លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជានៃរបបខ្មែរក្រហម ទទួលបានសហមេធាវីបរទេសថ្មីគឺអ្នកស្រី ដូរីន ឆិន ធ្វើជាតំណាង បន្ទាប់ពីមេធាវីបរទេសចាស់គឺលោកវ៉ិកទ័រ កូប៉េត្រូវបានបញ្ឈប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពគាំពារការការពារក្តី(អ.គ.ក.)នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ចេញនៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នេះ បញ្ជាក់ថា អង្គភាពគាំពារការការពារក្តីបានចាត់តាំងលោកស្រី ដូរីន ឆិន Doreen Chen ជនជាតិអូស្រ្តាលីឲ្យធ្វើជាសហមេធាវីបរទេសថ្មីតំណាងលោកនួន ជា ក្នុងសំណុំរឿង ០០២/០២។
សេចក្តីប្រកាសព័ត៌មានដដែលនោះបន្ថែមថា អ្នកស្រីដូរីន ឆិនគឺជាអ្នកប្រកបវិជ្ជាជីវៈផ្នែកច្បាប់ជាក់ស្តែងដ៏ទូលំទូលាយ ផ្តោតលើការធ្វើជាតំណាងឲ្យអ្នកការពារសិទ្ធិមនុស្សដែលរងការធ្វើទុក្ខបុកម្នេញ និងសហគមន៍ដែលងាយរងគ្រោះនៅទ្វីបអាស៊ី រួមទាំងផ្នែកយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបំពេញមុខងារជារដ្ឋអាជ្ញានាំមុខនៅតុលាការប្រជាជនអចិន្ត្រៃយ៍ស្តីពីប្រទេសភូមា។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ក្នុងន័យដើមថា៖
«លោកស្រីដូរីន ឆិននឹងបំពេញភារកិច្ចរួមគ្នាជាមួយសហមេធាវីជាតិលោកសុន អរុណដើម្បីធ្វើជាតំណាងលោកនួន ជា នៅចំពោះមុខអ.វ.ត.ក.។ ចំពោះការចាត់តាំងនេះ អ.គ.ក.បានពិចារណាអំពីការយល់ព្រមទទួលយកសោយលោកនួន ជា និងការលះបង់សិទ្ធិលើទំនាស់ផលប្រយោជន៍ដែលអាចយកមកអនុវត្តបាន»។
អតីតសហមេធាវីបរទេសដែលតំណាងឲ្យលោកនួន ជាតាំងពីសំណុំរឿង ០០២/០១ដល់០០២/០២គឺលោក វ៉ិកទ័រ កូប៉េ មានសញ្ជាតិហូឡង់។ យ៉ាងណាក្តីសេចក្តីប្រកាសព័ត៌មាននោះមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរសហមេធាវីបរទេសដែលតំណាងឲ្យលោកនួន ជា នោះទេ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម តែរហូតមកដល់ល្ងាចថ្ងៃពុធនេះ មិនមានការឆ្លើយតបនៅឡើយ។
បើតាមលិខិតមួយច្បាប់របស់លោក Isaac Endeley ប្រធានអង្គភាពគាំពារការការពារក្តី ផ្ញើរជូនលោក វ៉ិកទ័រ កូប៉េ ចេញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោកIsaac Endeley បានជូនដំណឹងពីការបញ្ចប់កិច្ចសន្យាលែងឲ្យលោកវ៉ិកទ័រផ្តល់សេវាផ្នែកច្បាប់ធ្វើជាតំណាងលោក នួន ជា នៅសាលាក្តីខ្មែរក្រហម ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨តទៅ។ លិខិតដែលបង្ហោះលើគេហទំព័ររបស់សាលាក្តីខ្មែរក្រហមដដែលនោះ លោក Isaac Endeley បានបញ្ជាក់ពីមូលហេតុថា ការបញ្ចប់កិច្ចសន្យានេះគឺធ្វើឡើងដោយសារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដកឈ្មោះលោកវ៉ិកទ័រចេញពីបញ្ជីមេធាវីបរទេសដែលប្រកបវិជ្ជាជីវៈនៅក្នុងតុលាការកម្ពុជា។
សេចក្តីសម្រេចរបស់គណៈមេធាវីកម្ពុជា ចេញកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨បញ្ជាក់ថា គណៈមេធាវីកម្ពុជាសម្រេចដាក់សហមេធាវីអន្តរជាតិលោកវ៉ិកទ័រ កូប៉េឲ្យនៅក្រៅបញ្ជីនៃសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៨តទៅ។ សេចក្តីសម្រេចនោះបានបញ្ជាក់ពីមូលហេតុថា លោកវ៉ិកទ័រមិនមានការទទួលស្គាល់ជាមេធាវីនៅប្រទេសដើមរបស់លោកចាប់តាំងពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ មានន័យថា លោកធ្វើខុសនឹងលក្ខន្តិកៈរបស់គណៈមេធាវីកម្ពុជា។
កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)បានកាត់ទោសអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជាគឺលោកនួន ជា និងលោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ឲ្យជាប់ពន្ធនាគារអស់មួយជីវិតជាលើកទី២ ក្នុងសំណុំរឿង០០២/០២ចំពោះអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម ពុទ្ធសាសនិកជនក្នុងរបបដ៏ខ្មៅងងឹតនោះ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក នួន ជា និងលោក ខៀវ សំផន ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយពាក់ព័ន្ធនឹងសំណុំរឿង០០២/០១ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងក្រោមជំនួយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦។ រហូតដល់ឆ្នាំ២០១៧ សាលាក្តីខ្មែរក្រហមបានចំណាយថវិកាអស់២៩៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានពីរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយអន្តរជាតិផ្សេងៗ ក្នុងនោះប្រទេសជប៉ុន ជាម្ចាស់ជំនួយធំជាងគេគឺស្មើនឹងប្រមាណជា២៩ភាគរយនៃថវិកាសរុប។
អំឡុងពេលដំណើរការចាប់តាំងពីឆ្នាំ២០០៦មកនោះ ក្រៅពីលោក នួន ជា និងលោក ខៀវ សំផន តុលាការនេះបានឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀតគឺ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០១ ចំណែកលោកអៀង សារី និងអ្នកស្រិអៀង ធីរិទ្ធ ស្លាប់ក្នុងពេលដំណើរការកាត់ទោសក្នុងឆ្នាំង២០១៥។
សាលាក្តីខ្មែរក្រហមដែលមានការចូលរួមសវនាការពីចៅក្រមអន្តរជាតិផងនោះ បានគ្រោងចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដំណើរការនេះហាក់មានភាពចម្រូងចម្រាសដោយសារមានការខ្វែងគំនិតគ្នារវាងចៅក្រមជាតិ និងចៅក្រមអន្តរជាតិ៕