នគរបាលខេត្តមណ្ឌលគិរីកំពុងស្រាវជ្រាវអ្នកនៅពីក្រោយការដាំកញ្ឆាជាង១ម៉ឺនដើម ខណៈតុលាការបានចោទប្រកាន់ជនជាតិវៀតណាម២នាក់ ពីបទ«ដាំដោយខុសច្បាប់រុក្ខជាតិញៀន» ហើយឃុំខ្លួនពួកគេនៅក្នុងពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី។
លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កាលពីថ្ងៃចន្ទ តំណាងអយ្យការនៃតុលាការខេត្តមណ្ឌលគិរីបានសម្រេចចោទប្រកាន់ជនជាតិវៀតណាម២នាក់ ដែលដាំកញ្ឆាជាង ១ម៉ឺនដើម ក្នុងស្រុកពេជ្រាដា។
លោកបញ្ជាក់ថា៖ «ជនជាតិវៀតណាមទាំង២នាក់ហ្នឹង តំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទដាំដោយខុសច្បាប់នូវរុក្ខជាតិញៀន តាមច្បាប់គ្រឿងញៀន។ ហើយយើងចោទប្រកាន់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣»។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រាប់វីអូអេនៅថ្ងៃពុធនេះថាជនជាតិវៀតណាមទាំង២នាក់ដែលពាក់ព័ន្ធដើមកញ្ឆាជាង១ម៉ឺនដើម ស្ថិតនៅភូមិម៉េប៉ៃ ឃុំពូជ្រៃ គឺជាអ្នកស៊ីឈ្នួលគេ ហើយសមត្ថកិច្ចចាប់ខ្លួនពួកគេ ក្រោយចុះបង្រ្កាបកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ លោកបន្តថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោកថ្លែងថា៖ «ជនជាតិវៀតណាមនេះ គ្រាន់តែគាត់ជាស៊ីឈ្នួលទេ។ ស៊ីឈ្នួលពីវៀតណាមបន្ត ប៉ុន្តែធម្មតាការងារ កិច្ចសហប្រតិបត្តិការប្រទេសជិតខាង។ ហើយអ្នកជិតខាងគាត់ចូលមករកស៊ីមានច្បាប់មានទម្លាប់ត្រឹមត្រូវ ប៉ុន្តែគ្រាន់តែថាគាត់លួចលាក់ដាំ គឺគាត់ប្រព្រឹត្តការងារខុសច្បាប់ហើយ។ អ៊ីចឹងយើងបានផ្តន្ទាទោសគាត់ទៅតាមប្រទេសយើងហើយ យកទៅដាក់នៅពន្ធនាគារបាត់ហើយ»។
បើតាមស្នងការរូបនោះ ផ្ទៃដីដែលជនជាតិវៀតណាមដាំកញ្ឆានោះ គឺជាដីជួល ដែលមានទំហំជិត១ហិកតា។ លោកបន្ថែមថាកញ្ឆានោះទើបដាំបានលើដីទំហំជាង១០អា ដែលមានដំណាំកញ្ឆាជាង១ម៉ឺនដើម ដែលដុះបាន៣ទៅ៤ខែហើយ។
ស្នងការរូបនោះបញ្ជាក់ថា នេះជាលើកទីមួយហើយដែលជនជាតិវៀតណាមទាំងនោះដាំ ហើយសមត្ថកិច្ចបានបង្រ្កាបទាន់ពេលវេលា តាមរយៈការជូនដំណឹងពីប្រជាពលរដ្ឋដែលនៅក្បែរនោះ។
បើយោងតាមព័ត៌មានដែលផ្សព្វផ្សាយលើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា បានចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម កាលពីថ្ងៃទី១៥ ខែមេសា ដែលនគរបាលអះអាងថាបានជួលដីខ្មែរដាំកញ្ឆា។
នគរបាលចាប់យកបានវត្ថុតាង រួមមានកញ្ឆាស្ងួតចំនួន២កញ្ចប់ ជីគីមីចំនួន៣០ការ៉ុង ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង កែវជ័របណ្តុះកូនកញ្ឆា ចំនួន៥០០កែវ ជញ្ជីងថ្លឹងកញ្ឆាក្រៀមចំនួន ៣គ្រឿង ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា និងថង់វេចខ្ចប់កញ្ឆាជាដើម។ នគរបាលក៏បានកាប់ដើមកញ្ឆាស្រស់ និងដុតកម្ទេចចោលចំនួន ១០.៦៧១ដើម ទម្ងន់ ១.២០៥គីឡូក្រាមផងដែរ។
លោក បូរ៉េត កាំពី មន្រ្តីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីស្នើដល់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានឱ្យជួយស្រាវជ្រាវរកម្ចាស់ចម្ការ និងអ្នកពាក់ព័ន្ធដែលនៅពីក្រោយនៃការដាំដុះកញ្ឆានេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកប្រាប់វីអូអេថា៖ «បើសិនជាអាជ្ញាធរ ឬក៏សមត្ថកិច្ចមិនជួយរកអ្នកដែលពាក់ព័ន្ធ ឬម្ចាស់ចម្ការហ្នឹងទេ អ៊ីចឹងធ្វើឱ្យជនទាំងនោះ មានឱកាសក្នុងការដាំ ឬបន្តចែកចាយដល់សហគមន៍ ឬប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។
បើតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការដាំអាភៀន ដើមកូកា ដើមកញ្ឆុង និងដើមកញ្ឆា ត្រូវហាមឃាត់ក្នុងប្រទេសកម្ពុជា។ កញ្ឆាជាប្រភេទគ្រឿងញៀនដែលគេចាត់ទុកជាគ្រឿងញៀនខ្សោយ ហើយកញ្ឆាជារុក្ខជាតិដែលងាយដាំ និងងាយដុះ។ កញ្ឆាអាចត្រូវកែច្នៃ សម្ងួត ឬបំប្លែងឱ្យចេញជាសណ្ឋានផ្សេងគ្នា ហើយត្រូវគេយកមកលាយជក់ជាមួយនឹងបារីជាដើម។
កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលប្រទេសថៃបានដកកញ្ឆាពីបញ្ជីគ្រឿងញៀនរបស់ខ្លួន ដោយធ្វើឱ្យការផលិត ការចែកចាយ ការប្រើប្រាស់ និងការមានកញ្ឆា មិនខុសច្បាប់ឡើយ៕