នកប្រឹក្សាផ្នែកច្បាប់នៃអង្គការគណៈកម្មការអន្តរជាតិនៃអ្នកជំនាញច្បាប់ (International Commission of Jurists) បានបញ្ជាក់ថា ការចុះហត្ថលេខារបស់ប្រទេសមីយ៉ាន់ម៉ាលើកតិកាសញ្ញាអន្តរជាតិនេះ មានន័យថា មីយ៉ាន់ម៉ាមានកាតព្វកិច្ចការពារសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបានសេវាថែទាំសុខភាព និងការអប់រំ។
លោក Sean Bain បានប្រាប់ VOA តាមអ៊ីម៉ែលយ៉ាងដូច្នេះថា៖ «ថវិកាណាដែលផ្ដល់អាទិភាពលើការចំណាយសម្រាប់វិស័យយោធា ដោយធ្វើឲ្យប៉ះពាល់ដល់វិស័យសុខាភិបាល និងវិស័យអប់រំ អាចជាការរំលោភលើការប្ដេជ្ញារបស់រដ្ឋាភិបាលចំពោះច្បាប់សិទ្ធិមនុស្សអន្តរជាតិថ្មីនេះ។ ថវិកាជាតិដែលនឹងអនុម័តនៅពេលក្រោយនឹងក្លាយជាថវិកាដំបូងបង្អស់ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវតែពិចារណាអំពីកាតព្វកិច្ចច្បាប់អន្តរជាតិថ្មីរបស់ខ្លួន ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបានការថែទាំសុខភាព និងការអប់រំ»។
VOA មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងមន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីសុំយោបល់ពាក់ព័ន្ធនឹងទំហំនៃការចំណាយរបស់រដ្ឋាភិបាល ឬក៏អាទិភាពនៃការចំណាយរបស់រដ្ឋាភិបាលបានទេ៕
ប្រែសម្រួលដោយ ភី សុភាដា