ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូទ្រីស​ប្រហែល​បន្ធូរបន្ថយ​ការរឹតត្បិត​ដោយសារ​មេរោគ​កូរ៉ូណា​នៅ​ដើម​សប្តាហ៍​ក្រោយ


លោក Sebastian Kurz អធិការបតី​អូទ្រីស​ និង​លោក Werner Kogler អធិការបតីរង​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ ខណៈ​ដែល​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​តែ​បន្ត នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
លោក Sebastian Kurz អធិការបតី​អូទ្រីស​ និង​លោក Werner Kogler អធិការបតីរង​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ ខណៈ​ដែល​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​តែ​បន្ត នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

លោក Sebastian Kurz អធិការបតី​នៃ​ប្រទេស​អូទ្រីស បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា រដ្ឋាភិបាល​អូទ្រីស​សង្ឃឹម​ថា នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​បិទ​ប្រទេស ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​នៅ​សប្តាហ៍​ក្រោយ។

ថ្លែង​នៅ​សន្និសីទ​កាសែត​មួយ រួម​ជាមួយ​រដ្ឋមន្រ្តី​របស់​លោក លោក Kurz បាន​និយាយ​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​ហាង​តូចៗ​ដែល​មាន​ទំហំ​៤រយម៉ែត្រ​ការ៉េ ដូចជា​ហាង​លក់​ឧបករណ៍ Hardware ឬ​សួន​ច្បារ​បើក​នៅ​ថ្ងៃទី១៤ ខែមេសា​មួយ​សប្តាហ៍​ក្រោយ​ថ្ងៃអង្គារ​នេះ។

លោក​អធិការបតី បាន​មាន​ប្រសាសន៍​ទៀត​ថា គោលដៅ​ឲ្យ​មាន​ហាង​ទាំងអស់​ដូចជា មជ្ឈមណ្ឌល់​លក់​ដូរ​ធំៗ និង​ហាង​កាត់សក់​ធ្វើ​សក់​បើក​នៅ​ថ្ងៃទី១ ខែឧសភា។ ភោជនីយដ្ឋាន និង​សណ្ឋាគារ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ទេ​រហូត​ដល់​ពាក់​កណ្តាល​ខែ​ឧសភា រួម​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ផ្សេងៗ​ទៀត។

លោក​អធិការបតី​ប្រទេស​អូទ្រីស បាន​និយាយ​ទៀត​ថា ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​កាលពី​៣សប្តាហ៍​មុន​ដែល​ផុតកំណត់​នៅ​ថ្ងៃទី១៣ ខែមេសា​នេះ នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូត​ទាល់​តែ​ចុង​ខែ​នេះ។

ប្រទេស​អូទ្រីស​ដែល​មាន​ពលរដ្ឋ​៨លាន​៨សែន​នាក់ មាន​ករណី​មេរោគ​កូរ៉ូណា​ចំនួន​១ម៉ឺន២ពាន់​ហើយ​និង​មនុស្ស​ស្លាប់​២០៤នាក់​រហូត​មក​ទល់​ថ្ងៃចន្ទ​ម្សិលមិញ៕

XS
SM
MD
LG