កាលពីថ្ងៃសុក្រមានការរាំងខ្ទប់មិនឱ្យមានមនុស្សចេញនិងចូលក្នុងក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ ដោយព្រួយបារម្ភខ្លាចមានចលាចលដូចកាលពីសប្តាហ៍មុនដោយពួកបាតុករ។
កាលពីសប្តាហ៍មុន ពួកបាតុករបានឆ្មក់ចូលលុកលុយក្នុងតំបន់អន្តរជាតិហៅកាត់ថា IZ ដែលមានការការពារមាំទាំ ហើយបានចូលលុកលុយក្នុងសភាដោយបង្ខំឱ្យពួកសមាជិកសភារត់គេចខ្លួចដើម្បីជីវិតពួកគេ។ រដ្ឋាភិបាលអ៊ីរ៉ាក់ បានកសាងរបាំងស៊ីម៉ង់ត៍នៅជុំវិញទីក្រុងនេះ។
ក៏ប៉ន្តែទោះជាយ៉ាងណាក៏ដោយក៏នៅពេលរសៀល មិនមានការធ្វើបាតុកម្មរបស់មហាជនដែលនាំមានការព្រួយបារម្ភនោះទេ។
ស្ពានធំៗនៅលើទន្លេ Tigris បានត្រូវរាំងខ្ទប់ដោយរបាំងស៊ីម៉ង់ត៍ជាច្រើនជាន់ ដោយបិទផ្លូវនានាពីទីលាន Tahrir ដែលជាកន្លែងគ្រោងធ្វើបាតុកម្មនៅក្នុងផ្នែកខាងកើតនៃទីក្រុងទៅកាន់តំបន់អន្តរជាតិនៅប៉ែកខាងលិចក្រុង។
សង្កាត់ Sadr City ដែលឋិតនៅក្នុងផ្នែកខាងកើតនៃក្រុងបាកដាដ និងជាកន្លែងរស់នៅរបស់ក្រុមអ្នកគាំទ្រប្រមាណ៥លាននាក់នៃបព្វជិត Shi'ite Muqtada al-Sadr ក៏មានការរាំងខ្ទប់ស្រដៀងគ្នានេះដែរ។
នៅខាងក្នុងតំបន់ IZ ដែលគេស្គាល់ថាជាតំបន់បៃតងដែរនោះ ស្ថានទូតបរទេសបានត្រូវបិទហើយក៏មានការបង្កើនកិច្ចការពារសន្តិសុខផងដែរ។
មានកិច្ចការពារសន្តិសុខខ្លាំងនៅតាមផ្លូវកាលពីរសៀលថ្ងៃសុក្រនៅពេលដែលប្រជារាស្ត្រទៅទិញអីវ៉ាន់សម្រាប់ដំណាច់សប្តាហ៍៕