អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជា គួរតែពិនិត្យមើលឡើងវិញនូវសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលត្រូវបានដាក់ជូនទៅរដ្ឋសភានោះ ដើម្បីធានាថា ច្បាប់នោះនឹងការពារសិទ្ធិកម្មករយ៉ាងពេញលេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
អង្គការដែលមានស្នាក់ការធំនៅទីក្រុងញូវយ៉កនេះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែកំណត់កាលបរិច្ឆេទមួយ ដើម្បីរៀបចំ «សិក្ខាសាលាថ្នាក់ជាតិ» ដោយមាន «ភាគីពាក់ព័ន្ធទាំងអស់ចូលរួម» ក្រោយពីក្រុមសហជីពបានជំទាស់នឹងសេចក្តីព្រាងច្បាប់សហជីពនោះ។
អង្គការ Human Rights Watch បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើឲ្យប្រាកដថា សិក្ខាសាលានោះ មានតម្លាភាពនិងមានការចូលរួមពីភាគីនានា។
លោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ខណៈដែលសេចក្តីព្រាចចុងក្រោយនៃច្បាប់ស្តីពីសហជីព មានលក្ខណៈល្អប្រសើរជាងសេចក្តីព្រាងមុនៗនោះ វានៅតែមិនទាន់អាចការពារសិទ្ធិកម្មករនិងសហជីពបាននៅឡើយទេ។»
លោក Brad Adams បានបន្ថែមថា «មានមាត្រាជាច្រើនដែលអាចឲ្យរដ្ឋាភិបាលនិងនិយោជក រំលោភបំពានសិទ្ធិកម្មករបានយ៉ាងងាយស្រួល ដូច្នេះប្រទេសម្ចាស់ជំនួយគួរតែដាក់សម្ពាធដើម្បីឲ្យមានកិច្ចពិគ្រោះយោបល់ដ៏ពិតប្រាកដ ក្នុងការពិនិត្យមើលឡើងវិញនូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់សហជីពនេះ»៕
ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានសម្រេចសេចក្តីព្រាងច្បាប់ស្តីពីសហជីពក្នុងទម្រង់បច្ចុប្បន្ននេះ កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥ ហើយក៏បានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សភាជាតិ ដើម្បីអនុម័ត៕