ក្រសួងបរិស្ថានបានឱ្យមន្ត្រីចុះពិនិត្យនៅទីតាំងដែលមានការផ្សព្វផ្សាយថា រោងចក្ររកស៊ីថ្មរបស់ឧកញ៉ា អ៊ុត ធី កំពុងធ្វើឱ្យប៉ះពាល់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់រូងប្រចៀវ តាមរយៈការបំផ្ទុះ និងកិនថ្មក្បែរនោះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វីអូអេជាសារតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃពុធថា ក្រុមហ៊ុន អ៊ុត ធី អ៊ី & ស៊ី ខូ អិលធីឌី បានធ្វើអាជីវកម្មថ្មសំណង់ ស្ថិតនៅតំបន់អូរស្ប័ត ក្នុងភូមិសាស្រ្តភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ៥,៧៤ ហិកតា។ លោកថា ទីតាំងគម្រោងអាជីវកម្មថ្មសំណង់នេះមិនស្ថិតក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិក្រវ៉ាញខាងត្បូងនោះទេ។
ទោះយ៉ាងណាលោកថា មន្រ្តីរបស់ក្រសួងកំពុងចុះទៅពិនិត្យនៅទីតាំងនោះ។
លោកបញ្ជាក់ថា៖ «យើងបានចុះពិនិត្យជាក់ស្តែងនិងនាំយកមកមន្ទីរពិសោធន៍ ប្រសិនបើមានការសង្ស័យ។ ការពិនិត្យត្រូវការពេលវេលា និងវិភាគ។ មានព័ត៌មានបន្ថែមនឹងជូនតាមក្រោយ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុត ធី បាននៅឡើយទេ។
វីដេអូរបស់ក្រុមយុវជនមាតាធម្មជាតិផ្សាយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបង្ហាញអំពីរូបភាពទឹកធ្លាក់រូងប្រចៀវពីមុនដែលមានទឹកថ្លា និងរូបភាពនៃការធ្វើអាជីវកម្មថ្ម និងការដឹកជញ្ជូនថ្មបណ្តាលឱ្យមានទឹកកខ្វក់ហូរទៅកន្លែងទឹកធ្លាក់ បណ្តាលឱ្យមានពណ៌ល្អក់។
វីដេអូនោះមានការរៀបរាប់ថា ក្រុមហ៊ុនឧកញ៉ា អ៊ុត ធី បានបំផ្លាញតំបន់អេកូទេសចរណ៍ជីផាត ទឹកធ្លាក់រូងប្រចៀវ បណ្តាលឱ្យមានទឹកល្អក់ខ្លាំង និងរមាស់ដល់អ្នកលេងទឹកផងដែរ។
ក្នុងវីដេអូដែលមានរយៈពេលពីរនាទីនោះ ក្រុមមាតាធម្មជាតិបញ្ជាក់ថា៖ «ទឹកធ្លាក់អូរស្ប័ត ឬរូងប្រចៀវធ្លាប់តែស្ងប់ស្ងាត់ ហ៊ុំព័ទ្ធដោយដើមឈើពណ៌បៃតង មានទឹកថ្លាឆ្វង់គួរឱ្យចង់លេងកម្សាន្ត ប្រែក្លាយជាកន្លែងមានសំឡេងបំផ្ទុះថ្ម គ្រឿងចក្រកិនថ្មលាន់រំខាន ឡានធំៗដឹកជញ្ជូនដីហុយទ្រលោមចុះឡើង ធ្វើឱ្យទឹកប្រែក្លាយពណ៌ក្រហមល្អក់ មិនស្រស់ស្អាត និងគ្មានភ្ញៀវទេសចរចង់ទៅលេងដូចពីមុន»។
វីដេអូដដែលឱ្យដឹងបន្ថែមថា៖ «ការខិតខំរបស់ប្រជាជនមូលដ្ឋាន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ តាំងពីឆ្នាំ ២០១១ ក្នុងការធ្វើឱ្យតំបន់នោះក្លាយជាតំបន់អេកូទេសចរណ៍ប្រែជាឥតន័យ ដោយសារក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពលបើកដៃឱ្យមានការបំផ្លាញទៅវិញ»។
អភិបាលរងខេត្តកោះកុង លោក អន សុធារិទ្ធ ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយដោយក្រុមមាតាធម្មជាតិ។ លោកថា ទឹកធ្លាក់រូងប្រចៀវមិនមានទឹកនោះទេ ក្នុងខែប្រាំង។
លោកបញ្ជាក់ថា៖ «ឥឡូវក្នុងខែប្រាំងទេ អត់មានទឹកទេ។ ចុះទៅរីងស្ងួតទាំងអស់ ហើយបាទ។ ប្រជាជនមានទឹកឯណាងូត? ខ្ញុំសួរអញ្ចេះ? ហើយថា ប្រជាជនងូតទឹករមាស់ មានទឹកមកពីណា?»
បើតាមអភិបាលរងរូបនេះ ក្រុមហ៊ុនរោងចក្ររកស៊ីថ្មរបស់ឧកញ៉ា អ៊ុត ធី មានអាជ្ញាបណ្ណត្រឹមត្រូវដែលចេញដោយក្រសួងពាក់ព័ន្ធ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមប្រព័ន្ធតេឡេក្រាម កញ្ញា ភួង កែវរស្មី សកម្មជនក្រុមមាតាធម្មជាតិ លើកឡើងថា ក្រុមហ៊ុនបានចាប់ផ្តើមធ្វើអាជីវកម្មតាំងពីខែកញ្ញា ឆ្នាំ ២០២៣ ដែលជាខែវស្សា ទឹកធ្លាក់ពេញស្អាត។ កញ្ញាថា ទឹកដែលធ្លាក់ដែលមានពណ៌ល្អក់ដូចក្នុងវីដេអូ គឺថតក្នុងអំឡុងខែកញ្ញា ដែលជាខែមានទឹកធ្លាក់។
កញ្ញា ភួង កែវរស្មី ជំរុញឱ្យក្រសួងមានសមត្ថកិច្ចដកអាជ្ញាបណ្ណ ឬបញ្ឈប់អាជីវកម្មរបស់ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនោះដើម្បីការពារតំបន់ទេសចរណ៍សម្រាប់ជាសម្បត្តិរួម៕
វេទិកាបញ្ចេញមតិ