ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​អំពាវនាវ​ឱ្យ​អ្នកប្រើ​«តេឡេក្រាម»ប្រុងប្រយ័ត្ន​ចំពោះ​តំណភ្ជាប់​ដែល​មិន​ច្បាស់លាស់


រូបឯកសារ៖ រូបសញ្ញា​នៃ​កម្មវិធី​បណ្តាញ​សង្គម​និង​ផ្ញើសារ តេឡេក្រាម (Telegram) កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ រូបសញ្ញា​នៃ​កម្មវិធី​បណ្តាញ​សង្គម​និង​ផ្ញើសារ តេឡេក្រាម (Telegram) កាល​ពី​ឆ្នាំ​២០១៨។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​តេឡេក្រាម (Telegram) ទាំងអស់ ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​កុំ​ចុច​លើ​តំណ​ភ្ជាប់​ណា​ដែល​មិន​ច្បាស់លាស់ ជៀសវាង​ការ​បាត់​បង់ព័ត៌មាន និង​ខាត​បង់​ថវិកា​ដោយ​ការ​បោក​បញ្ឆោត​ផ្សេងៗ។

នៅ​ថ្ងៃ​អង្គារ​នេះ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា នាយកដ្ឋាន​ទទួល​បានព័ត៌មាន​ស្តីពី​ការបោក​បញ្ឆោត​ថ្មី​មួយ ដែល​កើត​ឡើង​លើ​អ្នក​ប្រើប្រាស់​កម្មវិធី​តេឡេក្រាម តាមរយៈ​ជន​អនាមិក​ផ្ញើ​តំណ​ភ្ជាប់​បោក​បញ្ឆោត​ទៅ​កាន់​សារ​ទូរស័ព្ទ​ ឬ SMS ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​បំពេញ​ព័ត៌មាន និង​ឈាន​ដល់​ការយក​គណនី​អ្នក​ប្រើប្រាស់​មក​គ្រប់គ្រង។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបន្ថែម​តាម​ន័យ​ដើម​ថា៖ «សូម​អ្នក​ប្រើប្រាស់​កម្មវិធី Telegram ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន និង​កុំ​ចុច​លើ​តំណ​ភ្ជាប់​ Telegram.org តំណ​ភ្ជាប់​ណា​ដែល​មិន​ច្បាស់​លាស់ និង​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឱ្យ​សោះ»។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ជា ពៅ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចុច​លើ​តំណ​ភ្ជាប់ និង​បំពេញព័ត៌មាន​ផ្ទាល់​ខ្លួន​ នោះ​នឹង​អាច​ធ្វើ​ឱ្យ​បាត់បង់គណនី​តេឡេក្រាម​របស់​ខ្លួន និង​អាច​ប្រឈម​នឹង​ការ​ចាញ់​បោក ឬ​បាត់បង់ថវិកា​ផ្សេងៗ។

លោក​ថ្លែង​ថា៖ «យើង​អប់រំ​ក្នុង​គោល​បំណង​អ៊ីចឹង កុំ​ឱ្យ​ប្រជាជន​យើង​គាត់​ទៅ​ខុស​ឆ្គង ឬ​ក៏​ចាញ់​បោក​អ្នក​ដែលប្រើ​តេឡេក្រាម​ក្នុង​បំណង​អាក្រក់។​ អ៊ីចឹង​បើ​គាត់​អត់​ស្គាល់ អត់​ដឹ​ងថា​ជាតេឡេក្រាម​ហ្នឹងទេ យើង​កុំ​ចុច យើង​កុំភ្ជាប់ ព្រោះ​អាហ្នឹង​ជារឿង​គ្រោះ​ថ្នាក់»។​

លោក​បន្ថែម​ថា ក្នុង​ពេល​បច្ចុប្បន្ន ​ករណី​ចាញ់​បោក​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នេះមិន​មាន​ចំនួន​ច្រើន​ដូច​ពេល​កន្លង​ទៅ​នោះ​ទេ ដោយសារ​សមត្ថកិច្ចបាន​អប់រំ និង​បង្រ្កាប​ការឆបោក​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នេះជាច្រើនករណី​ ជា​បន្ត​បន្ទាប់។​ ​

ជារឿយៗ គេ​តែង​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពី​ការលួច​ចូល​ប្រើប្រាស់​គណនី​ និង​ការ​ឆបោក​ផ្សេងៗ លើ​បណ្តាញ​សង្គម​តេឡេក្រាម និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ផ្សេង​ទៀត​ ដូច​ជា​ហ្វេសប៊ុកជាដើម។​

លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​លើក​ឡើង​ថា ការ​ឆបោក​ក្នុង​បណ្តាញ​សង្គមតេឡេក្រាម​នៅ​កម្ពុជា​ កើតមាន​យ៉ាង​ច្រើន​ករណី និង​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ដោយ​សារ​ជនល្មើស​ប្រើប្រាស់​កម្មវិធី​នេះ​ក្នុង​គោលដៅ​ដើម្បី​ស្វែង​រកលុយ​។​ លោក​ថា ករណី​នៃ​ការ​ឆបោក​នៅ​តាម​បណ្តាញ​សង្គម​តេឡេក្រាម ជាទូទៅបណ្តាល​ឱ្យ​មានការ​បន្លំ​អត្តសញ្ញាណ ការបែក​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ការ​បាត់បង់​ថវិកា​ជាដើម។

លោក​ប្រាប់​វីអូអេ​ថា៖ «ពេល​ដែល​ជន​ឆបោក​លួច​បាន​គណនី​របស់​យើង​ទៅ វា​បន្លំ​ជា​យើង ទៅ​ធ្វើ​បាប​អ្នកដទៃ ជាពិសេស​គឺ​ទៅ​ធ្វើ​បាប​អ្នក​ដែល​នៅ​ក្នុង contact list [បញ្ជី​ឈ្មោះទំនាក់​ទំនង] ជាប់​ក្នុង​តេឡេក្រាម​ហ្នឹងឯង។ អ៊ីចឹងគេ​ស្មានតែ​យើង គេ​អាច​ធ្វើ​អ្វី​តាម​សេចក្តី​ណែនាំ​របស់​ជន​ឆបោក​នោះ​ឯង។ ​ទម្រាំ​តែ​ពួកគាត់​ដឹង​ថា​គណនី​របស់​យើង​ត្រូវ​បាន​គេ​លួច វា​ចង់​ហួស​ពេល​ទៅ​ហើយ។ អ្នក​ខ្លះ​បាត់​បង់​ថវិកា អ្នក​ខ្លះ​បាត់បង់​គណនី​របស់​ខ្លួនឯង​ហ្នឹង​ទៅ​ទៀត»។

លោក ង៉ែត ម៉ូសេ បន្ថែម​ថា ប្រជាពលរដ្ឋ​ត្រូវ​ស្វែង​យល់អំពីការ​ប្រើប្រាស់​បណ្តាញ​សង្គម​តេឡេក្រាម​ឱ្យមាន​សុវត្ថិភាព និង​ត្រូវ​ប្រមូល​ភស្តុតាង​ដើម្បី​ដាក់​ពាក្យប្តឹង ក្នុង​ករណី​ដែល​មាន​ការឆបោក​កើត​ឡើង។

លោក​ថ្លែង​ថា៖ «បើទោះបី​ជា​យើង​ដឹង​ថា​គេ​យក យើង​ឃើញ​គណនី​របស់​យើង​ត្រូវ​គេ​យក​ក្តី ក៏​យើង​អត់​អាច​យក​មកវិញ​បាន​ដែរ​ ក្នុង​ពេលខ្ញុំ​កំពុង​និយាយ​នេះ។​ អ្វី​ដែល​គួរ​អ្នក​ប្រើប្រាស់ ជាពិសេស​អ្នកដែល​រងគ្រោះ​ក្នុង​ការ​លួច​គណនី​នេះ​ធ្វើបាន​ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ ទី​១​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ ទី២​គឺ​ប្រមូល​នូវ​ព័ត៌មាន ឬ​ភស្តុតាង​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើទៅ​បាន​ screen shot [ថត​អេក្រង់​ទូរស័ព្ទ]​ ទាំងអស់​ហ្នឹង​ឯង​ ហើយ​ទុក​ជា​ភស្តុតាង​ខ្លួន​ឯង។​ ពេល​យើងមាន​បញ្ហា​យើង​អាច​ប្រាប់ថា គណនី​ហ្នឹង​ត្រូវ​បាន​គេ​លួច​ហើយ»។​

កាលពី​ដើម​ឆ្នាំ​២០២៣ នាយកដ្ឋានព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​អំពី​បទល្មើស​បច្ចេកវិទ្យា​ធំៗ​ចំនួន​៥។ ក្នុង​នោះ​មាន​ដូចជា ការ​ដាក់​ធ្នាក់​លួច​យក​នូវ​ព័ត៌មាន ការ​ហៅ​ទូរសព្ទ​បញ្ឆោត​លួច​ព័ត៌មាន ការ​វាយ​ប្រហារ​ផ្អាក​ដំណើរការ​ប្រព័ន្ធ ការ​លួច​អត្តសញ្ញាណ និង​មេរោគ​ជម្រិត​ទារ​ប្រាក់៕

XS
SM
MD
LG