កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរមានសមត្ថកិច្ចក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បានចុះទៅឆែកឆេរផ្ទះជួលមួយ ដែលជាទីស្នាក់ការរបស់ចលនាមាតាធម្មជាតិ ដោយគ្មានដីការពីតុលាការ។ នេះបើតាមបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ និងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ។
ការចុះឆែកឆេនេះធ្វើឡើង ស្របពេលដែលប្រជាពលរដ្ឋក្នុងខេត្តកោះកុងមកពីសហគមន៍ឃុំព្រែកខ្សាច់ សហគមន៍ឃុំកោះស្រឡៅ ស្រុកកោះកុង សហគមន៍ឃុំជីខក្រោមស្រុកស្រែអំបិល សហគមន៍អារ៉ែងស្រុកថ្មបាំង និងសហគមន៍អណ្តូងទឹក ហើយនិងសហគមន៍កណ្តុរ ស្រុកបទុមសាគរ បន្តការតវ៉ានៅមុខតុលាការសាលាដំបូងខេត្តកោះកុង ទាមទារឲ្យដោះលែងសកម្មជនបរិស្ថានបីនាក់នៃបណ្តាញមាតាធម្មជាតិដែលតុលាការបានឃុំខ្លួនតាំងពីថ្ងៃច័ន្ទ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំនៅខេត្តកោះកុង ឲ្យដឹងថា លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរៈភូមិន្ទ និងលោក រៀល ច័ន្ទតារា ស្នងការប៉ូលិសក្រុងខេមរៈភូមិន្ទ បានដឹកនាំកម្លាំងមានសមត្ថកិច្ចចុះទៅឆែកឆេរទីស្នាក់ការនៃចលនាមាតាធម្មជាតិ ដោយយកលេសថា ជាការចុះធ្វើរដ្ឋបាល។
លោកអ៊ិន គង់ជិតនិយាយថា៖ «យុវជនដែលគាត់ស្នាក់នៅ ដែលគាត់កំពុងឈរនៅក្នុងផ្ទះហ្នឹង គាត់បានឲ្យដឹងថា នៅពេលហ្នឹង អាជ្ញាធរតម្រូវឲ្យអ្នកនៅក្នុងផ្ទះទាំងអស់ចេញ ចេញមកក្រៅ។ ហើយអាជ្ញាធរបានឲ្យម្ចាស់ផ្ទះយកសោរ។ ម្ចាស់ផ្ទះជួលហ្នឹងយកសោរទៅចាក់គ្រប់បន្ទប់ ហើយចាក់ឆែកគ្រប់បន្ទប់អញ្ចឹង ដើម្បីត្រួតមើលមនុស្ស មើលអី។
ប៉ុន្តែយើងឃើញថា ការធ្វើបែបនេះអត់មានដីការពីសាលាដំបូងខេត្តកោះកុងទេ ហើយអញ្ចឹងធ្វើឲ្យអ្នកដែលនៅទីនោះមានការភ័យខ្លាច ហើយអាជ្ញាធរក៏បានស្រង់ឈ្មោះអ្នកដែលកំពុងមានវត្តមាននៅក្នុងផ្ទះហ្នឹង គឺមានចំនួន២១នាក់ ហើយបានបង្ខំឲ្យពួកគេផ្តិតមេដៃ ប៉ុន្តែពួកគេមិនផ្តិតមេដៃ ហើយក្រោយមកអាជ្ញាធរក៏បានត្រឡប់ទៅវិញអស់»។
លោក សុត រដ្ឋា អាយុ២៣ឆ្នាំ សមាជិកនៃចលនាមាតាធម្មជាតិ និយាយថា អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចប្រមាណ២០នាក់នៅក្នុងសង្កាត់ដងទុង ស្រុកស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ បានចុះមកឆែកឆេរទីស្នាក់ការនៃចលនាមាតាធម្មជាតិកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានទាហានអមជាមួយផងដែរ។
«គាត់បានព្យាយាមមកស៊ើបសួរពួកយើងទាក់ទងរឿងការជួលផ្ទះរបស់មាតាធម្មជាតិអីអញ្ចឹង នរណាអ្នកជួល នរណាអ្នកចុះហត្ថលេខាអីអញ្ចឹងផ្សេងៗ ហើយគាត់បានបង្ខំឲ្យយើងចុះវត្តមាន ទាំងអស់ ទាំងអ្នកដែលមកពីសហគមន៍ ទាំងពួកខ្ញុំទាំងអី ទាំងអស់ហ្នឹង។ គាត់បានមកស្រង់យកវត្តមាន ហើយគាត់បាននាំគ្នាឃាត់ពួកយើងអត់ឲ្យចេញទៅណា ដូចជាជិតមួយម៉ោងដែរ»។
ការចុះឆែកឆេរនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសកម្មជនបរិស្ថានបីនាក់ត្រូវបានតុលាការសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។ សកម្មជនទាំងបីនាក់នោះរួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។
លោក គឹម រី អាយុ២៣ឆ្នាំ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ បានហៅការចុះឆែកឆេរនេះថា ជាការគំរាមកំហែង និងបំភិតបំភ័យធ្វើឲ្យចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋដែលមកពីសហគមន៍នានា ឈប់ធ្វើការតវ៉ាទាមទារឲ្យដោះលែងសកម្មជនបីរូបដែលកំពុងជាប់ឃុំ។
«យើងឃើញថា ការយកប៉ូលិសប៉េអឹមមកគគ្រឹកគគ្រេង នៅក្នុងស្នាក់ការរបស់យើងគឺហាក់ដូចជាការគំរាមកំហែងមួយមកលើពួកយើង ហើយធ្វើឲ្យភ័យខ្លាច ហើយធ្វើឲ្យសហគមន៍ហ្នឹងគាត់ភ័យខ្លាច គាត់បាក់ទឹកចិត្ត គាត់លែងហ៊ានធ្វើការតវ៉ាទាមទារអីមួយ»។
លោកបានបញ្ជក់ផងដែរថា អាជ្ញាធរភូមិឃុំក្នុងសង្កាត់ដងទុងបានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទីស្នាក់ការចលនាមាតាធម្មជាតិ ផ្តល់ស្នាមមេដៃដើម្បីជាការគាំទ្រក្នុងការបណ្តេញចលនាមាតាធម្មជាតិ។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅទីនោះពុំបានធ្វើតាមទេ។
លោកប៉ែន ប៊ុនឈួយ អភិបាលរងក្រុមខេមរៈភូមិន្ទ បានបដិសេធមិនធ្វើអធិប្បាយទេ ដោយលោកនិយាយថា លោកជាប់ប្រជុំ។ វីអូអេពុំអាចទាកទងលោករៀល ច័ន្ទតារា ស្នងការប៉ូលិសក្រុងខេមរៈភូមិន្ទបានទេ ដោយសារទូរស័ព្ទរបស់លោកមិនដំណើរការ។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់កើតមានឡើងបន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដា ដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយ នៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។
សកម្មជនសិទ្ធិមនុស្សមើលឃើញថា ចលនាមាតាធម្មជាតិបានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ចលនាមាតាធម្មជាតិក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ៕