ឯកសារនេះបានវាយតម្លៃដោយត្រង់ៗថា ប្រទេសចិនកំពុងប្រជែងយកតំណែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាកម្លាំងដ៏មានឥទ្ធិពលគ្របដណ្ដប់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកសារគោលនយោបាយការបរទេសរបស់អូស្ត្រាលីនេះបានអះអាងថា សហរដ្ឋអាមេរិកនៅតែមានសារៈសំខាន់ដដែលចំពោះសន្តិសុខជាតិរបស់អូស្ត្រាលី ប៉ុន្តែរដ្ឋាភិបាលក្រុងកង់បេរ៉ាត្រូវតែកសាងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងឲ្យកាន់តែជិតស្និទ្ធជាងមុនបន្ថែមទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ជឿជាក់ថា ប្រទេសអូស្ត្រាលីត្រូវតែសម្របខ្លួនទៅតាមដំណើរវិវត្តរបស់ប្រព័ន្ធរបៀបរៀបរយពិភពលោក។
លោក Malcolm Turnbull បាននិយាយថា៖ «យើងកំពុងស្ទង់មើលរកទិសដៅនៅក្នុងការផ្លាស់ប្ដូរដ៏ឆាប់រហ័សនៃពិភពលោកពហុអំណាចមួយ ដែលតួអង្គសំខាន់ៗនីមួយៗកំពុងសាកល្បងនូវទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ស្របពេលដែលពួកគេផ្ទាល់កំពុងតែប្រឈមនឹងការផ្លាស់ប្ដូរដ៏ឆាប់រហ័ស។ កាលពីអតីតកាល យើងអាចសន្មតដោយងាយស្រួលថា ពិភពលោកដំណើរការនៅក្នុងបែបបទមួយដែលសក្ដិសមសម្រាប់ប្រទេសអូស្ត្រាលី។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ អំណាចត្រូវបានផ្លាស់ប្ដូរ ហើយច្បាប់ និងស្ថាប័ននានាកំពុងរងការប្រឈម»។
ឯកសារគោលនយោបាយការបរទេសនេះបានរៀបរាប់អំពីភាពស្រពិចស្រពិលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីកសាងទំនាក់ទំនងខ្លាំងក្លាជាងមុនជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់ដូចជាប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន និងកូរ៉េខាងត្បូងជាដើម។
លោក Malcolm Turnbull ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសអូស្ត្រាលីត្រូវតែមានការទទួលខុសត្រូវខ្ពស់ជាងមុនសម្រាប់ «សន្តិសុខ និងវិបុលភាព» របស់ខ្លួន។ សម្ព័ន្ធភាពយោធារបស់អូស្ត្រាលីជាមួយនឹងសហរដ្ឋអាមេរិកមានតាំងពីដើមទសវត្សរ៍ ១៩៥០ មកម្ល៉េះ។
លោក Bates Gill សាស្ត្រាចារ្យផ្នែកសិក្សាសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យ Macquarie ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានឯកភាពថា ប្រទេសអូស្ត្រាលីមិនគួរពឹងផ្អែកជ្រុលលើសហរដ្ឋអាមេរិកនោះទេ។
លោក Bates Gill បាននិយាយថា៖ «រដ្ឋាភិបាលអូស្ត្រាលីត្រូវតែទទួលស្គាល់ថា នៅក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរដ៏ឆាប់រហ័ស និងក្នុងដំណាក់កាលដែលកាន់តែលំបាកជាងមុននៅក្នុងការព្យាករណ៍ពាក់ព័ន្ធទៅនឹងការប្ដូរផ្ដាច់ចូលរួមបន្តទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ប្រទេសអូស្ត្រាលីត្រូវតែស្វែងរកជម្រើសផ្សេងទៀត និងមិនត្រូវពឹងផ្អែកខ្លាំងលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយជាមួយនឹងសហរដ្ឋអាមេរិកនេះទេ ដូចដែលឯកសារគោលនយោបាយការបរទេសរបស់អូស្ត្រាលីបានកត់សម្គាល់ឃើញដូច្នេះដែរ»។
ប្រទេសអូស្ត្រាលីក៏បានលើកពីការព្រួយបារម្ភអំពី «ល្បឿន និងកម្រិត» នៃសកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ ដែលបណ្ដាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងទទូចថា រដ្ឋាភិបាលក្រុងកង់បេរ៉ាមិនគួរពាក់ព័ន្ធជាមួយនឹងជម្លោះដែនសមុទ្រដ៏ទូលំទូលាយនេះទេ៕
ប្រែសម្រួលដោយ ភី សុភាដា