ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស៖ ​សេរីភាព​មូលដ្ឋាន​បន្ត​រឹត​ត្បិត​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ


ពលរដ្ឋ​ជួបជុំ​គ្នា​នៅ​ទីលាន​សេរីភាព ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។
ពលរដ្ឋ​ជួបជុំ​គ្នា​នៅ​ទីលាន​សេរីភាព ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញ​ថា​ ​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្ពុជា​បន្ត​រង​ការ​រឹត​ត្បិត ហើយ​ប្រជា​ពលរដ្ឋ​បាន​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​សម្រាប់​ឆ្នាំ​ទី​៤ ​ស្តីពី​ការ​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ពី​ខែ​មេសា ​ឆ្នាំ​២០១៩ ​ដល់​ខែ​មីនា ​ឆ្នាំ​២០២០។​ របាយ​ការណ៍​នេះ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សមាគម​អាដហុក ​ មជ្ឈមណ្ឌល​សាមគ្គី​ភាព ​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​យក​ប្រាក់​កម្រៃ​(អាយស៊ីអិនអិល)។​

របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដោយ​ការ​វិភាគ​លើ​អត្ថបទ​សារ​ព័ត៌មាន​សរុប​ប្រមាណ​១.២០០​ការ​រាយ​ការណ៍​ពី​ហេតុ​ការណ៍​ចំនួន​១២០​ ការ​ស្ទង់​មតិ​សាធារណៈ ​ដែល​មាន​ជិត​៧៨០​នាក់​បាន​ឆ្លើយ​តប​ និង​ការ​ស្ទង់​មតិ​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​ចំនួន​១៤២​នាក់។​

របាយ​ការណ៍​ជា​ភាសា​ខ្មែរ​ដែល​មាន​កម្រាស់​១២៧​ទំព័រ​លើក​ឡើង​ថា៖ ​«លំហ​ក្នុង​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​នៅ​តែ​បន្ត​រង​ការ​រឹត​ត្បិត»។ ​ របាយ​ការណ៍​បន្ថែម​ថា​ ការ​វិវឌ្ឍ​សំខាន់ៗ​រួម​មាន​ការ​បន្ត​បង្រ្កាប​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ​ ការ​បំបិទ​នូវ​ការ​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​នេះ​មាន​ការ​រឹត​ត្បិត​លើ​ខ្លួន​ឯង​ការ​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​តាម​ទំនើង​ចិត្ត ​ពោល​គឺ​បទ​បរិហារ​កេរ្តិ៍ ​ បទ​រួម​គំនិត​ក្បត់ ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បទ​ក្លែង​បន្លំ​ព័ត៌មាន។ ​ ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​នេះ​កើត​ឡើង​ចំពោះ​ក្រុម​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី។​ របាយ​ការណ៍​បន្ត​ថា ​ក៏​មាន​ការ​ថយ​ចុះ​ការ​យល់​ដឹង​របស់​សាធារណ​ជន​ចំពោះ​សេរីភាព​មូលដ្ឋាន​ផង​ដែរ។​

ក្នុង​ចំណោម​ហេតុ​ការណ៍​៦៥៦​ ក្នុង​នោះ​មាន​៤៤០ ​ដែល​ស្មើ​នឹង​២​ភាគ​៣​ត្រូវ​បាន​កត់ត្រា​ថា​ មាន​ការ​រឹត​ត្បិត​មួយ​ឬ​ច្រើន ​ឬ​ការ​រំលោភ​លើ​សេរីភាព​មូលដ្ឋាន។ ​របាយ​ការណ៍​បញ្ជាក់​ថា​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ​មាន​ការ​រឹត​ត្បិត​ក្នុង​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ ផែន​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី ​មក​ប្រទេស​វិញ​ និង​ការ​ចាប់​ផ្តើម​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ នៅ​ដើម​ឆ្នាំ​២០២០។ ​របាយការណ៍​ឲ្យ​ដឹង​ថា​ ជំងឺ​កូវីដ១៩​ ជា​ចំណែក​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​រឹត​ត្បិត​ចំពោះ​សេរីភាព​មូលដ្ឋាន។​

របាយ​ការណ៍​បន្ត​ថា៖​ «ការ​កើន​ឡើង​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៩​ ឆ្លុះ​បញ្ចាំង​ពី​ការ​កោះ​ហៅ​ជា​លក្ខណៈ​ប្រព័ន្ធ​ចំពោះ​អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ប៉ុន្តែ​ហាក់​មិន​មាន​ព្រឹត្តិ​ការណ៍​ច្បាស់​លាស់​ណា​មួយ​អាច​បញ្ជាក់​ពី​របត់​នេះ​នៅ​ឡើយ​ទេ»។​

របាយ​ការណ៍​បន្ថែម​ថា​ បុគ្គល​ម្នាក់ៗ​ត្រូវ​បាន​គេ​កំណត់​មុខ​សញ្ញា​ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​ជាក់​ស្តែង​ជាមួយ​គណបក្ស​ង្រ្គោះជាតិ។ ​ពួក​គេ​ត្រូវ​បាន​ប្រឈម​ការ​យាយី​តាម​ផ្លូវ​តុលាការ​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មាន​ករណី​ចោទ​ប្រកាន់​ចំនួន​១២០​ករណី​ ចាប់​ខ្លួន​ចំនួន​១០៣​នាក់ ​និង​ករណី​កោះ​ហៅ​ចំនួន​៩៧​ករណី។​

លោក​ហ៊ុន ស៊ាង​ហាក់ ​អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា ​ថ្លែង​ប្រាប់​VOA​ថា​ ការ​រឹត​ត្បិត​សេរីភាព​បន្ត​កើត​មាន​នៅ​ប្រទេស​កម្ពុជា ​ហើយ​ប្រជា​ពលរដ្ឋ​ក៏​បន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង​ផង​ដែរ។​ លោក​បន្ថែម​ថា ​ក្រុម​ប្រឆាំង​ដែល​បញ្ចេញ​មតិ​ក៏​ជា​គោល​ដៅ​របស់​រដ្ឋាភិបាល​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«មាន​ការ​បន្ត​ការ​បង្រ្កាប​ទៅ​លើ​អ្នក​ដែល​មាន​ទស្សនៈ​ ជា​ពិសេស​ផ្នែក​នយោបាយ​ហ្នឹង​ផ្ទុយ​នឹង​រដ្ឋាភិបាល ​ត្រូវ​បាន​គេ​បង្រ្កាប​ទៅ​លើ​ពួកគាត់។​ ហើយ​ទីពីរ​យើង​ពិនិត្យ​ឃើញ​ថា​មាន​ការ​បំបិទ​សេរីភាព​ការ​បញ្ចេញ​មតិ ហើយ​ដែល​ករណី​ទាំង​ហ្នឹង​ធ្វើ​ឲ្យ​បរិយាកាស​ដែល​អ្នក​ចង់​បញ្ចេញ​ ឬ​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ហ្នឹង​ត្រូវ​បាន​ធ្វើ​ការ​រឹត​ត្បិត​ខ្លួន​ឯង»។​

លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​ទេ​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ លោក​ធ្វើ​ការ​លើក​កម្ពស់​ទៅ​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហ្នឹង​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​ធានា​ថា​ ពលរដ្ឋ​អាច​ចូលរួម​អភិវឌ្ឍ​សង្គម​របស់​គាត់​បាន។ ​គេ​ហៅ​ថា​មាន​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស»។​

លោក ​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​អំពី​ការ​រឹត​ត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​មិន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​នៅ​កម្ពុជា​នោះ​ទេ។​ លោក​ទទួល​ស្គាល់​ថា​ មាន​ការ​រឹត​បន្តឹង​បន្តិច​នៅ​ពេល​មាន​ជំងឺ​កូវីដ១៩​នេះ ​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដែល​លោក​ថា​«ជា​ការ​បំភិត​បំភ័យ»​ ក៏​ដូច​ជា​«ការ​មូល​បង្កាច់​សភាព​ការណ៍ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​កម្ពុជា​ជ្រួល​ច្របល់»។​

លោក​មាន​ប្រសាសន៍​ថា៖ ​«សេរីភាព​វា​ហួស​ព្រំដែន​ហ្នឹង ​មិន​អាច​អនុញ្ញាត​ឲ្យ​បាន​ទេ​ ពី​ព្រោះ​វា​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ប្រជា​ពលរដ្ឋ​ទូទៅ»។​

លោក​បន្ថែម​ថា៖ ​«អា​រឿង​រឹត​ត្បិត​ខ្លួន​ឯង​ ខ្លួន​ឯង​រឹត​ត្បិត​ខ្លួន​ឯង​ទៅ​បន្ទោស​អ្នក​ណា?​ហើយ​បើ​ថា​ រឹត​ត្បិត​ខ្លួន​ឯង​កុំ​ឲ្យ​ខ្លាច ​អាហ្នឹង​យើង​ធ្វើ​កុំ​ឲ្យ​វា​ខុស​ទៅ! យើង​និយាយ​ឲ្យ​ត្រឹម​ត្រូវ ​កុំ​និយាយ​ប្រឌិត​ព័ត៌មាន កុំ​និយាយ​ក្លែង​ក្លាយ​ កុំ​និយាយ​កែ​ច្នៃ​ព័ត៌មាន។​ព័ត៌មាន​មាន​អី​យើង​និយាយ​ហ្នឹង​ វា​អត់​មាន​បញ្ហា​ទេ»។​

លោក ​សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ​បញ្ជាក់​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ហើយ​ ដូច្នេះ​លោក​ថា ​ការ​ធ្វើ​សកម្មភាព​ដើម្បី​បក្ស​ប្រឆាំង​ដែល​លោក​ថា​ ខុស​ច្បាប់​ គឺ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់៕

XS
SM
MD
LG