ក្រុមអ្នកតវ៉ា និងតំណាងសហជីពបានអះអាងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរខេត្តស្វាយរៀងបានប្រើប្រាស់ឡានពន្លត់អគី្គភ័យបាញ់ទឹកបំបែកក្រុមអ្នកតវ៉ាច្រើនពាន់នាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ដែលតវ៉ាសុំឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បរិមា១៤៨ដុល្លារ អស់ជាច្រើនថ្ងៃមកហើយនោះ។
យ៉ាងហោចណាស់មានអ្នកតវ៉ាប្រហែល៥០នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការប៉ូលិសខេត្តស្វាយរៀងនាថ្ងៃច័ន្ទនេះ មិនបានប៉ុន្មានម៉ោងក្រោយការបាញ់ទឹកបំបែកអ្នកតវ៉ា។ នេះបើតាមការឲ្យដឹងរបស់អ្នកឃ្លាំមើលហេតុការណ៍នេះ និងក្រុមអ្នកតវ៉ា។
លោក កែវ សាម៉នជាកម្មករកាត់ដេរអាយុ២៩ឆ្នាំ ដែលបានចូលរួមបាតុកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសនាក្រុងបាវិត។ លោកនិយាយថា អាជ្ញាធរបានបើកការវាយតប់លើពួកអ្នកតវ៉ា មុនចាប់ខ្លួនពួកគេឡើងឡាន ហើយដឹកទៅសាលាខេត្ត។
«ប៉ូលិសហ្នឹងបាញ់ទឹកដាក់កម្មករ ហើយអញ្ចឹងហើយគេចាប់បានកម្មករពីរឡាន ទាំងប្រុសទាំងស្រីហ្នឹង។ ហើយឥឡូវគេបញ្ជូនទៅសាលាក្រុងខេត្តស្វាយរៀងបាត់ហើយ។ ហើយមុនហ្នឹងចាប់ បើប្រុសៗ គេមានការវ៉ៃហើយបានដាក់លើឡាន។ មុននឹងដាក់លើឡានហ្នឹងគេវ៉ៃដែរ»។
លោកឃុន សុខុម ជាអ្នកសម្របសម្រួលការងាររបស់សម្ព័ន្ធសហជីពការងារកម្ពុជា (CLC)។ លោកបញ្ជាក់ពីមូលហេតុក្នុងការតវ៉ារបស់កម្មករកាត់ដេរក្នុងក្រុងបាវិត ដោយពន្យល់ថា ដោយតែមានការប្រកាសដំឡើងប្រាក់ឈ្នួលអប្បរិមាត្រឹមតែ១៤០ដុល្លារតាមគោលការណ៍របស់រដ្ឋាភិបាល ក៏ប៉ុន្តែកម្មករចង់បានដល់ទៅ១៤៨ដុល្លារតាមអ្វីដែលម្ចាស់រោងចក្រនៅទីនោះធ្លាប់សន្យាឲ្យពួកគេ។
«រដ្ឋាភិបាលដំឡើងឲ្យ១៤០ដុល្លារគឺបន្ថែម១២ដុល្លារលើ១២៨ដុល្លារ។ វាខុសហ្នឹងអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយគាត់។ ដល់អញ្ចឹង គាត់ប្រតិកម្មថា ហេតុអ្វីបានដំឡើងតែ១២ដុល្លារ ពីព្រោះឆ្នាំមុនក្រុមហ៊ុនសន្យាថា នឹងដំឡើងឲ្យ២០ដុល្លារ។ ហើយអានេះគឺជាមូលហេតុនៃការទាមទារផ្ទុះឡើងហ្នឹង»។
ឧស្សាហកម្មកាត់ដេរគឺជាឧស្សាហកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចកម្ពុជា។ វាបានផ្តល់ការងារដល់កម្មករកាត់ដេរកម្ពុជាយ៉ាងហោចណាស់ ៧០ម៉ឺននាក់ទូទាំងប្រទេស។ បើទោះជាចំណូលពីឧស្សាហកម្មនេះមានច្រើនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗក៏ដោយ ក៏ប៉ុន្តែជីវភាពកម្មករកម្ពុជាដែលទទួលបានប្រាក់ខែអប្បរិមាត្រឹមតែ១២៨ដុល្លារនោះ នៅតែមានភាពខ្សត់ខ្សោយ។
កាលពីខែតុលាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរិមាសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងដល់ ១៤០ដុល្លារគឺឡើងពី១២៨ដុល្លារអាមេរិកក្នុងមួយខែ។ ការដំឡើងនេះនឹងចាប់ផ្តើមពីខែមករាឆ្នាំ២០១៦ខាងមុខតទៅ។
លោកឃុន សុខុមនៃសម្ព័ន្ធសហជីពការងារកម្ពុជា (CLC) និយាយថា កម្មករជាង២ម៉ឺននាក់បានចេញមកធ្វើបាតុកម្មចាប់តាំងពីល្ងាចថ្ងៃពុធសប្តាហ៍កន្លងទៅ បន្ទាប់ពីឮដំណឹងនៃការដំឡើងនេះ។ ពួកគេភាគច្រើនចង់ឲ្យមានដំណោះស្រាយជូនគាត់។
«ការតវ៉ាមានចាប់តាំងពីថ្ងៃទី១៦ បន្ទាប់ពីម៉ោងបាយទៅ រាល់ថ្ងៃរហូត លើកលេងតែថ្ងៃអាទិត្យម្សិលមិញហ្នឹងណា៎។ តាមពិតទៅ ពួកគាត់ចង់ឲ្យមានដំណោះស្រាយជូនពួកគាត់ ពីព្រោះគាត់ធ្វើការតវ៉ាហ្នឹងគឺច្រើនថ្ងៃមកហើយ តាំងពីថ្ងៃទី១៦មកណា៎»។
លោកបន្តថា អ្នកតវ៉ាមួយចំនួនត្រូវបានចាប់ឃុំខ្លួនបន្ទាប់ពីហេតុការណ៍នោះ។
ក្រុមអាជ្ញាធរខេត្តនិយាយថា ការបង្ក្រាបកាលពីព្រឹកថ្ងៃច័ន្ទនេះគឺជាការទប់ស្កាត់កុំឲ្យមានភាពហ្វឹកវរ និងមិនឱ្យមានការបំផ្លាញទ្រព្យសម្បតិ្តអ្នកវិនិយោគទុនក្នុងខេត្ត ដោយការគប់ដុំថ្មដោយអ្នកតវ៉ា។
លោកសេង សីលា អភិបាលក្រុងបាវិត បានអះអាងអំពីមូលហេតុនៃការបាញ់ទឹកដាក់ក្រុមអ្នកតវ៉ា ដោយនិយាយយ៉ាងដូច្នេះថា៖
«មូលហេតុគឺកម្មករនៅតំបន់តាយសេង វាចង់មកក្រឡុកនៅតំបន់មេនហាតធេន។ ដល់អញ្ចឹងហើយ យើងទប់កុំឱ្យគាត់មក។ ហើយទប់កុំឱ្យគាត់មកប៉ុណ្ណឹងហើយគាត់វៀងកាត់តាមផ្លូវក្រោយ។ មានផ្លូវមួយកាត់តាមវាលស្រែខាងក្រោយហ្នឹង គាត់កាត់ទៅគប់រោងចក្រគេនៅ មេនហាតធេននៅខាងក្រោយទៀត។ ឥឡូវនេះប៉ូលិស ប៉េអឹមយើងព័ទ្ធចាប់បានប៉ុន្មាននាក់ ហើយយកទៅសាកសួរថា តើគាត់មានបញ្ជាពីណាមក អីក៏តស៊ូម្ល៉េះ វារកាត់ភក់ទៅគប់រោងចក្រគេដល់ក្រោយទៀត ហើយចម្ងាយប្រហែល១គីឡូដី»។
ស្របគ្នានោះដែរ លោករស់ ផារឹទ្ធ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ VOA ថា ការបង្ក្រាបកាលពីព្រឹកមិញនេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងក្រុងបាវិត ហើយកម្មករដែលតវ៉ានោះទៀតសោតមានគ្នាត្រឹមតែពីរទៅបីពាន់នាក់ប៉ុណ្ណោះ។ វាខុសពីការអះអាងរបស់ក្រុមអ្នកឃ្លាំមើលហេតុការណ៍នោះ ដែលនិយាយថា មានដល់ទៅជាង២ម៉ឺននាក់។
«នេះគ្រាន់តែហៅគាត់មក អញ្ជើញគាត់មកសួរនាំគាត់ អប់រំគាត់ ពន្យល់គាត់ថា មានការអី។ ដូចខ្ញុំនិយាយខាងដើមអញ្ចឹង ត្រូវចរចាគ្នាដោយសន្តិវិធី រកវិធីដោះស្រាយ។ គាត់ចង់បានអី គាត់ចង់ទាមទារអី យើងត្រូវចរចាគ្នា កុំឈានដល់អំពើហិង្សាអញ្ចឹង»។
លោករស់ ផារឹទ្ធក៏បានបញ្ជាក់ពីការចាប់ខ្លួនរបស់ក្រុមអ្នកតវ៉ាផងដែរ ក៏ប៉ុន្តែនិយាយថា អាជ្ញាធរគ្រាន់តែធ្វើការសាកសួរ ហើយនិយាយថា មានការដោះលែងវិញហើយ។
ក៏ប៉ុន្តែលោកនុត បូពិណ្ណារ័ត្ន អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស Licadho ដែលបានតាមដានហេតុការណ៍នេះ បានថ្លែងប្រាប់ VOA ថា ភាគច្រើននៃកម្មករ ដែលត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃច័ន្ទនេះ គឺមិនបានប្រព្រឹត្តអំពើហិង្សានៅពេលមានបាតុកម្មនោះទេ។
«បាទអ្វីដែលយើងមើលទៅ ដូចតាមដែលពួកគាត់និយាយទៅគឺអ្នកខ្លះគឺអត់មានប្រព្រឹត្តបទល្មើសជាក់ស្តែងអីនៅទីនោះទេ។ ចេះតែឃាត់គាត់មក។ ឃាត់គាត់មកហើយ ពេលថ្ងៃត្រង់ម៉ោង១២ហ្នឹង ខ្ញុំនឹងបងប្អូនគាត់យកបាយមកឲ្យហូប ក៏ឃាត់មិនឲ្យគេយកបាយឲ្យទៀត។ អញ្ចឹង វាប៉ះពាល់ទៅលើសិទ្ធិក្នុងការទទួលអាហាររបស់គាត់ទៀត ព្រោះទោះបីជាគាត់មានទោស ហើយបងប្អូនមានសិទ្ធិជួប មានសិទ្ធិអី និងយកអាហារទៅឲ្យ។ ក៏ប៉ុន្តែនេះគឺដេញអត់ឲ្យពួកគាត់ជួប អត់ឲ្យអី ដេញទាំងខ្ញុំទៀតមិនឲ្យឈរក្បែររបងគេទៀត»។
លោកនុត បូពិណ្ណារ័ត្នបានឲ្យដឹងផងដែរថា កាលពីសប្តាហ៍កន្លងទៅ អាជ្ញាធរបានចាប់ឃុំខ្លួនអ្នកតវ៉ាសុំដំឡើងប្រាក់ឈ្នួលចំនួន៤នាក់ ក្នុងតំបន់សេដ្ឋកិច្ចពីសេសនេះ និងបញ្ជូនទៅតុលាការខេត្តនាថ្ងៃអាទិត្យកន្លងទៅនេះ។ ជនទាំងបួនរូបនោះត្រូវបានតុលាការឃុំខ្លួន ក្រោយពេលមានការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បតិ្ត និងញុះញង់។
លោកជៀង អំ អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ VOA នាល្ងាចថ្ងៃច័ន្ទនេះថា ក្រោយធ្វើការបង្ក្រាបនាព្រឹកថ្ងៃច័ន្ទនេះ អាជ្ញាធរបានដោះលែងកម្មករចំនួន៤៨នាក់ដែលអាជ្ញាធរខេត្តចាប់ខ្លួន ដោយបានឲ្យពួកគេទៅគេហដ្ឋានរៀងខ្លួនវិញហើយ ក្រោយពីធ្វើការសាកសួរ និងអប់រំ៕