ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការឃុំខ្លួនបុគ្គលដែលលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្តឹង


រូបឯកសារ៖ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក ​យ៉ង់ ប៉ាក់ ​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​Agribee Cambodia ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន ​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ដែល​ប្តឹង​ដោយ​លោក ​ព្រាប កុល ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​របស់​តុលាការ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ ​យ៉ង់ ប៉ាក់ ​ត្រូវ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង ​និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ខែ​មករា​ ឆ្នាំ ​២០២៤​ បទ​ល្មើស​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​ ៣០៥ ​មាត្រា​ ៤៩៤​ និង​មាត្រា ​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

លោក​បន្ថែម​ថា៖ ​«ក្រោយ​ពី​សាក​សួរ​និង​ពិនិត្យ​ភស្តុតាង ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែទី ១​(ម១)​ ដើម្បី​បន្ត​ចំណាត់​ការ​ស៊ើប​សួរ​តាម​នីតិវិធី​ច្បាប់»។​

កាល​ពី​ថ្ងៃ​ទី ១៩​ ខែ​មករា ​ឆ្នាំ​ ២០២៤ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ហា​ឱ្យ​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ​យ៉ង់ ប៉ាក់​ ជា​អគ្គ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Agribee Cambodia ​មក​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី ​៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤ ​ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ដែល​ប្តឹង​ដោយ​លោក ​ព្រាប កុល។​

លោក ​សំ វិច្ឆិកា ​អ្នក​នាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក ​យ៉ង់ ប៉ាក់​ ដែល​សមត្ថ​កិច្ច​អះអាង​ថា​ ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​Chivann Pen ​ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ២២ ​ខែ​មករា​ តាម​បណ្តឹង​របស់​លោក ​ព្រាប កុល។​

គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chivann Pen ​កាល​ពី​ថ្ងៃ​ទី ​១៥ ​ខែ​មករា ​ឆ្នាំ ​២០២៤ ​បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​របស់​លោក​ ព្រាប កុល​ ថា ​លោក ​ព្រាប កុល​ ត្រូវ​បាន​គេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ជាង ​៨០​លាន​ដុល្លារ ​ក្នុង​គម្រោង​វិនិយោគ​អចលន​ទ្រព្យ​របស់​ក្រុមហ៊ុន​ CIC ​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ប្រមាណ ​៥៤៦​នាក់ ​បាត់​បង់​ទ្រព្យ​ធន​លុយ​កាក់​ក្នុង​ការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ។​

បន្ទាប់​ពី​មាន​ការ​បង្ហោះ​ខ្លឹមសារ​បែប​នេះ​រួច​មក​ នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​មករា ​ឆ្នាំ​ ២០២៤​ មេធាវី​របស់​លោក ​ព្រាប កុល​ គឺ​លោក ​សារ៉េត សារ៉េនឌី ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chivann Pen​ ឱ្យ​លុប​សំណេរ​ខ្លឹមសារ​និង​រូបភាព​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤។ ​មេធាវី​ចាត់​ទុក​ថា​ ការ​បង្ហោះ​នោះ​មាន​លក្ខណៈ​«បរិហារ​កេរ្តិ៍​និង​ញុះញង់»។​ ប៉ុន្តែ​ជាក់​ស្តែង​ ខ្លឹមសារ​និង​រូបភាព​ទាំង​នោះ​មិន​ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Chivann Pen ​លុប​នោះ​ឡើយ។ ​ ក្រោយ​មក​ទៀត​កាល​ពី​ថ្ងៃ​ទី ​២៣ ​ក្រុមហ៊ុន​ CIC​ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ច្បាប់​ដែល​បាន​បញ្ជាក់​ថា​ លោក ​ព្រាប កុល ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកិប​កេង​ប្រាក់​ជាង​៨០​លាន​ដុល្លារ​ពី​ស្ថាប័ន​របស់​ខ្លួន​ឡើយ​និង​ថា​ លោក​ក៏​ពុំ​ធ្លាប់​មាន​តួនាទី​ក្នុង​រចនា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ CIC ​ដែរ។​

លោក ​ព្រាប កុល ​អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ហើយ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chivann Pen ​គឺ​របស់​លោក ​យ៉ង់ ប៉ាក់។​ លោក​ថា​ បុគ្គល​នោះ​បាន​ចោទ​ប្រកាន់​រូប​លោក ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ ​ហើយ​វា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​លោក។​

លោក​ថ្លែង​ថា៖ ​«ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ ដោយ​គ្មាន​ភស្តុតាង​ គ្មាន​អំណះ​អំណាង​អី​នេះ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ។​ ហើយ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ក៏​បាន​ទូលំ​ទូលាយ​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​នៅ​ក្រៅ​ប្រទេស​អ៊ីចឹង​ផល​ប៉ះពាល់​នេះ​គឺ​វា​ធំធេង​ណាស់»។​

លោក​បន្ថែម​ទៀត​ថា​ បើ​ទោះ​បី​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ​Chivann Pen ​បាន​សារភាព​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ក៏​ដោយ ​ក៏​លោក​នៅ​តែ​ពិចារណា​ក្នុង​ការ​ទាមទារ​សំណង​ពី​បុគ្គល​រូប​នោះ។​

លោក​លើក​ឡើង​ថា៖​ «ហើយ​គាត់​ក៏​បាន​ទទួល​សារ​ភាព​នៅ​ក្នុង​នីតិវិធី​តុលាការ​ហើយ​ដែរ។ ​ហើយ​ខ្ញុំ​នឹង​ពិភាក្សា​ពិចារណា​មើល​ថា​ តើ​គាត់​ត្រូវ​តែ​ទទួល​ទោស​ឬ​សង​យ៉ាង​ម៉េច?​ ខ្ញុំ​ត្រូវ​ទាមទារ​អី?​ ខ្ញុំ​នឹង​ថ្លឹង​ថ្លែង​ក្រោយ​ តែ​ឥឡូវ​នេះ​ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​ជូន​បាន​ទេ​បាទ»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ​លោក ​ព្រាប កុល ​ក៏​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖​ «សម្រាប់​ខ្ញុំ​គឺ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្តឹង​ទៅ​តុលាការ ​ដើម្បី​ឱ្យ​ជន​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ?​ ប្រទេស​មាន​ច្បាប់ ​បើ​មិន​អនុវត្ត​ច្បាប់​ទេ​សង្គម​នឹង​មាន​ភាព​អនា​ធិបតេយ្យ​ជា​មិន​ខាន ​ហើយ​ជន​ទុច្ចរិត ​នឹង​បន្ត​ដើរ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គេ​តាម​ទំនើង​ចិត្ត»។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ ប្រធាន​គណៈ​កម្មការ​នៃ​ស្ថាប័ន ​CIC​ បាន​បញ្ជាក់​ក្នុង​លិខិត​ជា​ផ្លូវការ​ហើយ​ថា ​លោក​ពុំ​មាន​ពាក់ព័ន្ធ​ក្នុង​ការ​ចោទ​ថា​បាន​កិប​កេង​លុយ​ស្ថាប័ន​ឡើយ។​

លោក ​ម៉ាក ចំរើន ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុន ​Agribee Cambodia ​ប្រាប់​វីអូអេ​ថា​ ការ​ប្តឹង​ផ្តល់​នេះ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ ​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឡើយ។​

លោក​ថ្លែង​ថា៖ ​«មិន​មែន​ទេ​[វា]​គឺ​រឿង​ Personal ​[ផ្ទាល់​ខ្លួន]​សុទ្ធ​ អត់​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន។​ ក្រុម​ហ៊ុន អត់​មាន​[ពាក់ព័ន្ធ​ទេ]។ ​តែ​គ្រាន់​តែ​ទូទៅ​ បុគ្គល​ហ្នឹង​គឺ​ជា​បុគ្គល​ដែល​មាន​នៅ​ក្នុង​ស្ថាប័ន។ អាហ្នឹង​ វា​ជា​ធម្មតា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្ថាប័ន​ខ្ញុំ​ខ្លះ​ដែរ»។​

បើ​តាម​លោក ​ព្រាប កុល ​ដែល​ជា​ដើម​បណ្តឹង​ ​រហូត​មក​ដល់​ពេល​នេះ​ ម្ចាស់​គណនី​Chivann Pen ​បាន​សារភាព​កំហុស និង​ស្នើ​សុំ​ការ​អភ័យ​ទោស​ពី​រូប​លោក។ ​ប៉ុន្តែ​លោក​ថា ​ទុក​ឱ្យ​តុលាការ​ជា​អ្នក​សម្រេច​ចំពោះ​រឿង​ក្តី​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG