អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងតំណាងសហជីពបានរិះគន់អាជ្ញាធរខេត្តស្វាយរៀងដែលធ្វើការហាមប្រាមមិនឲ្យពួកគាត់ចូលសង្កេតការណ៍មើលហេតុការណ៍ហិង្សាមួយនាព្រឹកថ្ងៃអង្គារ រវាងក្រុមអាជ្ញាធរដែលបំពាក់ដោយខែល និងដំបងនឹងកម្មករកាត់ដេរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រុមសង្គមស៊ីវិល និងសហជីពអះអាងថា ពួកគេត្រូវបានសមត្ថកិច្ចឃាត់ត្រឹមខ្លោងទ្វារចូលក្នុងតំបន់ឧស្សាហកម្មនោះ ដែលប្រហែលជាប៉ុន្មានរយម៉ែត្រពីកន្លែងកើតហេតុ។
លោក ឆេង សុភ័ស្ត អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស LICADHO បានបញ្ជាក់ប្រាប់ VOA តាមទូរស័ព្ទពីខេត្តស្វាយរៀងថា អាជ្ញាធរមិនបានអនុញ្ញាតឲ្យក្រុមលោក និងអ្នកឃ្លាំមើលហេតុការណ៍នេះចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេននោះទេ ដោយអះអាងថា ពួកគេមិនអាចធានាសុវត្ថិភាពឲ្យអង្គការសង្គមស៊ីវិលបាននោះ។
«មែនទែនទៅ យើងជាអង្គការសង្គមស៊ីវិលទាក់ទិននឹងបញ្ហកូដកម្ម បាតុកម្ម អីចឹងគឺយើងតែងតែទៅឃ្លាំមើលណា។ ប៉ុន្តែបើសិនមិនឲ្យយើងចូលអញ្ចឹង យើងគិតថា វាការរារាំងសិទ្ធិអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ហើយវាទាក់ទងរឿងបញ្ហាដែលកម្មករដែលពួកគាត់រងរបួស គឺយើងអាចជួយ។ និយាយរួមទៅគឺមិនមែនតែកម្មករនោះទេ តែខាងណាក៏ដោយឲ្យតែរងរបួស គឺយើងតែងតែជួយពួកគាត់អញ្ចឹងណា៎»។
លោកថា នេះគឺជាការរំលោភសិទ្ធិ និងជាការខាតបង់មួយសម្រាប់អ្នករបួស ពីព្រោះក្រុមការងាររបស់លោកក៏មានថ្នាំ និងពេទ្យសម្រាប់ជួយសង្គ្រោះអ្នករបួស ហើយការឃាត់ឃាំនោះសោតគឺជារឿងគួរឲ្យចម្លែក ដែលលោកមិនដែលធ្លាប់ជួបផងដែរ។
លោក ឆេង សុភ័ស្តបានបញ្ជាក់ពីការសោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា នេះជាការបំបិទសិទ្ធិមួយហើយណា ព្រោះយើងមិនដឹងថា មានហេតុការណ៍អ្វីដែលកើតឡើងនៅក្នុងនោះណា ដល់ហើយយើងជាអ្នកឃ្លាំមើល គឺចង់ឃើញព្រឹត្តិការណ៍ដែលជាក់ស្តែង។ ដល់ពេលយើងជាអ្នកឃ្លាំមើលហើយ យើងមិនបានឃើញព្រឹត្តិការណ៍ជាក់ស្តែងអញ្ចឹង យើងមានការសោកស្តាយចំពោះការហាមឃាត់នេះ»។
ដូចគ្នានោះ លោក ជា ឧត្តម មន្ត្រីសម្របសម្រួលរបស់សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ប្រចាំខេត្តស្វាយរៀង ក៏ត្រូវបានអាជ្ញាធរឃាត់មិនឱ្យចូលក្នុងកន្លែងកើតហេតុដែរ។ លោក ជា ឧត្តម ដែលនៅចម្ងាយប្រមាណបួនរយម៉ែត្រពីកន្លែងកើតហេតុនាព្រឹកថ្ងៃអង្គារនោះបានប្រាប់VOAថា ការមើលឃើញ និងសាកសួរកម្មករបានឲ្យដឹងថា កម្មករជាច្រើនពាន់នាក់ដែលដើរចេញពីរោងចក្រកាត់ដេរនាព្រឹកថ្ងៃអង្គារនេះ ត្រូវបានឃាត់មិនឲ្យចេញពីតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន។ ពួកគេបានប្រើដុំថ្មគប់សំដៅទៅក្រុមអាវុធហត្ថ និងឡានពន្លត់អគ្គីភ័យ ក្រោយពេលដែលអាជ្ញាធរបម្រុងនឹងបាញ់ទឹកបំបែកពួកគេ។
«ពាក់ព័ន្ធដល់ការគប់ដុំថ្មហ្នឹង បើតាមព័ត៌មានពីបងប្អូនមួយចំនួនហ្នឹង ដែលគាត់ចេញមក ហើយខ្ញុំបានសួរគាត់។ គាត់ប្រាប់ថា គាត់ចេញមកផ្ទះវិញហើយ ប៉ុន្តែអាជ្ញាធរបិទពីមុខផ្លូវគាត់ផ្លូវ ដែលគាត់ចង់ចេញមកហ្នឹង។ ពេលដែលបិទអញ្ចឹង ក៏មានការកកស្ទះពេលដែលបងប្អូនចេញមកទៅ ក៏បានប្រមូលផ្តុំគ្នាបាន។ ពេលប្រមូលផ្តុំគ្នាបានហ្នឹងគាត់ក៏មានការហ៊ោរកញ្ជ្រៀវ»។
លោកបានបន្តថានៅពេលមានការហ៊ោរកញ្ជ្រៀវអញ្ចឹង កងកម្លាំងសមត្ថកិច្ចក៏យកឡានទឹកទៅដាក់នៅកន្លែងហ្វូងបាតុករហ្នឹង។
«ក៏ប៉ុន្តែមិនទាន់បានធ្វើអ្វីទេ ក៏មានសកម្មភាពគប់តបមកវិញ ដោយសារតែពួកគាត់ហ្នឹងយល់ថា សមត្ថកិច្ចហ្នឹងប្រុងយកឡានទឹកហ្នឹងទៅបាញ់បង្ក្រាបពួកគាត់»។
លោក ជា ឧត្តម បានបញ្ជាក់ថា អាជ្ញាធររាប់រយនាក់ដែលបំពាក់ដោយខែល និងដំបងបានបើកការវាយបកទៅកាន់ក្រុមបាតុករវិញ។ តាមអ្វីដែលលោកអាចមើលឃើញពីចម្ងាយគឺការប៉ះទង្គិចគ្នានេះមានរយៈពេលប្រហែល៤០នាទី ចាប់ពីម៉ោងជិត១០ព្រឹក។
លោក ឆេង សុភ័ស្ត នៃអង្គការ LICADHOនិងលោក ជា ឧត្តម បានឲ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីមានសមត្ថកិច្ចពីររូប និងកម្មករផ្សេងទៀតរងរបួសស្រាលពីអំពើហិង្សានាព្រឹកមិញនេះ។ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យពីរគ្រឿង ដែលក្រុមសមត្ថកិច្ចបម្រុងយកទៅបង្ក្រាបកម្មករនោះ ក៏ត្រូវបានក្រុមកម្មករគប់ឲ្យខូចខាតផងដែរ។ ក៏ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានរបាយការណ៍មួយអំពីចំនួនកម្មកររងរបួសនោះទេ ហើយពួកគេកំពុងមានការភិតភ័យនៅឡើយ។
ការប៉ះទង្គិចនាព្រឹកថ្ងៃអង្គារនេះបានកើតឡើង មួយថ្ងៃក្រោយពេលដែលអាជ្ញាធរខេត្តស្វាយរៀង ធ្វើការបាញ់ទឹកបង្ក្រាបក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់នៅក្នុងតំបន់សេដ្ឋកិច្ច តាយសេង ដែលនៅក្បែនោះ។ អាជ្ញាធរបានធ្វើការឃាត់ខ្លួនកម្មករចំនួន៤៨នាក់មួយរយៈពេលខ្លីមុននឹងដោះលែង។
តាមការឲ្យដឹងពីអាជ្ញាធរ និងក្រុមអ្នកឃ្លាំមើលការតវ៉ាសុំឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់ទៅ១៤៨ដុល្លារ គឺ៨ដុល្លារលើសពីគោលការណ៍សម្រេចរបស់រដ្ឋាភិបាល ដែលដំឡើងឲ្យត្រឹម១៤០ដុល្លារតែប៉ុណ្ណោះ ចាប់ពីខែមករាខាងមុខនេះ។ពួកបាតុករអះអាងថា ការតវ៉ានេះគឺដោយសារតែម្ចាស់រោងចក្រធ្លាប់បានសន្យាឲ្យពួកគាត់នោះ។ ការតវ៉ានេះបានចាប់ផ្តើមតាំងពីថ្ងៃពុធកន្លងទៅ ហើយមានការរីករាលដាលពីតំបន់សេដ្ឋកិច្ចពិសេសពីមេនហាតធេន ទៅដល់តំបន់សេដ្ឋកិច្ចតាយសេងដែលនៅក្បែរនោះ។
យ៉ាងណាក៏ដោយ លោក រស់ ផារឹទ្ធ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ VOA ថា អាជ្ញាធរមិនបានតបតទៅនឹងការគប់ដុំថ្មពីសំណាក់ក្រុមអ្នកតវ៉ានាព្រឹកថ្ងៃអង្គារនេះទេ ដែលបណ្តាលឲ្យមន្ត្រីអាជ្ញាធរពីររូបរងរបួសក្បាល និងជើង។ លោកបានច្រានចោលចំពោះការចោទថា អាជ្ញាធររារាំងមិនឲ្យមានក្រុមអ្នកឃ្លាំមើលហេតុការណ៍នោះ។
«អាហ្នឹងគឺថាមិនមែនមិនឲ្យចូលទេ។ ខ្ញុំក្តាប់មិនបានថា មិនមានការមិនឲ្យចូលទេ ពីព្រោះសកម្មភាពហ្នឹងគឺប្រសេចប្រសាចពេញហ្នឹងអស់ហើយ។ មិនមានខាងណា ខាងណាទេ ពីព្រោះមនុស្សរាប់ម៉ឺននាក់នោះមិនមានខាងណាចូល ឬមិនចូលទេ។មានន័យថា គឺចូលទាំងអស់តែគ្នាហ្នឹងបាទ។ សហជីពនេះគឺខាងអាជ្ញាធរមានសមត្ថកិច្ចនេះគឺចង់សំណូមពរឲ្យតែខាងសហជីពជួយទេ»។
ក៏ប៉ុន្តែ លោក ឃុន សុខុម អ្នកសម្របសម្រួលការងាររបស់សម្ព័ន្ធសហជីពការងារកម្ពុជា (CLC) ប្រចាំខេត្តស្វាយរៀង បញ្ជាក់ថា វាជាទម្លាប់របស់អាជ្ញាធរដែលមានការរឹតត្បិតមិនឲ្យសហជីព និងអ្នកឃ្លាំមើលសិទ្ធិមនុស្សចូលឃ្លាំមើលហេតុការណ៍បែបនោះក្នុងតំបន់សេដ្ឋកិច្ចក្រុងបាវិត។
«ការពិតជាទូទៅ ប៉ុន្មានថ្ងៃនេះគឺអាជ្ញាធរមិនអនុញ្ញាតឲ្យសហជីពចូលទេ។ អាហ្នឹងគឺជាធម្មតា។ គាត់តែងតែឃាត់អញ្ចឹងហើយ។ ខ្ញុំអត់ច្បាស់ទេថា តើអាជ្ញាធរគាត់ភ័យខ្លាចសហជីព ឬថាសហជីពចូលទៅបង្កើតឲ្យមានចលាចល ឬយ៉ាងម៉េច។ ហ្អាហ្នឹងខ្ញុំមិនច្បាស់ដែរ»។
ហេតុការណ៍ហិង្សាជាលើកទីពីរក្នុងសប្តាហ៍នេះបានបញ្ចប់នាវេលាម៉ោង១១ថ្ងៃត្រង់ ខណៈពេលអាជ្ញាធរប្រកាសឲ្យមានការចរចាគ្នានោះ។
លោក រស់ ផារឹទ្ធ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង បានបញ្ចាក់ថា នារសៀលថ្ងៃដដែល បន្ទាប់ពីមានការផ្ទុះអំពើហិង្សាមក អាជ្ញាធរខេត្តស្វាយរៀង និងក្រុងបាវិតបានធ្វើការប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។ ម្ចាស់រោងចក្រកាត់ដេរបានស្នើឲ្យកម្មករកាត់ដេរ ឈប់សម្រាករយៈពេលពីរថ្ងៃ មុនពេលចូលមកធ្វើការជាធម្មតាវិញនាថ្ងៃសុក្រខាងមុខ ដើម្បីសម្រួលភាពតានតឹងរវាងអាជ្ញាធរ និងកម្មករ៕