ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងដែលជាប់ឃុំខ្លួន នៅព្រឹកថ្ងៃសុក្រនេះ បន្តតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយពួកគាត់ប្រឈមការអូសចេញដោយកម្លាំងសន្តិសុខ។
នេះ ជាសប្តាហ៍ទី៧នៃការតវ៉ា។ កន្លងទៅពួកគាត់ធ្លាប់សុំអន្តរាគមន៍ពីស្ថានទូតធំៗ ដូចជាស្ថានទូតសហភាពអឺរ៉ុប ស.រ.អា និងអង់គ្លេសជាដើម។
ក្នុងការតវ៉ារបស់ពួកគាត់នៅព្រឹកថ្ងៃសុក្រនេះ កម្លាំងសន្តិសុខអូសពួកគាត់ ដែលភាគច្រើនជាស្រ្តីនោះ ក្រោមហេតុផលថា ពួកគេមិនមានច្បាប់អនុញ្ញាត ហើយថា អាជ្ញាធររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅខាងមុខតុលាការ។ ស្រ្តីតវ៉ាទាំងនោះលើកឡើងថាពួកគាត់មកទីនេះទាមទារឲ្យដោះលែង«អ្នកទោសនយោបាយ»ចំនួន១៥នាក់។ ពួកគាត់យល់ថា ការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់ពួកគាត់ ជារឿងអយុត្តិធម៌។
ក្នុងការតវ៉ាកន្លងទៅ ពួកគាត់ដែលជាស្រ្តីត្រូវបានកម្លាំងសន្តិសុខអូសទាញ និងសែងចេញពីមុខតុលាការ ដែលនាំឲ្យពួកគាត់មួយចំនួនរងរបួសផងដែរ។
បើតាមញត្តិរបស់អ្នកតវ៉ា អ្នកទាំង១៥នាក់នោះ ត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២០។ ពួកគាត់លើកឡើងថា គ្រួសាររបស់ពួកគាត់ មិនបានប្រព្រឹត្តអ្វីដែលខុសច្បាប់ជាតិ និងអន្តរជាតិនោះទេ។
អ្នកទាំង១៥នាក់នោះ ត្រូវបានចាប់ខ្លួនតាមការចោទប្រកាន់«រួមគំនិតក្បត់ ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឲ្យយោធាមិនស្តាប់បង្គាប់»។ នេះបើតាមមេធាវីរបស់ពួកគាត់ គឺលោក សំ សុគង់៕