ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគថា ករណីអ្នកនិពន្ធអូស្ត្រាលីគូសបញ្ជាក់ពីការប្រថុយប្រថានដែលជនបរទេសប្រឈមនៅក្នុងប្រទេសចិន


លោក Yang Hengjun អ្នកនិពន្ធអូស្ត្រាលីដើមកំណើតចិននិងជាអ្នកធុរកិច្ច។ (Twitter @YANGHENGJUN)
លោក Yang Hengjun អ្នកនិពន្ធអូស្ត្រាលីដើមកំណើតចិននិងជាអ្នកធុរកិច្ច។ (Twitter @YANGHENGJUN)

ក្រុម​អ្នកវិភាគនិយាយថា ​ការ​ព្យួរទោស​ប្រហារ​ជីវិត​លោក Yang Hengjun អ្នកនិពន្ធ​អូស្ត្រាលី​ដើម​កំណើត​ចិន​និង​ជា​អ្នក​ធុរកិច្ច​កាល​ពី​ពេល​ថ្មីៗនេះ​ពី​បទ​ចោទប្រកាន់​ចារកម្ម ទំនងជា​នឹង​បន្ថែម​កង្វល់អំពីការ​ប្រថុយប្រថាន​ដែលជន​បរទេស​ប្រឈម​នៅ​ពេល​រស់នៅ​ ធ្វើការ​និងទៅ​លេង​ប្រទេស​ចិន។

លោក Yang ដែល​ជាសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ចារកម្ម​ត្រូវបាន​កាត់ទោស កាលពី​ដើម​ខែ​កុម្ភៈ។ កាលពី​ថ្ងៃពុធ​ទី ២១ ខែ​កុម្ភៈ​ គ្រួសារ​លោកបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​និយាយថា ​ពួក​គេ​នឹង​មិន​ដាក់ពាក្យ​បណ្តឹង​ឡើង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះរបស់តុលាការ​ទេ ​ដោយគ្មានការ​ទុកចិត្ត​ដល់​ប្រព័ន្ធ​តុលាការ​នៃ​ប្រទេស​ចិន ហើយ​មិន​សង្ឃឹម​ថា នឹង​អាចធ្វើ​ឱ្យ​មាន​«ការថែទាំ​សុខភាព​ដោយ​សមរម្យ​និង​ដោយ​មាន​ការ​ត្រួតពិនិត្យ»។

ពួក​គេ​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា៖ «សេចក្តី​សម្រេច​របស់​លោក Yang មិន​តវ៉ាឡើង​ឧទ្ធរណ៍​ប្រឆាំង​នឹងដំណើរការ​នេះ​ មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ការពិត​ជាក់ស្តែង​ដែល​ថា​លោកជា​មនុស្ស​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​និង​មិន​បាក់​ទឹក​ចិត្ត​ទេ។ យើង​ជា​សមាជិក​គ្រួសារនិង​មិត្តភក្តិ​ជិតស្និទ្ធ​គាំទ្រ​ខ្លាំងក្លាដល់​សេចក្តី​សម្រេចរបស់​លោក Yang ក្នុងការ​បោះបង់​សិទ្ធិ​តាម​ផ្លូវច្បាប់​របស់​លោក​សម្រាប់​តវ៉ា​ឡើង​ឧទ្ធរណ៍​ប្រឆាំង​នឹងទោស​ប្រហារជីវិត​លោក​ដែល​ត្រូវ​បាន​ព្យួរ»។

លោក​ Feng Chongyi ជាអ្នក​ជំនាញខាង​នយោបាយ​ចិន​ នៅសាកលវិទ្យាល័យ​បច្ចេកវិទ្យា​ក្រុង​ Sydney ប្រទេស​អូស្ត្រាលី ​និង​ជា​អតីត​ទីប្រឹក្សា​របស់​លោក Yang។ លោកបាន​និយាយ​ប្រាប់​វីអូអេ​នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ថា​ ​នឹងមានផល​ប៉ះពាល់​ខ្លាំង​ពី​ករណី​នេះ។​

លោក Feng បាន​និយាយថា៖ «សេចក្តី​សម្រេច​នេះ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ព្យួរ​ទោស​ប្រហារ​ជីវិត​លោក Yang Hengjun នឹង​នាំ​ឱ្យ​មានផល​ប៉ះពាល់​មិន​ល្អក្នុងបណ្តា​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​និង​មិន​លើក​ទឹកចិត្ត​ជនបរទេស​ឱ្យ​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន​ទេ»។

លោក​បាន​បន្ថែម​ថា ក្រោម​ច្បាប់​ប្រឆាំង​ចារកម្មរបស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​កែប្រែ​កាលពី​ខែ​កក្កដា ខែ២០២៣ ​ផ្តល់​អំណាចជាង​មុន​ដល់​អាជ្ញាធរ​ចិនក្នុង​ការ​ដាក់​ទណ្ឌកម្ម​ការ​គំរាមកំហែង​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ រដ្ឋាភិបាលចិនចាត់​ទុកព័ត៌មាន​ពាណិជ្ជកម្ម​និង​ព័ត៌មាន​រសើប​ថា​ជា​«ការសម្ងាត់​របស់​រដ្ឋ» ហើយជនបរទេស​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ចារជនតាម​រយៈ​ច្បាប់​នេះ។

គេនៅតែ​ដឹង​មិន​ច្បាស់លាស់​អំពី​អ្វីដែល​នាំឱ្យ​មាន​ការ​ចាប់​ឃុំឃាំង​លោក​ Yang និង​ការ​ចោទប្រកាន់​ចារកម្ម។

អ្នក​សង្កេត​ការណ៍ខ្លះ​និយាយថា ​លោក Yang ដែល​ពីមុន​បាន​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​ចិននិង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ម្នាក់ដែលមាន​គេហទំព័រ​មួយអំពី​កិច្ចការ​ប្រទេស​ចិន ជាបញ្ញវន្តសេរីនិយម​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​ចិន។

លោក Teng Biao ជាមេធាវី​សិទ្ធិ​មនុស្ស​ចិន​ម្នាក់​និង​ជា​អ្នកស្រាវជ្រាវតាម​កម្មវិធី Pozen នៅសាកលវិទ្យាល័យ Chicago នៅ​សហរដ្ឋ​អាមេរិក។​

លោក​បាន​និយាយ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «លោក Yang បាន​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកទ្រទ្រង់​លទ្ធិ​ប្រជាធិបតេយ្យ​តូចតាច​ម្នាក់ ហើយលោក​បាន​បំពេញ​មុខនាទីវិជ្ជមាន​ក្នុង​ការ​ផ្សព្វផ្សាយ​គំនិតប្រជាធិបតេយ្យ​សេរីនិយម​និង​រដ្ឋធម្មនុញ្ញ​និយម​ក្នុង​ប្រទេស​ចិន»។

លោក Feng នៅ​ក្រុង​ Sydney ​បានថ្លែង​ថា លោកជឿថា​ ​រដ្ឋាភិបាលក្រុង​ប៉េកាំង​យល់​ថា​លោក Yang ជា​«អ្នក​ប្រឆាំង​ខាងនយោបាយ»​ម្នាក់ ​ដែល​ដាក់​ឱ្យ​មាន​«ការ​គំរាម​កំហែងធ្ងន់ធ្ងរដល់​ការ​គ្រប់គ្រងរបស់រដ្ឋាភិបាល​ចិនលើ​ប្រទេស​ចិន​និង​សន្តិសុខនៃ​របប​គ្រប់គ្រង»។​

លោក​បានថ្លែង​ប្រាប់​វីអូអេ​ថា៖ «អាជ្ញាធរ​ចិនបាន​យក​ករណី​លោក Yang ជា​ឧទាហរណ៍​មួយ​ដោយដាក់​កំហិត​ទោស​ធ្ងន់ធ្ងរ​លើ​លោក»។

លោកបន្ថែម​ថា រដ្ឋាភិបាល​ប៉េកាំង​សង្ឃឹម​ថា នឹងបង្ក្រាប​ក្រុម​ប្រឆាំងក្នុង​សង្គម​ស៊ីវិល​និងគណបក្ស​កុម្មុយនីស្តតាម​រយៈ​ករណី​លោក Yang។

ប្រទេស​ចិនបាន​បដិសេធ​ការរិះគន់​ដល់សេចក្តី​សម្រេច​នេះ​របស់​តុលាការ​ខ្លួន​ ដោយនិយាយជា​ថ្មីថាប្រទេស​ចិន​ជា​ប្រទេស​មួយដែល​ដើរតាម​នីតិរដ្ឋ។

អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​ អ្នកស្រី Mao Ning បាន​និយាយ​នៅ​ក្នុងសន្និសីទ​កាសែតជា​ធម្មតាមួយ​ កាល​ពី​ថ្ងៃពុធ​ទី ២១ ខែ​កុម្ភៈ​ថា៖ «អាជ្ញាធរ​តុលាការ​ចិនដោះស្រាយ​ករណី​នេះតាមច្បាប់ ​ហើយ​នឹង​បន្ត​ការពារសិទ្ធិនិង​ផលប្រយោជន៍​ត្រឹមត្រូវ​តាមច្បាប់​របស់​បុគ្គល​ពាក់ព័ន្ធដោយ​ធ្វើ​តាមច្បាប់»។

លោក Teng Biao បានថ្លែង​ថា ទោះ​ជា​មាន​ការធានា​រ៉ាប់រង​នេះរបស់​រដ្ឋាភិបាល​ប៉េកាំង​ក៏​ដោយ ក៏​ករណី​លោក Yang បង្កើន​ការ​ដឹង​ឮអំពី​ការ​ប្រថុយប្រថានដែល​ជនបរទេស​ប្រឈម ជា​ពិសេស​ក្នុង​ចំណោម​សហគមន៍ចិន​នៅ​ក្រៅ​ប្រទេស។

លោក​ Teng Biao បាន​ថ្លែង​ថា៖ «នៅពេល​ដែល​ក្រុម​អ្នកប្រឆាំង​ចិន​ច្រើន​នាក់​នៅ​ក្រៅ​ប្រទេស មាន ​រួម​ទាំងជនដែលមាន​សញ្ជាតិ​បរទេស​ផង មិនបានព្យាយាមទៅ​ប្រទេស​ចិន​វិញ ហើយ​មនុស្សខ្លះ​ក្នុង​បណ្តា​ក្រុម​ជន​ទាំង​នេះ​ក៏ចៀសវាងមិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ខ្លះ​នៅ​ជិតខាងប្រទេស​ចិន​ ដូចជា​ប្រទេស​វៀតណាម កម្ពុជា ឬ​ប្រទេស​ណេប៉ាល់​ជា​ដើម ដោយសារមាន​កង្វល់ថា​អាច​ត្រូវ​ចាប់​ពង្រត់ជា​បន្ទាន់នាំ​ខ្លួនទៅប្រទេស​ចិន»។

នៅ​ក្រោយ​ការ​កែប្រែច្បាប់​ចារកម្ម​របស់​ប្រទេស​ចិនបាន​ចូល​ជា​ធរមានកាលពីខែ​កក្កដា​មុន ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍អំពី​ពលរដ្ឋ​ខ្លួន​ត្រូវ​បាន​ឃាត់​ខ្លួនដោយ​មាន​ការ​សង្ស័យថា​ធ្វើ​ចារកម្មនៅ​ក្នុង​ប្រទេស​ចិន។

បើតាម​ក្រសួង​ការបរទេស​ជប៉ុន​ថា ​តាំង​ពីឆ្នាំ​ ២០១៥ ​មកគឺ​ឆ្នាំ​ដែល​ប្រទេសចិន​បានដាក់​ប្រើ​ច្បាប់​ចារកម្មជា​ដំបូង មាន​ពលរដ្ឋជប៉ុន​ទាំង​អស់​ ១៧ នាក់​ត្រូវ​បាន​ឃាត់ខ្លួនក្នុង​ប្រទេស​ចិន។ ចំណែកភាគី​សហរដ្ឋ​អាមេរិក​វិញ​ ​មាន​ពលរដ្ឋ​អាមេរិកាំងតិចណាស់​បី​នាក់​បាន​ត្រូវ​«ឃាត់ខ្លួនដោយ​ខុស»​នៅ​ក្នុងប្រទេស​ចិន នេះ​បើ​តាមព័ត៌មាន​ចែកចាយ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ខែវិច្ឆិកា​មុន។​

អ្នក​វិភាគ​ខ្លះពោល​ថា ​នៅ​ពេលដែល​ប្រទេស​ចិន​បន្ត​«គិតគូរ​ខ្លាំងអំពី​សន្តិសុខ»​ប្រទេស​ក្នុង​នាម​នៃការថែរក្សាសន្តិសុខ​ជាតិ ភាពធ្ងន់ធ្ងរនៃកាត់ទោស​លោក Yang ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ធ្វើ​តាម​អំពើ​ចិត្តនៃ​ប្រព័ន្ធ​តុលាការ​ចិន​និង​ការ​បង់ខាត​ច្រើន​ជាង​មុន ​ដែល​ជនបរទេស​អាច​មាន​ដោយ​សារ​ឆ្លង​ហួស​បន្ទាត់​ក្រហម៕

ប្រែសម្រួល​ដោយ ​លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG