លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និយាយថា លោកនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣០ថ្ងៃនៅក្នុងផ្នែកខ្លះនៅក្នុងប្រទេសនៅក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវករណីមេរោគកូរ៉ូណា។
លោកនាយករដ្ឋមន្រ្តី អាបេ បានប្រកាសពីបំណងរបស់លោកកាលពីថ្ងៃចន្ទម្សិលមិញក្នុងអំឡុងនៃសុន្ទរកថាផ្សាយតាមទូរទស្សន៍បន្ទាប់ពីជួបជាមួយ ក្រុមការងារពិសេសដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះ។ លោកអាបេ បានមានប្រសាសន៍ថា លោក នឹងប្រកាសជាផ្លូវការនៅថ្ងៃអង្គារនេះសម្រាប់រាជធានីតូក្យូ និងខេត្ត៦ផ្សេងទៀត រួមមានទីក្រុងកំពង់ផែអូសាកាផងដែរ។
ការប្រកាសភាពអាសន្ននេះនឹងផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាននូវអំណាចធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋស្ថិតនៅផ្ទះ និងសុំបិទសាលារៀន និងកន្លែងពាណិជ្ជកម្ម។ រដ្ឋធម្មនុញ្ញជប៉ុន ដែលផ្តល់អំណាចយ៉ាងខ្លាំងដល់សេរីភាពពលរដ្ឋមិនផ្តល់អំណាចដល់រដ្ឋាភិបាលដែលតម្រូវឲ្យដាក់មនុស្សឲ្យនៅដាច់ពីគេនោះទេ។
លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសសេចក្តីព្រាងច្បាប់ដាក់ប្រាក់ចូលសេដ្ឋកិច្ចដែលមានទឹកប្រាក់៩៩០ពាន់លានដុល្លារដើម្បីជួយសេដ្ឋកិច្ចដែលបណ្តាលមកពីការរាលដាលជាសាកលនូវមេរោគកូរ៉ូណា រួមមានប្រាក់៥៥ពាន់លានដុល្លារផ្តល់ទៅឲ្យក្រុមគ្រួសារ និងពាណិជ្ជកម្មខ្នាតតូច។
លោកអាបេ មានការស្ទាក់ស្ទើរប្រើស្ថានភាពអាសន្ននេះ ក៏ប៉ុន្តែ បានបង្ហាញនូវការចាត់វិធានការបន្ទាប់ពីរាជធានីតូក្យូ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៤៣ករណី កាលពីថ្ងៃអាទិត្យ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ដោយធ្វើឲ្យមានចំនួនសរុបទាំងអស់នៅក្នុងរាជធានីនោះឡើងទៅដល់ជាង១ពាន់ករណី។
នៅទូទាំងប្រទេសជប៉ុន មាន៣ពាន់៥រយករណីមេរោគកូរ៉ូណា រួមមានមនុស្ស ស្លាប់ជាង៧០នាក់៕