ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខ្មែរ​ហាម​ឃាត់​អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី ​មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ


កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិ អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។
កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិ អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

កង​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ បាន​​បិទ​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​​ដើម្បី​​រារាំង​ក្រុម​សហជីព​និង​អង្គ​ការ​សង្គម​ស៊ីវិល ដែលបាន​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ជាង​៥០០​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​មិន​ឲ្យ​ដើរចេញ​ហែក្បួន​នោះ​ឡើយ។

នៅ​ថ្ងៃ​សុក្រ​នេះ​ អាជ្ញាធរ​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​រាប់​សិប​នាក់​ បាន​ធ្វើការ​ហាម​ប្រាម ក្រុម​សហជីព​ អ្នក​ធ្វើ​ការ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​មិន​ឲ្យ​ធ្វើ​ក្បួន​ដង្ហែ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទៅ​កាន់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ជាទី​ដែល​ពួក​គេ​គ្រោង​ប្រគល់​ញត្តិ​ស្ដីពី​ ​«តម្រូវ​ការ​អាទិភាព​របស់​ស្ត្រី»​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​៥០០នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ធ្វើ​ការ​ក្នុង​វិស័យ​សង្គម​ស៊ីវិល​ និង​អ្នក​លក់ដូរ​ ដែល​មាន​ជួត​ក្បាល​ដោយ​កំណាត់​និង​បាំងឆត្រ​ពណ៌លឿង​ផង​នោះ​ ​បាន​មកជួបជុំគ្នា​ នៅក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​រួម​គ្នា​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨​ ក្រោម​ប្រធាន​បទ​ «រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូប​ភាព​មក​លើ​ស្ត្រី»។​

អ្នក​ចូល​រួម​មួយ​ចំនួន​ធំ​មាន​កាន់​ផ្កា​ឈូក​ស​ ​ដែល​ជា​តំណាង​ឱ្យ​សន្តិភាព​ ​និង​ស្លាក​បដា​នានា​ស្ដីពី​ការ​ទាមទារ​សិទ្ធិ​សម្រាប់​ស្ត្រី​ខ្មែរ។ ​ពួក​គេ​មាន​គម្រោងដើរ​ហែ​ក្បួន​ទៅ​កាន់​ការិយាល័យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ និង​ដាក់​ញត្តិ​ស្ដីពី​«តម្រូវ​ការ​អាទិភាព​របស់​ស្ត្រី»​ ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ។

​ក៏​ប៉ុន្តែ អាជ្ញាធរ​ និង​កងកម្លាំង​សន្តិសុខ​រាជធានី​ បាន​ខ្ទប់​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​រារាំង​មិន​ឲ្យ​ពួក​គេ​ចេញ​ដើរ​ហែ​ក្បួន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ដើម្បី​ដាក់​ញត្តិ​នេះ​ឡើយ​ ដោយ​សំអាង​ថា​វា​អាច​ធ្វើ​ឱ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ។​

​កញ្ញា​ ប៊ុន រចនា​ នាយិកា​អង្គការ​ក្លាហាន​ ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ ​ក្រោយ​មាន​ការ​ហាម​ប្រាម​យ៉ាង​ដូច្នេះ៖​

​«បងៗ​អាជ្ញាធរ​គាត់​អាច​មាន​ការ​បារម្ភ​ថា​ យើង​ធ្វើ​រឿង​អី​ផ្សេងៗ ​ប៉ុន្តែ​សម្រាប់​យើង​ជំហរ​របស់​យើង​ គឺ​ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ដើម្បី​រំលឹក​ដល់​គុណ​បំណាច់​បងៗ​ស្ត្រី​ជំនាន់​មុន​ដែល​គាត់​ខិតខំ​ខ្នះខ្នែង​ធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​នៅ​ក្នុង​សង្គម​របស់​យើង»។

ក្រុម​សហជីព​កម្មករ​លើក​ស្លាក​មុន​នឹង​ការ​ហែក្បួន​ដាក់​ញត្តិស្តី​ពី «តម្រូវ​ការ​អាទិភាព​របស់​ស្រ្តី» អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
ក្រុម​សហជីព​កម្មករ​លើក​ស្លាក​មុន​នឹង​ការ​ហែក្បួន​ដាក់​ញត្តិស្តី​ពី «តម្រូវ​ការ​អាទិភាព​របស់​ស្រ្តី» អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

​អ្នក​ចូលរួម​ហែ​ក្បួន​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ អ៊ូ ទេពផល្លីន ​នាយិកា​ប្រតិបត្តិ​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវាកម្មកម្ពុជា​ ក៏បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្តចំពោះ​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​នេះ។

អ្នក​ស្រី​បាន​និយាយ​ប្រាប់​ VOA​ ថា៖

«យើង​ឃើញ​ថា​ព្យាយាម​មិន​ឲ្យ​យើង​កៀរគរ ​ឬ​ក៏​ផ្ដល់​សារ​ទាំងអស់​ហ្នឹង​ទៅ​សាធារណ​ជន​ឲ្យ​ចូល​រួម​ជា​ចំហ​ ដូច​អាជ្ញាធរ​គាត់​បាន​លើក​ឡើង​អ៊ីចឹង​ថា​ការ​ចូលរួម​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ហ្នឹង​មិនមែន​តែ​ពួក​យើង​ប៉ុណ្ណឹង​ទេ គឺ​ត្រូវ​មាន​សាធារណ​ជន​ចូល​ជាមួយ​ដែរ»។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ ដែល​ឃ្លាំ​មើល​ការ​ប្រារព្ធ​ពិធី​នេះ​ ឱ្យ​ដឹង​ថា​មាន​ពល​រដ្ឋ​ខ្មែរ​ ​យ៉ាង​ហោច​ណាស់​ ១.០០០​នាក់​ ​ក្នុង​រាជធានី​ និង​៥​ខេត្ត​ផ្សេងទៀត​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិនៅ​ព្រឹក​ថ្ងៃ​៨មីនា។​ ក៏ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​បី​កន្លែងរួមមានរាជធានី​ភ្នំពេញ​ ​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​កំពង់ស្ពឺ ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញាធរ​ ​មិន​ឲ្យ​ធ្វើការ​ប្រារព្ធ​ ឬ​ដើរ​ហែ​ក្បួន។

​លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ ​ដែល​ឃ្លាំ​ហេតុ​ការណ៍​នេះ​និយាយ​ថា​ នេះ​គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​មនុស្ស​ ដែល​ប្រឆាំង​នឹង​ការ​អនុវត្តន៍​សិទ្ធិ​បញ្ចេញ​មតិ​របស់ប្រជា​ពលរដ្ឋ​ ដែល​ការណ៍​នេះ​វា​ខុស​ពី​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​អំពី​សិទ្ធិ​ប្រជា​ពលរដ្ឋ។​

លោក​បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា៖​

​«ហើយ​បរិយាកាស​ព្រឹកមិញ​នេះ​ គឺ​វា​ធ្វើឲ្យ​គេ​មើល​ឃើញ​ថា​ជា​ភាព​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួប​ជុំ​និង​ការ​ប្រមូល​ផ្តុំ និង​ការ​ហែ​ក្បួន​ដោយ​សន្តិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៅ​ក្នុង​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ សិទ្ធ​នយោបាយ​នោះ​ផង​ដែរ»។

​លោក​ មាន ចាន់យ៉ាដា ​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ដែល​ដឹកនាំ​កម្លាំង​សន្តិសុខ​មក​រារាំង​ការ​ដើរក្បួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​បង្វែរ​សំណួរ​ទៅ​ឱ្យ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិ អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។
កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិ អំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

លោក​ ​ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​មិន​អាច​ទាក់ទង​សុំ​ក្តី​អធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

​ក្រោយ​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​ហែ​ក្បួន​ និង​ការ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ ​រវាង​អ្នក​ចូល​រួម​និង​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​រាជធានី​ ​នៅ​ចុង​បញ្ចប់អាជ្ញាធរ​បាន​យល់​ព្រម​ទទួល​ញត្តិ​របស់​ក្រុម​អ្នក​ចូល​រួម​ ដើម្បី​ដាក់​ជូន​ទៅ​ការិយាល័យ​គណៈរដ្ឋ​មន្ត្រី​និង​ក្រសួង​ពាក់ព័ន្ធ​ នៅ​នឹង​កន្លែង​ ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​ កើត ឆែ​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ ដែល​ជា​អ្នក​តំណាង​មក​ទទួល​ញត្តិ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​បាន​សន្យា​ថា​លោក​នឹងទទួល​យក​ញត្តិ​នេះ​ដាក់​ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ​ ​ហើយ​លោក​នឹង​ធ្វើការ​ឆ្លើយ​តប​មក​វិញ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ។

«​អ៊ីចឹង​អ្វី​ដែល​នៅ​ក្នុង​ញត្តិ​នេះ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ណា ​យើង​ខ្ញុំ​នឹង​បញ្ជូន​ទៅ​ស្ថាប័ន​ទាំងអស់​ដើម្បី​សិក្សា​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​នោះ»។

ញត្តិស្ដីពី​ «តម្រូវ​ការ​អាទិភាព​របស់​ស្ត្រី»​ ដែល​ក្រុម​សហជីព​និង​សង្គម​ស៊ី​វិល​បាន​ដាក់​ជូន​រដ្ឋាភិបាល​នោះ​ មាន​ប្រាំពីរ​ចំណុច​ ដូចជា​សំណូម​ពរ​ឲ្យ​មាន​មតេ្តយ្យ​សហគមន៍​ និង​ទារកដ្ឋាន​នៅ​តាម​កន្លែង​ការងារ​ សំណូមពរ​ឲ្យបង្កើត​ជម្រក​សុវត្ថិភាព​នៅ​ពេល​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បញ្ឈប់ការ​បៀតបៀន​និង​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រីនៅ​តាម​សេវា​កម្សាន្ត បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សាលើ​ស្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សំណូម​ពរ​ឲ្យ​មាន​កំណែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​មាន​សុវត្ថិភាព សម្រាប់​ស្ត្រី​កម្មករ​រោងចក្រ កែលំអ​លក្ខខណ្ឌ​ការងារ​និង​ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​សម្រាប់​ស្ត្រី​ធ្វើ​ការងារ​តាម​ផ្ទះ និង​ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពី​ការ​កេង​ប្រវ័ញ្ច​ការងារ ​ការ​ជួញ​ដូរ​មនុស្ស​និង​ទាស​ភាព​សម័យ​ទំនើប​សម្រាប់​ស្រ្តី​ពលករ​ចំណាកស្រុក។

កញ្ញា​ ប៊ុន រចនា​ នាយិកា​អង្គការ​ក្លាហាន​ បាន​បង្ហាញ​ភាព​ជឿជាក់​និង​សុទិដ្ឋិនិយម​ចំពោះ​ការ​ដាក់​ញត្តិ​ស្នើ​នេះ។

អ្នក​ការពារ​សិទ្ធិ​ស្ត្រី​ដដែល​បាន​និយាយ​ប្រាប់ ​VOA​ ថា៖​

«សង្ឃឹម​មួយ​រយ​ភាគ​រយ​ចា៎!​ បើ​អត់​សង្ឃឹម​ក៏​មិន​មក​ទី​នេះ​ទេ​ ហើយ​បើ​សិន​ជា​មិន​សង្ឃឹម​ក៏​មិន​ខំ​ខ្នះ​ខ្នែង​ដើម្បី​មក​ឈរ​នៅ​ទី​នេះ ​មក​ក្ដៅ​នៅ​ទី​នេះ​ ហើយ​មាន​ការ​មិន​យល់​គ្នា​ច្រើន​ដែរ»។

ក្រុម​អ្នកចូលរួម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ រួម​មាន​ក្រុម​សហជីព​និង​អង្គការសង្គម​ស៊ីវិល​ដែល​បាន​សហការ​គ្នា​ធ្វើ​ការ​ដង្ហែ​ក្បួន​នេះ​មាន​ដូចជា​ សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF) សហព័ន្ធ​សហជីព​កម្ពុជា​ សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បណ្ដាញ​យុវជន​កម្ពុជា​ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ អង្គការ​អភិវឌ្ឍ​ធនធាន​យុវជន​ អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​និង​សិទ្ធិមនុស្ស​ អង្គការ​សមធម៌​កម្ពុជា ​សមាគម​ធាងត្នោត ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ អង្គការ​ក្លាហាន​ និង​អង្គការ​អាក់សិនអេត​កម្ពុជា។

​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ត្រូវ​បាន​បញ្ចប់​ ពេល​ក្រុម​អ្នក​ចូល​រួមបំបែក​គ្នា​ទៅ​កាន់​កន្លែង​រៀងៗ​ខ្លួន​ ក្រោយ​ការ​ទទួល​ញត្តិ​របស់​អ្នក​តំណាង​អាជ្ញាធរ​ខ្មែរ៕

XS
SM
MD
LG