ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ កុមារ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់​ធ្លាប់​រង​ការ​រំលោភ​បំពាន​និង​កេងប្រវ័ញ្ច ផ្លូវ​ភេទ​តាម​អនទ្បាញ


រូបឯកសារ៖ ​សិស្សានុសិស្ស​​កំពុង​អង្គុយ​មើល​មេរៀន​ក្នុង​ម៉ោង​សម្រាក អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ​សិស្សានុសិស្ស​​កំពុង​អង្គុយ​មើល​មេរៀន​ក្នុង​ម៉ោង​សម្រាក អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ចំណោម​កុមារ​កម្ពុជា ​ដែល​ជា​ជនរង​គ្រោះ​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​មួយ ខណៈ​កុមារ​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់ ធ្លាប់​ទទួល​រង​ការ​រំលោភ​បំពាន​និង​កេង​ប្រវ័ញ្ចផ្លូវ​ភេទ នា​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា​និង​ដៃ​គូ​ពាក់​ព័ន្ធ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា​ «ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា»​រកឃើញ​ថា ​កុមារ​ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​ ១១% អាយុ​ចន្លោះ​ពី១២ – ១៧ ឆ្នាំ ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ​ ក្នុង​ទម្រង់​មួយ​ចំនួន​ជាក់លាក់។ របាយ​ការណ៍​នេះ​បង្ហាញ​ថា​ កុមារ​ ១៦% បាន​រង​គ្រោះ​ដោយ​សារ​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​ផ្លូវ​ភេទ​មក​លើ​ខ្លួន និង​ការ​ផ្ញើ​រូប​អាសអាភាស​មក​កាន់​ពួក​គេ ខណៈ​កុមារ​ចំនួន​ ៩%​ ធ្លាប់​ត្រូវ​បាន​គេ​សុំ​ឱ្យ​ខ្លួន​ចែក​រំលែក​នូវ​រូប​ភាព​អាសអាភាស​របស់​ពួក​គេ​ផ្ទាល់។

របាយ​ការណ៍​ដដែល​បញ្ជាក់​ថា​ កុមារ​ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អនឡាញ​ មាន​ចំនួន​តិច​ណាស់​ដែល​ហ៊ាន​រាយការណ៍​អំពី​ករណី​បំពាន​លើ​ពួក​គេ​តាមរយៈ​យន្តការ​រាយការណ៍​ផ្លូវ​ការ។ របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ រនាំង​ដែល​នាំឱ្យ​កុមារ​ទាំង​នោះ​មិន​ហ៊ាន​រាយការណ៍ដោយសារ​តែ​ពួកគេមិន​ដឹង​ថា​ត្រូវ​រាយ​ការណ៍​នៅ​ទីណា ហើយ​វប្បធម៌​សង្គម​ក៏​ហាម​មិន​ឱ្យ​និយាយ​រឿង​ផ្លូវ​ភេទ​ជាដើម។

របាយការណ៍​លើក​ឡើង​ថា៖ «សម្រាប់​កុមារ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្នត់​គំនិត​សង្គម ការ​រើសអើង និង​បម្រាម​ប្រពៃណី​ពាក់ព័ន្ធ​នឹង​ការ​និយាយ​អំពី​រឿង​ផ្លូវ​ភេទ ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​រាយការណ៍​នេះ​ផង​ដែរ ។ កុមារ​ដែល​ត្រូវ​បាន​សម្ភាសន៍​សម្រាប់​របាយ​ការណ៍ «ការបញ្ឈប់​គ្រោះថ្នាក់» បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជា​រឿយៗ ពួកគេ​មាន​អារម្មណ៍​ខ្មាសគេ ខ្មាសអៀន និង​ភ័យ​ខ្លាច​ នៅ​ពេល​និយាយ​អំពី​រឿង​ផ្លូវ​ភេទ និង/ឬ​រាយការណ៍​អំពី​បទ​ពិសោធន៍​ទទួល​រង​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អនឡាញ»។

អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សម្តែង​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​នេះ។ អ្នកស្រី​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​និង​កំពុង​តែ​ដាក់​ចេញ​ជា​យន្តការ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អនឡាញ​លើ​កុមារ។ ​អ្នក​ស្រី​ក៏​ជំរុញ​ឱ្យ​អាណាព្យាបាល​មាន​ការ​យល់​ដឹង​លើ​ករណី​នេះឱ្យ​បាន​ទូលំ​ទូលាយ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​កើត​ឡើង​ទៅ​លើ​កូនៗ​របស់​ពួកគេ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ខ្លួន​ឯង​ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន។ ឱ្យ​ដឹង​ពី​អ្វី​ដែល​ជា​ជន​ល្មើស​ឆបោក។ ដូច្នេះ​មាតាបិតា អាណាព្យាបាល លោកគ្រូ​អ្នក​គ្រូ​ក៏​ដោយ អ្នកធ្វើការ​ពាក់​ព័ន្ធ​នឹង​កុមារ​ក៏ដោយ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​ទៅ​លើ​ការ​ប្រើប្រាស់​អនឡាញ»។

លោក ជី សុផាត អ្នកបង្កើត​មាតិកា​បច្ចេកវិទ្យា​សុវត្ថិភាព​តាម​បណ្តាញ​សង្គម ប្រាប់​វីអូអេ​ថា ការ​ចេញ​របាយការណ៍​ថ្មី​នេះ​បង្ហាញ​ថា​ កុមារ​កម្ពុជា​កំពុង​តែ​ពើប​ប្រទះ​ជាមួយ​នឹង​ហានិភ័យ ដោយ​សារ​តែ​ពួក​គេ​និង​អាណាព្យាបាល​មិន​មាន​ចំណេះដឹង​មូលដ្ឋាន​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ហានិភ័យ​ជាង​គឺ​តេឡេក្រាម​ [Telegram] ខណៈ​បណ្តាញ​សង្គម​ផ្សេងទៀត ដូចជា​ហ្វេសប៊ុក​មាន​ការ​ការពារ​ល្អ​ច្រើន។

​លោក ជី សុផាត បញ្ជាក់​បន្ថែម​ថា​ អាណាព្យាបាល​ត្រូវ​មាន​ចំណេះ​ដឹង​ពាក់ព័ន្ធ​ជាមួយ​បច្ចេកវិទ្យា ដើម្បី​កំណត់​ដឹង​ថា​ តើ​កូន​គួរ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ណា​ដែល​ល្អ ហើយ​ថា​ អាណាព្យាបាល​គួរ​តែ​ឱ្យ​កូន​កាត់​បន្ថយការ​ប្រើ​ប្រាស់​ទូរសព្ទ ក៏​ដូច​ជា​កុំព្យូទ័រ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំគិត​ថា​ មាន​តែ​ក្រម​មួយ​ទេ គឺ​ចំណេះដឹង​ដល់​ពួក​គាត់​សម្រាប់​ការ​យល់​អំពី​អាហ្នឹង។នៅពេល​គាត់​យល់​អំពី​អាហ្នឹង​ទៅ ខ្ញុំ​គិតថា ​វាអាច​ជួយ​ទៅ​ច្រើន។ ព្រោះ​បើ​សិន​ការ​ចូលរួម​របស់​រដ្ឋាភិបាល ក៏​អត់មាន​ Education (ការ​អប់រំ) ដែរ ព្រោះ​គាត់​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​គួរសម​ដែរ។ បើ​តាម​ខ្ញុំ​តាម​ដាន ព្រោះ​ខ្ញុំ​ក៏​តាម​ដាន​កន្លង​មក​ដែរ»។

គួរ​បញ្ជាក់​ថា ​របាយ​ការណ៍​របស់​អង្គការ​យូនីសេហ្វ​ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យមាន​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​អំពី​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ទូ​ទាំង​ប្រទេស។ ការ​ធ្វើ​ដូច្នេះ​អាច​រួម​ចំណែក​ដល់​ការ​លុប​បំបាត់​ផ្នត់​គំនិត​សង្គម បម្រាម​ប្រពៃណី និង​បង្កើន​ការ​រាយការណ៍​ជាដើម៕

XS
SM
MD
LG