អ្នកស្រី ប្រាក់ សុដា និងស្វាមីគឺលោក សួន សាខេន រំពឹងថា ការប្រសូតិកូនទី២របស់ពួកគេនឹងមានសុវត្ថិភាព។ ប៉ុន្តែជាអកុសល អ្នកស្រី សុដា ជាកម្មការិនីកាត់ដេរ ដែលមានអាយុ២៧ឆ្នាំ បានស្លាប់ ក្រោយសម្រាលកូនប្រុស ដោយពេទ្យបានអះអាងថា ដោយសារធ្លាក់ឈាមច្រើន។
ករណីម្តាយស្លាប់ពេលប្រសូតិកូននេះនាំឲ្យមានការចែករំលែកតាមប្រព័ន្ធសង្គមហ្វេសប៊ុកនៅកម្ពុជា ហើយនាំឲ្យមានការព្រួយបារម្ភអំពីការសម្រាលកូនមិនមានសុវត្ថិភាពនៅកម្ពុជា ជាពិសេសការសម្រាលកូននៅតំបន់ដាច់ស្រយាល។
ស្វាមីរបស់ជនរងគ្រោះគឺលោក សាខេន អាយុ២៨ឆ្នាំ ជាកម្មករកាត់ដេរ នៅក្នុងខេត្តស្វាយរៀង បានថ្លែងប្រាប់ VOA ថា សុខភាពភរិយារបស់លោកគឺធម្មតា ក្រោយពីសម្រាលកូន គាត់អាចនិយាយបាន។ ប៉ុន្តែនៅពេលឆ្មបបានចាប់ផ្តើមយកសុក ភរិយារបស់គាត់ក៏ចាប់ផ្តើមធ្លាក់ឈាមខ្លាំង។
ស្វាមីជនរងគ្រោះបានអះអាងទៀតថា ការជួយសម្រាលកូននេះមានធ្មបតែម្នាក់ប៉ុណ្ណោះ ដែលលោកចាត់ទុកថា ជាការធ្វេសប្រហែស។
លោក សាខេន បានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកថា៖
«គាត់បង្កើតហ្នឹងនៅតែម្នាក់ឯង ព្រោះអីពេទ្យថ្មីទៀត។ ពេទ្យដែលគាត់មកពិនិត្យផ្ទៃពោះម៉ោង៥ទៀបភ្លឺហ្នឹង គាត់អត់មានមកក្បែរទេ ហើយគាត់ឲ្យពេទ្យហ្នឹងមកតែម្នាក់ឯង។ គាត់អត់មានមកក្បែរទេ។ ខ្ញុំក៏មិនដែលឃើញមុខពេទ្យឆ្មបថ្មីហ្នឹង»។
លោកមានប្រសាសន៍បន្ថែមថា៖
«ពេទ្យឆ្មបប្រហែស។ គាត់ធ្វើការប្រហែសខ្លាំងមែនទែន! ប្រសិនបើគាត់កាត់ភ្លាមៗ គាត់ធ្វើអត់បាន គាត់ហៅឡានសង្រ្គោះ ក៏ប្រពន្ធខ្ញុំអត់ដល់ថ្នាក់ហ្នឹងដែរ។ ហើយណាមួយគាត់តែម្នាក់ឯងទៀតបង្កើតកូន»។
បងស្រីរបស់ជនរងគ្រោះគឺអ្នកស្រី ប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មានប្រសាសន៍ថា ពេលប្អូនស្រីទៅដល់មណ្ឌលសុខភាពមេសថ្ងក ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ នាពេលព្រឹក អ្នកស្រីបានហៅទូរស័ព្ទទៅឆ្មបម្នាក់ ដែលផ្ទះគាត់ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីមណ្ឌលសុខភាព។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំធ្លាប់ស្គាល់។ យកលេខ គេបិទលើជញ្ជាំង។ តេ(ទូរស័ព្ទ)ហៅគាត់ថា មីងឯងមកជួយមើលប្អូនខ្ញុំបន្តិចមក! ប្អូនខ្ញុំឈឺពោះ»។
បងស្រីជនរងគ្រោះរូបនោះបានឲ្យដឹងថា សុខភាពប្អូនស្រីមានលក្ខណៈធម្មតា ពេលសម្រាលកូនរួចហើយ។ អ្នកស្រីមានប្រសាសន៍ថា៖
«ប្អូនខ្ញុំវានិយាយជាមួយកូនវាធម្មតា។ និយាយហៅកូនធម្មតាថា អាប្រុស កូនឯងយំមួយមើល! កូនក៏យំ។ វាញញឹមដាក់ប្តី។ ប្តីអើតមើលពីក្រៅ»។
នេះជាកូនទី២ហើយសម្រាប់ជនរងគ្រោះនេះ។ ជនរងគ្រោះមានកូនស្រីម្នាក់ អាយុ៥ឆ្នាំ ដែលធ្លាប់កើតនៅមណ្ឌលសុខភាពនេះដូចគ្នានេះ។ ជនរងគ្រោះជាកម្មការិនីកាត់ដេរម្នាក់ដែលបានធ្វើការនៅរោងចក្រក្នុងខេត្តស្វាយរៀងអស់រយៈពេលជិត១០ឆ្នាំមកហើយ។ អ្នកស្រីបានសម្រាកពីការធ្វើការនៅរោងចក្ររយៈពេល១០ថ្ងៃ មុនសម្រាលកូន។ ស្វាមីចង់ឲ្យសម្រាកមុនឲ្យបានច្រើន តែភរិយាចង់បន្តការងារ ដោយមិនចង់បាត់បង់ប្រាក់ចំណូល។ នេះបើយោងតាមលោក សាខេន ជាស្វាមី។
ម្តាយក្មេករបស់ជនរងគ្រោះគឺអ្នកស្រី ពៅ សាខន អាយុ៦២ឆ្នាំ ជាឆ្មបបុរាណតាំងពីឆ្នាំ១៩៧៤ តែបានឈប់បង្កើតកូនឲ្យគេនៅក្នុងឆ្នាំ២០០០ ក្រោយរដ្ឋាភិបាលបានហាមឃាត់។ អ្នកស្រីបានស្ថិតក្នុងបន្ទប់ជាមួយឆ្មប ពេលជនរងគ្រោះធ្លាក់ឈាមខ្លាំង។
អ្នកស្រីមានប្រសាសន៍ថា ឆ្មបបានចាប់ផ្តើមយកកម្ទេចសុក ហើយពេលនោះមានឈាមច្រើន ហើយមុខរបស់ជនរងគ្រោះកាន់តែស្លេក។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖
«ពេលលូករាវរកអាកម្ទេចសុខហ្នឹង ទាញមកសុទ្ធតែឈាមទាំងអស់។ ហូរមកដក់នៅខាងក្រោម។ ឈាមវាច្រើនផង ហើយមើលទៅឃើញមុខកូនក្រហម។ កាលណាលូកទៅឃើញតែឈាមទេណា ដល់ពេលដកដៃទៅ ឈាមវាបាញ់»។
អ្នកស្រីបានបន្ថែមថា៖
«ខ្ញុំឆ្ងល់ដែរ! ឆ្ងល់កន្លែងហ្នឹង ថាពេទ្យម៉េចឈាមច្រើនម៉េស? ថាមិនអីទេ! នៅកម្ទេចសុកមិនអស់ទេយាយ។ ខ្ញុំមិនមាត់។ ខ្ញុំមិនហ៊ានប៉ះណា៎។ គេថា យាយឯងឆ្មបបុរាណ កុំចេះជាងពេទ្យ! នោះពេទ្យនោះនិយាយអ៊ីចឹង»។
ពាក្យបណ្តឹង
ក្រោយការស្លាប់ជនរងគ្រោះ ក្រុមគ្រួសារបានសម្រេចដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដើម្បីឲ្យពិនិត្យមើលរឿងនេះ។ នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី៥ ខែកុម្ភៈ លោក សួន សាខេន ដែលជាស្វាមីជនរងគ្រោះ រស់នៅក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត បានលើកឡើងថា ក្រុមគ្រួសារប្តឹងប្រធានមណ្ឌលសុខភាព លោក ហាស់ សុផុន និងភរិយារបស់លោក គឺលោកស្រី មូ ណារូ ដែលជាឆ្មបមានបទពិសោធន៍ម្នាក់ ដែលត្រូវបានក្រុមគ្រួសារហៅទូរស័ព្ទឲ្យមកជួយបង្កើតកូន។
បើតាមពាក្យបណ្តឹងនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពមេសថ្ងកនៅម៉ោងប្រមាណ៥ទៀបភ្លឺ លុះដល់ម៉ោង២និង៣០នាទីរសៀល ជនរងគ្រោះ អ្នកស្រី សុដា បានសម្រាលកូនក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ។ លោក សាខេន បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា លោកបានប្រាប់ឲ្យឆ្មបគឺអ្នកស្រី អុក ចំរ៉ុង បញ្ជូនភរិយារបស់លោកទៅពេទ្យខេត្ត ក្រោយឃើញមានឈាម តែពេទ្យឆ្មបឆ្លើយថា មិនអីទេ។
លុះត្រាមានការឈ្លោះប្រកែកគ្នា ទើបហៅឡានពេទ្យមក នៅម៉ោង៣និង៣០នាទីរសៀល។ នេះបើយោងតាមពាក្យបណ្តឹង។
មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីផ្ទះរបស់ជនរងគ្រោះ។ ជនរងគ្រោះបានស្លាប់តាមផ្លូវ ពេលត្រូវបញ្ជូនទៅពេទ្យខេត្ត។ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ មិនអស់ចិត្ត ក៏បានឲ្យបញ្ជូនទៅដល់ពេទ្យខេត្តដើម្បីបញ្ជាក់បន្ថែម។
លោក សាខេន បានថ្លែងប្រាប់ VOA ថា៖
«ឡានពេទ្យសង្រ្គោះហ្នឹង គេទារត្រឡប់មកវិញ។ ពុកនិងបងហ្នឹងមិនយល់ព្រម ឲ្យយកទៅដល់ពេទ្យដើម្បីឲ្យអស់ចិត្តណា៎បង។ គេថា ប្រពន្ធយើងស្លាប់ហើយ»។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោកស្រី មូ ណារូ ជាឆ្មបម្នាក់ មានប្រសាសន៍ថា ថ្ងៃនោះមិនមែនជាវេនប្រចាំការរបស់លោកស្រីនោះទេ។ ប៉ុន្តែលោកស្រីបានទៅពិនិត្យសុខភាពជនរងគ្រោះ ពេលត្រូវបានបញ្ជូនមកមណ្ឌលសុខភាព។ ប៉ុន្តែលោកស្រីមិនបាននៅទេ ពេលស្រ្តីនោះសម្រាលកូន។
លោកស្រី មូ ណារូ មានប្រសាសន៍ថា៖
«កាលដែលយើងពិនិត្យហ្នឹង យើងមើលអត់ដឹងទេ ព្រោះឈាមគាត់ធម្មតា ជីពចរអីធម្មតា ហើយគាត់ដើរអីនៅធម្មតា ដូចតែយើងអ៊ីចឹង។ អាណាទៅមើលដឹង!»
ស្វាមីជនរងគ្រោះបានអះអាងថា លោកស្រី ណារូ និងស្វាមី គឺ លោក ហាស់ សុផុនដែលជាប្រធានមណ្ឌលសុខភាព បានមកពិនិត្យជនរងគ្រោះ នៅពេលស្ថានភាពធ្ងន់ធ្ងររួចទៅហើយ។
លោកស្រី ម៉ៅ សុភារី អនុប្រធានមណ្ឌលសុខភាព និងជាឆ្មបមួយរូប មានប្រសាសន៍ថា លោកស្រីបានសុំច្បាប់នៅថ្ងៃមានបញ្ហានោះ ដោយសាររវល់សែនសម្រាប់ចូលឆ្នាំប្រពៃណីចិនវៀតណាម។ ដូច្នេះហើយទើបមានគ្រូពេទ្យតែម្នាក់។
លោកស្រីបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖
«ខ្ញុំសុំច្បាប់ថ្ងៃហ្នឹងណា៎! ខ្ញុំអត់បានទៅទេ។ តែបើថ្ងៃហ្នឹង ម្នាក់ហ្នឹង[ឆ្មប]គាត់អត់ព្រមសង្រ្គោះអ៊ីចឹង ខ្ញុំក៏បញ្ជូនទៅដែរ។ ខ្ញុំប្រាប់មេ[ប្រធានមណ្ឌលសុខភាព]ថា ប្រសិនបើមានគេនេះអ៊ីចឹង[កើតកូន]បញ្ជូនគេទៅកើតកន្លែងផ្សេង។ ប៉ុនថ្ងៃហ្នឹង ខ្ញុំអត់ដឹងមូលហេតុ គេទទួលយក ឬក៏យ៉ាងម៉េច ខ្ញុំអត់ដឹងដែរ»។
បើតាមលោកស្រី សុភារី ស្រ្តីចន្លោះពី៣០ទៅ៤០នាក់ក្នុងមួយខែ មករកសេវាសម្រាលកូននៅមណ្ឌលសុខភាពរបស់លោកស្រី។
ប្រធានមណ្ឌលសុខភាព លោក ហាស់ សុផុន បានបដិសេធមិនអត្ថាធិប្បាយ ដោយបង្វែសំណួរទៅប្រធានមន្ទីរសុខាភិបាលខេត្តវិញ។
លោកមានប្រសាសន៍ថា៖
«អាហ្នឹងខ្ញុំឆ្លើយអត់បានទេ! សមត្ថភាពតូចអត់ដល់ បានឆ្លើយអត់កើត! វាតែម្នាក់ តែពេលមានបញ្ហា គេអន្តរាគមន៍ទៅជួយច្រើនណាស់ ទាំងប្រធានមណ្ឌលទាំងអស់ហ្នឹង! ឆ្មបបីបួននាក់ទៅជួយ»។
ស្បូនខ្សោយ
លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា ករណីនេះមិនមែនជារឿងបច្ចេកទេសនៃការសម្រាលកូននោះទេគឺជាករណីដែលស្បូនរបស់ជនរងគ្រោះខ្សោយ មិនកន្រ្តាក់ដែលបណ្តាលឲ្យស្រ្តីហូរឈាមធ្លាក់ខ្លាំង។
លោកបញ្ជាក់ថា៖
«បញ្ហាការស្លាប់ហ្នឹងគឺដោយសារស្បូនគាត់ ក្រោយពីកើតមកខ្សោយ។ ខ្សោយទៅ ធ្វើឲ្យស្បូនហ្នឹង វាមិនកន្រ្តាក់ ទន់។ ធម្មតាស្បូនតែកើតហើយ វាត្រូវតែខ្ជឹប កន្ត្រាក់ដើម្បីឃាត់ឈាម ព្រោះឈាមវាចេញមកពីកន្លែងសុកតោង។ ដល់អ៊ីចឹងទៅ វាចេញមក វាចេះតែហូរៗទៅ យើងទប់មិនឈ្នះ»។
ប៉ុន្តែប្រធានមន្ទីរសុខាភិបាលរូបនោះមានប្រសាសន៍ថា លោកនឹងមានវិធានការទៅលើមន្រ្តីដែលបម្រើការនៅទីនោះ ករណីដែលមានពេទ្យឆ្មបតែម្នាក់ នៅពេលសម្រាលកូន។
លោកមានប្រសាសន៍ថា៖
«ធម្មតាគាត់ច្រើនតែធ្វើ២នាក់ ប៉ុន្តែថ្ងៃហ្នឹង អាចមានការខ្វះបុគ្គលិក ព្រោះដោយសារឱកាសសែនចូលឆ្នាំអីអ៊ីចឹងទៅ។ មានបុគ្គលិកមួយចំនួន គាត់នៅជាប់រវល់សែនហ្នឹង។ អាហ្នឹងវាក៏ជាកំហុសមួយដែរ ដែលមន្ទីរសុខាភិបាលនឹងមានវិធានការរដ្ឋបាល»។
លោកបញ្ជាក់បន្ថែមថា៖
«ខ្ញុំគិតថា មូលហេតុស្លាប់មិនមែនថា យើងខ្វះគ្នាប៉ុន្មានទេ។ បើសិនជាយើងមានគ្នាពេលហ្នឹងក៏ពិបាកនឹងជួយដែរ ព្រោះដោយសារស្បូនវាខ្សោយ»។
លោក កែ រដ្ឋា ក៏បានការពារឆ្មបដែលបង្កើតកូននោះថា មានជំនាញពិតប្រាកដ។ លោកមានប្រសាសន៍ថា៖
«ឆ្មបដែលបង្កើតហ្នឹងក៏មិនមែនឆ្មបដែលគាត់មិនចេះដែរ មិនចេះដែរ។ ឆ្មបមួយហ្នឹង គាត់ចេញ(ធ្វើការ)៦ឆ្នាំហើយ ហើយគាត់បានទទួលការបណ្តុះបណ្តាលជំនាញឌីម៉ុក។ ជំនាញឌីម៉ុកនេះគឺជាជំនាញក្នុងការសង្រ្គោះក្នុងការបង្កើតកូនឲ្យមានសុវត្ថិភាព»។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា ប្រសិនបើស្រ្តីនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តទាន់ពេលវេលា ប្រហែលជាអាចសង្រ្គោះបាន។
ឆ្មបដែលបានបង្កើតកូននោះមានឈ្មោះថា អុក ចំរ៉ុង។ នៅពេលអ្នកយកព័ត៌មានរបស់VOA ទៅដល់មណ្ឌលសុខភាព ឆ្មបរូបនោះមិនមានវត្តមាននៅទីនោះទេ។ VOA មិនអាចសុំការឆ្លើយតបពីឆ្មបចំរ៉ុងតាមរយៈទូរស័ព្ទបានទេ។
លោកស្រី ចាន់ ធារី ប្រធានអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ដែលធ្វើការងារលើបញ្ហាសុខភាពស្រ្តី ក្នុងនោះមានការសម្រាលកូនដោយសុវត្ថិភាពផងដែរ មានប្រសាសន៍ថា ការសម្រេចបញ្ជូនស្រ្តីទៅមន្ទីរពេទ្យខេត្តឲ្យទាន់ពេលវេលា នៅតែជាបញ្ហានៅឡើយ។
លោកស្រីមានប្រសាសន៍ថា៖
«រយៈពេលនៃការធ្វើដំណើរមានការយឺតយូរ។ អាហ្នឹងហើយជាកត្តាមួយ។ ការសម្រេចចិត្តពីក្រុមគ្រួសារផង មានន័យថា ការសម្រេចចិត្តក្នុងការបញ្ជូនហ្នឹងយឺតយ៉ាវ»។
លោកស្រីបន្ថែមថា ឆ្មបខ្លះមិនទាន់មានជំនាញក្នុងការគ្រប់គ្រង ដូច្នេះហើយទើបមានការបណ្តុះបណ្តាលបន្ថែមឲ្យឆ្មបទាំងនោះចេះគ្រប់គ្រងការសម្រាលកូន។
លោកស្រីមានប្រសាសន៍ថា៖
«ពង្រឹងសមត្ថភាពដល់ឆ្មប ដែលធ្វើការនៅមណ្ឌលសុខភាព ហើយក៏ដូចជាខាងក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់ពង្រឹងសមត្ថភាពឆ្មប ដើម្បីឲ្យគាត់គ្រប់គ្រងការសម្រាលហ្នឹងឲ្យបានត្រឹមត្រូវនៅមណ្ឌលសុខភាព ហើយឲ្យគាត់ដឹងថា ប្រសិនជាមានសញ្ញាគ្រោះថ្នាក់គឺត្រូវឲ្យគាត់បញ្ជូនទៅមន្ទីរពេទ្យបង្អែកឲ្យទាន់ពេល។ អ៊ីចឹងវាអាចកាត់បន្ថយអត្រាស្លាប់បានច្រើន»។
ស្វាមីរបស់ជនរងគ្រោះបានអះអាងថា ភរិយារបស់លោកមានសុខភាពល្អ មុនពេលសម្រាលកូន ហើយបានទៅមណ្ឌលសុខភាពបើកថ្នាំ និងពិនិត្យផ្ទៃពោះជារៀងរាល់ខែ។
ករណីជនរងគ្រោះឈ្មោះប្រាក់ សុដា ដែលបានស្លាប់ក្រោយសម្រាលកូននេះ ជាករណីដំបូងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្ត លោក កែ រដ្ឋា។ លោកបញ្ជាក់ថា បើប្រៀបធៀបនឹង១០ឆ្នាំមុន ករណីស្លាប់នៅក្នុងខេត្តរបស់លោកមានចន្លោះពី១៥ទៅ១៨នាក់ក្នុងមួយឆ្នាំ។
មណ្ឌលសុខភាពឃុំនៅទូទាំងប្រទេសត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យផ្តល់សេវាសម្រាលកូន។ ប៉ុន្តែប្រសិនបើករណីធ្ងន់ធ្ងរ មណ្ឌលសុខភាពឃុំត្រូវបញ្ជូនស្ត្រីជាម្តាយទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដែលមានឧបករណ៍ច្រើនជាងមណ្ឌលសុខភាព។
អត្រាស្លាប់មាតាពេលសម្រាលកូនធ្លាក់ចុះ
អត្រាស្លាប់ស្ត្រីប្រសូតិទារកនៅប្រទេសកម្ពុជាបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០០៨គឺធ្លាក់ចុះពី៤៦០នាក់ក្នុងចំណោម១០ម៉ឺនកំណើតរស់ មកត្រឹម១៧០នាក់ក្នុងឆ្នាំ២០១៤។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក (World Bank Data)។
ប្រទេសកម្ពុជាបានសម្រេចនូវគោលដៅរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់កាត់បន្ថយអត្រាមរណភាពស្ត្រីពេលប្រសូតិកូនយ៉ាងតិច៧៥ភាគរយនៅឆ្នាំ២០១៥។ អត្រាមរណភាពស្ត្រីពេលប្រសូតិកូនបានធ្លាក់ចុះ៨៤ភាគរយ នៅចន្លោះឆ្នាំ១៩៩០និងឆ្នាំ២០១៥។
ក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ មេដឹកនាំពិភពលោកបានប្តេជ្ញាថា នឹងកាត់បន្ថយអត្រាមរណភាពស្ត្រីពេលប្រសូតិកូននៅលើពិភពលោកមកត្រឹមតែ៧០នាក់ក្នុងចំណោម១០ម៉ឺនកំណើតរស់ នៅត្រឹមឆ្នាំ២០៣០។
រដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តនូវកម្មវិធីលើកទឹកចិត្ត ដោយផ្តល់ឲ្យឆ្មប១០ដុល្លារសម្រាប់ការបង្កើតកូនដោយសុវត្ថិភាពនៅមន្ទីរពេទ្យខេត្ត និង១៥ដុល្លារនៅមណ្ឌលសុខភាព។ ឆ្មបក៏ត្រូវបានបណ្តុះបណ្តាល និងត្រូវបានដាក់ឲ្យធ្វើការនៅតំបន់ជនបទ ដែលករណីមរណភាពស្ត្រីពេលប្រសូតិកូន និងទារកមានចំនួនច្រើន។
VOA មិនអាចសុំការឆ្លើយតបពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងអ្នកនាំពាក្យលោកស្រី ឱ វណ្ណឌីន បាននៅឡើយទេ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ថ្ងៃ ស្រ្តីប្រមាណ៨៣០នាក់បានស្លាប់ដោយសារបញ្ហាទាក់ទងនឹងផ្ទៃពោះនិងការសម្រាលកូន ហើយ៩៩ភាគរយនៃការស្លាប់នេះបានកើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
នៅចន្លោះឆ្នាំ១៩៩០ដល់២០១៥ ករណីស្រ្តីស្លាប់ពេលប្រសូតិទារកទូទាំងពិភពលោកបានធ្លាក់ចុះប្រមាណ៤៤ភាគរយ។ ការស្លាប់មាតានេះគឺមានអត្រាខ្ពស់ក្នុងចំណោមស្រ្តីដែលរស់នៅតាមជនបទ និងគ្រួសារក្រីក្រ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។
យុត្តិធម៌សម្រាប់ជនរងគ្រោះ
ក្រោយមានព័ត៌មានទាក់ទងនឹងស្រ្តីស្លាប់ពេលសម្រាលកូន ប្រជាពលរដ្ឋក្នុងសង្កាត់បាទី និងឃុំក្បែរនោះ បានចាប់ផ្តើមព្រួយបារម្ភអំពីការសម្រាលកូននៅមណ្ឌលសុខភាព។
អ្នកភូមិម្នាក់គឺអ្នកស្រី ចាប ស្រី អាយុ៦០ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីនឹងបញ្ជូនកូនឬសាច់ញាតិទៅពេទ្យខេត្តតែម្តង ដោយសារបារម្ភខ្លាចធ្វើដំណើរផ្លូវឆ្ងាយ ពេលមានបញ្ហា។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖
«ខ្ញុំនិយាយយូរហើយ។ ខ្ញុំថា បើខ្ញុំមានកូនត្រូវកើតអ៊ីចឹង ខ្ញុំមិនឲ្យនៅហ្នឹងទេ ព្រោះថាបើនៅហ្នឹងមានអីៗ គេជួយមិនទាន់អ៊ីចឹង។ ខ្ញុំទៅស្វាយរៀង បើថា ម៉េចៗ ហើយនៅហ្នឹងតែម្តង។ អ្នកស្រីបញ្ជាក់ថា៖
«វា[មណ្ឌលសុខភាព]ជិត វាល្អហើយ តែបើម៉េចម៉ា យើងរត់មិនទាន់»។
នៅក្នុងពាក្យបណ្តឹង ក្រុមគ្រួសារបានទាមទារសំណងជំងឺចិត្ត១ម៉ឺនដុល្លារអាមេរិក ហើយចង់ឲ្យពេទ្យនៅមណ្ឌលសុខភាពទទួលខុសត្រូវលើបញ្ហានេះ។
ខណៈកំពុងយោលអង្រឹងចៅ អ្នកស្រី ពុធ សាបុណ្យ អាយុ៦៦ឆ្នាំ ម្តាយរបស់ជនរងគ្រោះ បានអំពាវនាវរកយុត្តិធម៌ជូនកូន ដោយអ្នកស្រីចាត់ទុកថា នេះជាការធ្វេសប្រហែសមួយ បណ្តាលឲ្យកូនរបស់អ្នកស្រីស្លាប់។
អ្នកស្រីមានប្រសាសន៍ថា៖
«រកយុត្តិធម៌ដើម្បីឲ្យយើងត្រជាក់ចិត្ត ដើម្បីចិញ្ចឹមចៅ ព្រោះជីវិតមនុស្ស យើងមិនអាចរកទិញ យកលេងសើចអ៊ីចឹងទេ។ គ្នា ប្រជាជនសង្ឃឹមលើពេទ្យ អ្នកឆ្មបដែលបង្កើតហ្នឹងហើយ ផ្ញើអាយុជីវិតហើយហ្នឹង។ ឲ្យអ្នកធ្វើការហ្នឹងរកយុត្តិធម៌ឲ្យកូនខ្ញុំមក»៕