ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនទៀតបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីថ្ងៃពុធម្សិលមិញ ខណៈដែលនាវាស៊ើបការណ៍របស់ចិន បានធ្វើដំណើរទៅកាន់ភាគខាងត្បូងដើម្បីតាមដានមើលការធ្វើសមយុទ្ធនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
កងកម្លាំងយោធាប្រមាណជាង១៧.០០០នាក់មកពីប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ នឹងចូលរួមក្នុងសមយុទ្ធយោធាដែលមានឈ្មោះថា Talisman Sabre ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តងនៅក្នុងប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែកក្កដា។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Peter Dutton និយាយថា នាវាឈ្លបការណ៍នៃកងទ័ពជើងទឹករបស់ចិន បានធ្វើដំណើរមកជិតតំបន់ឆ្នេរភាគខាងកើតអូស្ត្រាលីដែលមានប្រជាពលរដ្ឋរស់នៅដ៏ច្រើននោះ។ លោកបន្តទៀតថា នេះជាការរំឭកដាស់តឿនមួយនៃវត្តមានកងទ័ពរំដោះប្រជាជនចិននៅក្នុងតំបន់នេះ។
លោកបាននិយាយបន្តទៀតថា៖ «យើងរំពឹងថា នាវាចិនទាំងនោះ ប្រតិបត្តិការស្របទៅតាមច្បាប់អន្តរជាតិ ហើយយើង នឹងរំពឹងថា មិនមានអ្វីកើតមានឡើង ប្រសិនបើយើងធ្វើដំណើរកាត់តាមផ្ទៃទឹកអន្តរជាតិជិតប្រទេសចិនវិញ»។
ក្រសួងការពារជាតិអូស្ត្រាលីបានបញ្ជាក់ថា សមយុទ្ធដែលភាគច្រើនធ្វើឡើងនៅទីតាំងយោធានៅក្នុងរដ្ឋ Queensland និងផ្ទៃទឹកទល់មុខនោះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកិច្ចប្រតិបត្តិការរវាងសម្ព័ន្ធមិត្តទាំង២។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបញ្ជូននាវារបស់ខ្លួនស្រដៀងគ្នានេះដែរទៅតាមដានសមយុទ្ធ Talisman Sabre កាលពីឆ្នាំ២០១៩ និងឆ្នាំ២០១៧ផងដែរ។
ប្រទេសអង់គ្លេស កាណាដា ជប៉ុន កូរ៉េខាងត្បូងនិងប្រទេសនូវែលសេឡង់ នឹងចូលរួមនៅក្នុងសមយុទ្ធយោធានេះ ខណៈប្រទេសបារាំង អាល្លឺម៉ង់ ឥណ្ឌា និងប្រទេសឥណ្ឌូណេស៊ី បានបញ្ជូនក្រុមសង្កេតការណ៍របស់ខ្លូន៕