ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ដុត​ចោល​ជើង​មាន់​បង្កក​ជាង​១០០​តោន ក្រោយ​រក​មិន​ឃើញ​ម្ចាស់


រូបឯកសារ៖ ស្រ្តីម្នាក់កាប់ជើងមាន់នៅភោជនីយដ្ឋានមួយ។
រូបឯកសារ៖ ស្រ្តីម្នាក់កាប់ជើងមាន់នៅភោជនីយដ្ឋានមួយ។

អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​បាន​សម្រេច​ដុត​ចោល​ជើង​មាន់​បង្កក​នាំចូល​ពី​ប្រទេស​វៀត​ណាម ដែល​មាន​ទម្ងន់​សរុប​ជាង​១០០​តោន ផ្ទុក​ក្នុង​កុង​តឺន័រ​ចំនួន​៤។

អាជ្ញាធរ​ពាក់ព័ន្ធ​អះអាង​ថា​ជើង​មាន់​បង្កក​ដែល​ដឹក​ចូល​តាម​ច្រក​បាវិត​នោះ មិន​មាន​ផ្ទុក​សារធាតុ​គីមី​អ្វី​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​រក​មិន​ឃើញ​ម្ចាស់ ក្រោយ​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤។

លោក សុខ សុទ្ធាវុធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​សមត្ថកិច្ច​សម្រេច​ដុត​ចោល ដោយ​សារ​តែ​ការ​ដឹកនាំ​ជញ្ជូន​នោះ​មិន​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​រក​ម្ចាស់​មិន​ឃើញ។

លោក​ថ្លែង​ថា​៖ «វា​អត់​មាន​អី​ផង​ ដោយ​សារ​វា​ខុស​ច្បាប់​វា​អត់​មាន​លិខិត​បទដ្ឋាន​បច្ចេកទេស។ និយាយ​រួម​ទៅ​ វា​អត់​ច្បាប់​ហ្មង​[គេ]កម្ទេច​ចោល ​រក​ម្ចាស់​វា​អត់​ឃើញ។ អ៊ីចឹង​កម្ទេច​ចោល​ហ្មង​ទៅ​ កាល​ណា​ទុក​យូរ​វា​ខូច​ស្អុយ​ដដែល រក​ម្ចាស់​វា​អត់​ឃើញ»។

បើ​តាម​របាយ​ការណ៍​ស្ដី​ពី​ការ​ឃាត់​កុងទឺន័រ​ដឹក​ជើង​មាន់​បង្កក​ដែល​ផ្តល់​ដោយ​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ម៉ែន អេង ជើង​មាន់​បង្កក​ទាំង​នេះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ហើយ​ជា​របស់​ក្រុមហ៊ុន​SBL។ របាយ​ការណ៍​បញ្ជាក់​ថា៖ «ផ្អែក​តាម​ការ​ត្រួត​ពិនិត្យ​ទំនិញ​ជាក់​ស្តែង​បង្ហាញ​ឲ្យ​ឃើញ​ថា​ជើង​មាន់​បង្កក​ទំាង​អស់​នោះពុំ​មាន​ម្ចាស់ គ្មាន​ឯកសារ​នាំ​ចូល បញ្ជាក់​ពី​ប្រភព​ដើម​ច្បាស់លាស់ ការ​រក្សា​ទុក​មិន​គ្រប់​តាម​ស្តង់​ដារ​(-១២អង្សាសេ) ខូច​គុណភាព និង​គ្មាន​សុវត្ថិភាព​សម្រាប់​ឲ្យ​មនុស្ស​បរិភោគ​បាន​ឡើយ...»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​SBL​បាន​នៅ​ឡើយ​ទេ។

លោក ម៉ែន អេង អភិបាល​រង​ខេត្ត​ស្វាយ​រៀង និង​ជា​អ្នកនាំពាក្យ ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម។ ចំណែក​អ្នក​បើក​កុងទឺន័រ​ដឹក​ជើង​មាន់​បង្កក​ទាំង​៤​នាក់​ត្រូវ​បាន​តុលាការ​នាំ​ទៅ​សាកសួរ។

វីអូអេ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អគ្គនាយដ្ឋានគយ ​និង​រដ្ឋាករ​កម្ពុជា​ លោក សែ សុឃន និង​លោក ផាន អូន ប្រតិភូរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការក្លែង​បន្លំ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ការ​នាំចូលសាច់​បង្កកពី​ក្រៅ​ប្រទេស​កំពុង​បង្កក្តី​បារម្ភ​ខ្លាំង​សម្រាប់​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ដោយ​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​រឹត​បន្តឹង​ការ​នាំ​ចូល​សាច់​បង្កក​ឱ្យ​បាន​តឹង​រ៉ឹង។ កាល​ពី​ខែ​មករា ឆ្នាំ​២០២៤ រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ឱ្យ​ផ្អាក​ការ​នាំចូល​«គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក» ចំនួន​៨មុខ ជា​បណ្តោះ​អាសន្នក្នុង​រយៈពេល​៦ខែ​ ចាប់​ពី​ថ្ងៃ​ទី ១២ ខែមីនា ដល់​ថ្ងៃ​ទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២៤ ដោយ​សារ​ការ​ស្តុក​ទុក​និង​បង្កក​មិន​មានអនុ​លោម​ភាព​ដែល​អាច​បង្ក​ប៉ះ​ពាល់​ដល់​គុណភាព៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG