អ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលីលោក James Ricketson ដែលកំពុងជាប់ពន្ធនាគារ បានសុំទោសចំពោះការធ្វើអត្ថាធិប្បាយដែលមិនគោរពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយ៉ាងយូរនៅប្រទេសកម្ពុជា។ ការសុំទោសនេះធ្វើ មុនការកាត់ក្តីដែលលោកបានជាប់ចោទពីបទចារកម្មនិងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
លោក James Ricketson អាយុ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីលោកបានបង្ហោះ drone ថតក្បួនដង្ហែគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្នត្រូវបានរំលាយ។ ក្នុងលិខិតផ្ញើទៅលោកហ៊ុន សែន ដែលត្រូវបានបោះពុម្ពផ្សាយដោយកាសែតក្នុងស្រុកកាលពីថ្ងៃពុធ លោក Ricketson បាន«សុំអភ័យទោសដោយស្មោះអស់ពីដួងចិត្ត»ចំពោះសេចក្តីថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលលោកនិយាយ«ធ្វើឱ្យមានការរំខាន និងដោយមិនដឹងព័ត៌មានច្បាស់លាស់»។
លោក Ricketson បានសរសេរថា៖ «សេចក្តីថ្លែងទាំងនេះធ្វើឡើងដោយអារម្មណ៍កញ្ជ្រោលរបស់ជនបរទេសដែលមិនដឹងអំពីភាពស្មុគស្មាញនិងការលំបាកក្នុងការគ្រប់គ្រងប្រទេសកម្ពុជា»។ លោកបន្តថា៖ «ខ្ញុំសូមសម្តែងការសោកស្តាយដោយស្មោះអស់ពីដួងចិត្តដែលបានធ្វើអត្ថាធិប្បាយមិនមានការគោរព ហើយទាក់ទងនឹងរឿងនេះ ខ្ញុំសុំទោសលោកនាយករដ្ឋមន្ត្រីផ្ទាល់និងរដ្ឋាភិបាលរបស់លោក»។
លោក Ricketson បានសរសេរថា ឥឡូវនេះលោកយល់ដឹងអំពីស្ថិរភាពដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីបានបង្កើតឡើង។ លោកស្រីពឹង យក់ហៀប មេធាវីការពារក្តីឲ្យលោក Ricketson បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Ricketson ពិតជាបានសរសេរលិខិតនេះ ហើយថា លិខិតនេះត្រូវដាក់ជូនតុលាការនៅថ្ងៃពុធនេះ មុនការកាត់ក្តីដែលគ្រោងនឹងធ្វើនៅថ្ងៃទី ១៦ខែកក្កដា។ ការចាប់ខ្លួនលោក Ricketson ឡើងចំពេលរដ្ឋាភិបាលលោកហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសជាង៣០ឆ្នាំ បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃទៅលើសេរីភាពបញ្ចេញមតិ។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយខាងកុងស៊ុលដល់លោក Ricketson។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនតាមបណ្តឹងរបស់រដ្ឋាភិបាលលោកហ៊ុន សែន បន្ទាប់ពីការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងដណ្តើមអំណាច ដោយមានជំនួយអាមេរិក។ ទាំងលោកកឹម សុខា និងស.រ.អា.បានបដិសេធការចោទប្រកាន់នេះ៕