លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថា លទ្ធភាពរាតត្បាតនៃវីរុសកូរ៉ូណានៅកម្ពុជា ស្ថិតក្នុងហានិភ័យខ្ពស់នៅឡើយ បើទោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីឆ្លងថ្មីមិនមាននោះទេ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា បើទោះចំនួនឆ្លងនៅមានតិចនៅកម្ពុជា ប៉ុន្តែ«ហានិភ័យនៅខ្ពស់ណាស់» សម្រាប់កម្ពុជា។
លោកមានប្រសាសន៍ថា៖ «ដូច្នេះហើយ យើងអត់ត្រូវសប្បាយភ្លេចខ្លួន ដែលនាំមកនូវហានិភ័យសម្រាប់ប្រទេសយើងនោះទេ។ យើងត្រូវមានវិធានការបន្ត»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវដាក់នូវ «យុទ្ធសាស្រ្តនៃការតស៊ូរយៈពេលវែង» ប្រឆាំងនឹងវីរុសកូរ៉ូណានេះ។
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានប្រកាសថា រកឃើញករណីឆ្លងវីរុសកូរ៉ូណា១នាក់ទៀត ដែលជាជនបរទេស នាំឲ្យករណីឆ្លងទូទាំងប្រទេសកើនឡើងទៅដល់១១៥។ ក្រសួងបញ្ជាក់ថា ជនបរទេសនោះ គឺជាស្រ្តីទេសចរជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាម។ ស្រ្តីម្នាក់នោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បើតាមក្រសួងសុខាភិបាល ស្រ្តីរូបនោះបានចេញពីក្រុងបាវិត ខេត្តស្វាយរៀង ទៅវៀតណាម កាលពីថ្ងៃទី២ ខែមីនា ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា។ ស្រ្តីនោះមានមិត្តប្រុសជនជាតិចិន ដែលបានចេញពីកម្ពុជា នៅថ្ងៃទី៣ ខែមេសា។ ក្រសួងមិនបានបញ្ជាក់ថាតើបុរសជាជនជាតិចិននោះ ចេញទៅប្រទេសណានោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មនុស្ស៥នាក់ទៀតបានជាសះស្បើយពីជំងឺ។ គិតត្រឹមថ្ងៃអង្គារនេះ សរុបអ្នកជាសះស្បើយ មានទៅដល់៥៨នាក់។
រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែមីនា កម្ពុជាបានធ្វើតេស្តមនុស្សចំនួន៥៧៦៨នាក់ ទាំងជនជាតិកម្ពុជា និងជនបរទេស ក្នុងនោះមានជនបរទេសដែលធ្វើដំណើរកម្សាន្តតាមនាវាអន្តរជាតិ Westerdam ដែលសុំចតនៅកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់VOAកាលពីសប្តាហ៍មុន។
ការធ្វើតេស្តរកវីរុសកូរ៉ូណាក្នុងតំបន់អាស៊ីអាគេ្នយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ត្រូវបានអ្នកជំនាញសុខាភិបាលក្នុងតំបន់សង្ស័យថាការធ្វើតេស្តមានកម្រិតទាបនេះ ប្រហែលជាមិនអាចបង្ហាញអំពីអត្រាពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩បានទេ។ ក្រុមអ្នកជំនាញបារម្ភថា បើសិនជាការបង្ហាញចំនួនមិនពិតប្រាកដនៃអ្នកឆ្លងជំងឺកូវីដ១៩ បង្កឲ្យមានភាពមិនសូវខ្វាយខ្វល់នោះ នោះវាអាចធ្វើឲ្យវីរុសនេះកាន់តែរីករាលដាល។
ក្រោយការរាលដាលនៃវីរុសកូរ៉ូណានៅកម្ពុជាជាបន្តបន្ទាប់ រដ្ឋាភិបាលបានប្រកាសបិទការជួបជុំទ្រង់ទ្រាយធំ ដូចជាការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត បៀរហ្គាឌិន និងកាស៊ីណូជាដើម៕