នៅប្រទេស Chad ដែលេនៅជិតខាងប្រទេសBurkina Faso ការចុះតម្លៃប្រេងអាចនាំឱ្យមានបញ្ហាក្នុងការបង់ប្រាក់ឱ្យកងទ័ពខ្លាំងបំផុតក្នុងតំបន់ Sahel នៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួកបះបោរអ៊ិស្លាមនិយម។
ហើយនៅក្នុងប្រទេសនានាចាប់តាំងពីប្រទេស ម៉ាលីទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោនិងរហូតទៅដល់ប្រទេសស៊ូដង់ខាងត្បូង ចលាចលច្រើនឆ្នាំបានធ្វើឱ្យរដ្ឋាភិបាលខ្សោយបង្កើនការអត់ឃ្លាននិងការខ្វះអាហារូបត្ថម្ភហើយបានធ្វើឱ្យជំរំពួកជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងដែលមានមនុស្សកកកុញ មានការថែទាំសុខភាពនិងសេវាអនាម័យតែបន្តិចបន្តួច។
ពួកអ្នកវិភាគនិងអង្គការមនុស្សធ៌មនិយាយថា ប្រសិនបើពួកអ្នកជំនាញព្រួយបារម្ភថា វីរុសកូរ៉ូណារាលដាលខ្លាំងនៅក្នុងទ្វីបអាហ្វ្រិក តំបន់មានសង្គ្រាមក្នុងទ្វីបនោះនឹងអាចរងគ្រោះដោយងាយ។
លោក Laurent Bossard ជានាយកនៃក្លិប Sahel និងតំបន់ខាងលិចនៃទ្វីប អាហ្វ្រិកនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍមានមូលដ្ឋាននៅក្នុងក្រុង ប៉ារីស។ លោកបាននិយាយថា៖
«នៅពេលនេះប្រទេសទាំងនេះប្រឈមនឹងសង្គ្រាមពីរហើយសង្គ្រាមទាំងពីរនេះមានការពាក់ព័ន្ធគ្នា»។
រហូតមកដល់ពេលនេះអាជ្ញាធរក្នុងទ្វីបអាហ្វ្រិកបានរាយការណ៍ថា មានករណីអ្នកជំងឺCOVID-19 តែពីរបីពាន់នាក់ប៉ុណ្ណោះហើយក៏គ្មានការរាលដាលដូចដែលមាននៅក្នុងប្រទេសចិន ប្រទេសអ៊ីតាលីនិងស.រ.អា.ដែរ។
ក៏ប៉ុន្តែពួកអ្នកជំនាញព្រួយបារម្ភថាករណីអ្នកជំងឺនេះអាចកើនច្រើនយ៉ាងរហ័សហើយទ្វីបនេះអាចប្រឈមនឹងការកាត់បន្ថយកិច្ចប្រតិបត្តិការការពារសន្តិភាពនិងប្រឈមនឹងការគាំទ្រខាងមនុស្សធ៌មពីពួកប្រទេសផ្តល់ជំនួយដែលប្រយុទ្ធប្រឆាំងជំងឺCOVID-19ដោយខ្លួនឯងនោះ។
ដោយអំពាវនាវឱ្យមានវិធានការជួយជាបន្ទាន់គ្រាមានអាសន្នគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិហៅកាត់ថាICRC បានព្រមាននៅក្នុងសប្តាហ៍ទីមួយនៃខែមេសាថា តំបន់មានសង្គ្រាមនៅក្នុងទ្វីបអាហ្វ្រិកនឹងមានផលប៉ះពាល់«ខ្ទិចខ្ទាំ»ដោយសារការរាលដាលជំងឺCOVID-19 នៅក្នុងទ្វីបនេះ។
អ្នកស្រីHalimatou Amadou ជាអ្នកនាំពាក្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងក្រុងDakarប្រទេសសេណេហ្គាល់។អ្នកស្រីបាននិយាយថា៖
«យើងមានការព្រួយបារម្ភ ជាពិសេសអំពីទ្វីបអាហ្វ្រិក ពីព្រោះវាជាទ្វីបមួយមានសង្គ្រាមនិងអំពើហិង្សាដែលមិនទាន់ឈប់នៅឡើយ»។
ក្រៅពីនេះមានវិបត្តិមនុស្សធ៌មមួយទៀត។
គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិបានឲ្យដឹងថា ការរាលដាលចលាចលដែលភាគច្រើនបង្កដោយពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមនោះបាននាំឱ្យមានការបិទមន្ទីរថែទាំសុខភាពជាង១០០នៅក្នុងឆ្នាំនេះនៅក្នុងប្រទេស Burkina Faso ចំណែកឯ២០ភាគរយនៃមជ្ឈមណ្ឌលទាំងនោះបានត្រូវបំផ្លាញដោយផ្នែកឬទាំងស្រុងនៅក្នុងប្រទេសម៉ាលីដែលជាប្រទេសជិតខាង។
អង្គការសុខភាពពិភពលោកឲ្យដឹងថា នៅភាគខាងកើត សង្គ្រាមរាប់ទសវត្សរ៍នៅក្នុងប្រទេសស៊ូដង់ខាងត្បូងបានបន្សល់ទុកវេជ្ជបណ្ឌិតតិចតួចគឺក្នុងចំណោមប្រជារាស្ត្រ៦ម៉ឺន៥ពាន់នាក់មានវេជ្ជបណ្ឌតតែម្នាក់ប៉ុណ្ណោះសម្រាប់ព្យាបាលពួកគេ។
អង្គការមនុស្សធ៌ម ឈ្មោះជនភៀសខ្លួនអន្តរជាតិ គឺ Refugees International ឲ្យដឹងថា នៅក្នុងតំបន់ជ្រោយខាងកើតទ្វីបអាហ្វ្រិកគឺHorn of Africa ពួកអ្នកជំនាញខាងសុខាភិបាលបារម្ភថា ការរាលដាលវីរុសកូរ៉ូណានៅក្នុងប្រទេសសូម៉ាលីដែលខ្ទិចខ្ទាំដោយសារសង្គ្រាមនិងដែលមានពួកជនខ្ចាត់ព្រាត់ពីផ្ទះសម្បែង២លាន៦សែននាក់នោះ អាចមានការរាតត្បាតធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ កំពុងធ្វើការជាមួយពួកដៃគូក្នុងមូលដ្ឋានក្នុងតំបន់មានសង្គ្រាមក្នុងទ្វីបអាហ្វ្រិកដើម្បីធ្វើឱ្យសហគមន៍មានការយល់ដឹងអំពីជំងឺនេះតាមរយៈវីដេអូផ្សាយតាមបណ្តាញផ្សាយព័ត៌មានលិខិតពន្យល់អំពីជំងឺនេះនិងក្រុមអ្នកចុះទៅពន្យល់អ្នកស្រុកអំពីជំងឺនេះ។អ្នកស្រីAmadou បាននិយាយថា មានឧបសគ្គច្រើនដោយរួមមានតំបន់មិនអាចចូលបានជាច្រើនដោយសារមានអសន្តិសុខ។
អ្នកស្រីបានថ្លែងបន្ថែមថា៖
«យើងកំពុងខិតខំព្យាយាមគិតរកដំណោះស្រាយតាមរបៀបថ្មីដើម្បីបានទៅជួយប្រជារាស្ត្រទាំងនេះ»។
តំបន់មានសង្គ្រាមខ្លះមានរបៀបរាបរយបន្តិចបន្តួច។ ជាឧទាហរណ៍នៅក្នុងតំបន់Sahel ចលាចលបានកំហិតចរាចរណ៍ ហើយបានកាត់ផ្តាច់សហគមន៍ពីរដ្ឋធានីដែលអាចជាកន្លែងមានការរាតត្បាតធ្ងន់ធ្ងរ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរើបពីការរាតត្បាតនៃជំងឺ Ebola កាលពីខែមុនដែលប្រហែលបានប្រុងប្រៀបក្រុមគ្រូពេទ្យបានល្អដើម្បីដោះស្រាយវិបត្តិសុខភាពថ្មីៗបំផុតនេះ។
អ្នកស្រី Amadou នៃគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ បានថ្លែងថា៖
«បញ្ហាមួយក្នុងបណ្តាបញ្ហានៅទ្វីបអាហ្វ្រិកគឺវាជាទ្វីបមួយដែលជាអកុសល មានការរាតត្បាតដោយជំងឺផ្សេងៗហើយនៅទីនោះប្រព័ន្ធវេជ្ជសាស្ត្រត្រូវបានប្រើប្រាស់ដោយមានមធ្យោបាយបន្តិចបន្តួច។យើងមានបុគ្គលិកពេទ្យដែលមានប្រឌិតភាពដែលរកដំណោះស្រាយដោយសម្របសម្រួលតាមសភាពការណ៍ក្នុងមូលដ្ឋាន»៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ