តុលាការសាលាដំបូងខេត្តកោះកុង នៅថ្ងៃពុធនេះ បានបើកការសាកសួរសកម្មជនបរិស្ថានបីរូបនៃចលនាមាតាធម្មជាតិ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនតាំងពីថ្ងៃច័ន្ទ ក្រោមការចោទប្រកាន់ពីបទគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទិ្ធមនុស្សនៃអង្គការលីកាដូ និងមន្ត្រីប៉ូលិសខេត្តកោះកុង។
ការសាកសួរនេះមិនបានធ្វើឡើងនៅក្នុងតុលាការសាលាដំបូងខេត្តកោះកុងនោះទេ ដោយចៅក្រមស៊ើបសួរបានធ្វើដំណើរទៅកាន់ពន្ធនាគារដែលស្ថិតនៅចម្ងាយប្រមាណ៧គីឡូម៉ែត្រពីតុលាការសាលាដំបូងខេត្តកោះកុង ដើម្បីសួរនាំយកចម្លើយពីសកម្មជនទាំងបីនាក់នោះ។
លោកអ៊ិន គង់ជិត មន្រ្តីសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំនៅខេត្តកោះកុង មានប្រសាសន៍ប្រាប់វីអូអេថា លោកស្រីឈុន ដាវី ចៅក្រមស៊ើបសួរនៃតុលាការសាលាដំបូងខេត្តកោះកុង បានធ្វើដំណើរទៅកាន់ពន្ធនាគារខេត្តកោះកុង ដែលប្រហែលជាបារម្ភអំពីការរំខានដោយសារការស្រែកតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ៨៥នាក់មកពីសហគមន៍ចំនួន៥នៅក្នុងស្រុកចំនួន៤នៃខេត្តកោះកុង ដែលបានធ្វើដំណើរមកតវ៉ាសុំឲ្យដោះលែងសកម្មជនទាំងបីនាក់នេះ។
«យើងមិនដឹងថា វិធីសាស្ត្រចៅក្រមលោកបែបម៉េចទេ ប៉ុន្តែយើងឃើញថា តាំងពីព្រឹកថ្ងៃពុធនេះ គឺមានកម្លាំងសមត្ថកិច្ចជាច្រើនបានដាក់ពង្រាយនៅជុំវិញតុលាការសាលាដំបូងខេត្តកោះកុង ដោយមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹង»។
នៅមុនការសាកសួររបស់តុលាការសាលាដំបូងខេត្តកោះកុងនៅថ្ងៃពុធនេះ អ្នកនាំពាក្យនៃសាលាខេត្តកោះកុងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ដោយបានថ្លែងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមយុវជនមួយក្រុមមានគ្នាចំនួនជាង១០នាក់ ដែលបានអះអាងថា ខ្លួនជាសកម្មជនចលនាមាតាធម្មជាតិ បានធ្វើសកម្មភាពតវ៉ា និងបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលរួមតវ៉ាប្រឆាំងការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន Direct Access Co, Ltd ដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលក្នុងការទទួលបានសិទ្ធិធ្វើអាជីវកម្មបូមខ្សាច់ក្នុងភូមិសាស្ត្រខាងលើ។
សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ការតវ៉ារបស់ក្រុមយុវជនមួយចំនួនតូចនេះ ចេះតែពង្រីកសកម្មភាពបន្តិចម្តងៗ តាមបែបអនាធិបតេយ្យ ហើយទង្វើដែលបង្កឡើងដោយក្រុមយុវជនមួយក្រុមតូចនេះកាន់តែមានកំដៅឡើងៗ ងាយនឹងឈានទៅបង្កឲ្យមានអំពើហិង្សា ទើបក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ និងអាជ្ញាធរឃុំអណ្តូងទឹកបានដាក់ពាក្យបណ្តឹងជូនមកអធិការដ្ឋាននគរបាលស្រុកបទុមសាគរដើម្បីស្នើសុំឲ្យធ្វើអន្តរាគមន៍ និងមានវិធានការ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីម្សិលមិញ សមាជិកម្នាក់របស់ចលនាមាតាធម្មជាតិគឺលោកម៉េង ហេងបានការពារភាពស្អាតស្អំរបស់ក្រុមការងាររបស់លោកនៅក្នុងការទប់ស្កាត់ការបូមខ្សាច់របស់ក្រុមហ៊ុន Direct Access ដែលកំពុងធ្វើឲ្យខូចខាតដល់ធនធានក្នុងដែនសមុទ្រក្នុងស្រុកបទុមសាគរ។ វីអូអេពុំអាចទាក់ទងលោកម៉េង ហេងបានទេ នៅថ្ងៃពុធនេះ ដោយលោកពុំមានទូរស័ព្ទនៅក្នុងដៃ ពីព្រោះអាជ្ញាធរបានរឹបអូសទូរស័ព្ទដៃរបស់លោកកាលពីថ្ងៃច័ន្ទ នៅគ្រាដែលលោកធ្វើយុទ្ធនាការជាមួយនឹងសកម្មជនទាំងបីដែលកំពុងជាប់ឃុំនេះ ដើម្បីទប់ស្កាត់ការបូមខ្សាច់។
រីឯលោកអ៊ិន គង់ជិត មន្ត្រីសិទ្ធិរបស់អង្គការលីកាដូ ដែលបានតាមដានសកម្មភាពរបស់ចលនាមាតាធម្មជាតិយ៉ាងដិតដល់នោះ បានបញ្ជាក់បន្ថែមថា រាល់ការតវ៉ារបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិគឺត្រូវបានធ្វើឡើងដោយអហិង្សា ហើយថា ការណ៍ដែលអាជ្ញាធរសម្រេចចាប់ខ្លួនសកម្មជនទាំងបីនាក់នេះ គឺមានចេតនាការពារប្រយោជន៍ក្រុមហ៊ុន ច្រើនជាងប្រយោជន៍បរិស្ថាន។
«ការណ៍ដែលគាត់ទៅហ្នឹង ធ្វើដោយសន្តិវិធី និងអហិង្សាទេ។ ប៉ុន្តែយើងដឹងហើយថា ការណ៍ដែលទៅរារាំងមិនឲ្យក្រុមហ៊ុនបូមខ្សាច់បន្ត វាជាការខាតបង់ ខាតផលប្រយោជន៍នៃក្រុមហ៊ុន ដូច្នេះធ្វើឲ្យក្រុមហ៊ុនមិនសប្បាយចិត្ត ហើយក្រុមហ៊ុនគាត់មានអាជ្ញាធរជាអ្នកការពារ អញ្ចឹងធ្វើឲ្យមានការទម្លាក់កំហុសទៅលើអ្នកទាំងបីហ្នឹងថា ជាអ្នកបង្កអី អញ្ចឹងទៅណ៎ា»។
លោក អ៊ិន គង់ជិតឲ្យដឹងទៀតថា អាជ្ញាធរខេត្តបានដាក់កម្លាំងមានសមត្ថកិច្ចឲ្យរារាំងប្រជាពលរដ្ឋដែលមកពីសហគមន៍ចំនួន៥ មិនឲ្យធ្វើដំណើរមកកាន់ពន្ធនាគារខេត្ត និងតុលាការសាលាដំបូងខេត្តកោះកុងទេ។
លោកសំ ឃិតវៀន ស្នងការខេត្តកោះកុង បានច្រានចោលការចោទប្រកាន់នេះ ដោយលោកមានប្រសាសន៍ថា៖
«អូ! គ្មានបទបញ្ជាណាចេញ ដែលខ្ញុំឲ្យធ្វើការរារាំងទេ។ អត់មានទេ»។
លោកស្នងការបានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងមានសមត្ថកិច្ចគឺធ្វើឡើងដើម្បីសម្រួលការកកស្ទះចរាចរ និងការពារសុវត្ថិភាពដល់ក្រុមអ្នកតវ៉ា។
បើទោះជាមានការពង្រាយកម្លាំងសន្តិសុខបែបនេះក្តី ការប៉ះទង្គិចគ្នាពុំបានកើតឡើងទេ នៅពេលដែលក្រុមអ្នកតវ៉ាបានទៅទាមទារ នៅមុខពន្ធនាគារខេត្ត និងតុលាការសាលាដំបូងខេត្តកោះកុង ឲ្យមានការដោះលែងសកម្មជនទាំងបីនាក់នោះ។
វីអូអេពុំអាចទំនាក់ទំនងអ្នកស្រីឈុន ដាវី ចៅក្រមស៊ើបសួរតុលាការសាលាដំបូងខេត្តកោះកុងបានទេ ដោយទូរស័ព្ទរោទិ៍ តែគ្មានអ្នកទទួល។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់កើតមានឡើងបន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដាដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរគឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយនៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ស្ថិតនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង៕