ជនភៀសខ្លួនប្រមាណជាង១,២០០នាក់បានមកដល់សហរដ្ឋអាមេរិកនៅខែតុលា នេះបើយោងតាមទិន្នន័យដែលក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបង្ហាញជាសាធារណៈ។ កម្មវិធីជនភៀសខ្លួនសម្រាប់ឆ្នាំសារពើពន្ធថ្មីនេះ ដែលបានកាត់បន្ថយរហូតដល់កម្រិតអតិបរមាដែលទាបបំផុតនៅក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល៣៨ឆ្នាំនេះ ត្រូវស្វាគមន៍ជនភៀសខ្លួនចំនួន៣,៧៥០នាក់ក្នុង១ខែដើម្បីឲ្យគ្រប់ចំនួនកំណត់៤៥,០០០នាក់។
បើអត្រាសព្វថ្ងៃនេះនៅតែបន្ត ចំនួនជនភៀសខ្លួនដែលមកដល់សហរដ្ឋអាមេរិកនឹងបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនដែលត្រូវបានកំណត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០១៨ ចាប់ផ្តើមពីថ្ងៃ១ខែតុលាកន្លងទៅនេះ។
ក្រុមអ្នកគ្រាំទ្រជនភៀសខ្លួនបានទាញចំណាប់អារម្មណ៍ទៅលើចំនួនប្រចាំខែដែលមានចំនួនតិចនៅក្នុងយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតមួយ កាលពីថ្ងៃចន្ទកន្លងទៅនេះ។
ជាយូរណាស់មកហើយ ខែទី១នៃឆ្នាំសារពើពន្ធ មិនអាចបង្ហាញពីស្ថានភាពរបស់ឆ្នាំទាំងមូលបានទេ។ មានឆ្នាំមុនៗ ដូចជានៅក្នុងឆ្នាំសារពើពន្ធ២០១១ នៅពេលដែលចំនួនជនភៀសខ្លួនបានមកដល់ច្រើននៅខែតុលា គឺមានជនភៀសខ្លួនរហូតដល់៤,៨០០នាក់បានមកដល់សហរដ្ឋអាមេរិក។ នៅពេលចុងឆ្នាំ ចំនួនសរុបបែរជាមានចំនួនតិចជាងចំនួនកំណត់វិញ ដែលចំនួនឆ្នាំនោះបានត្រឹមតែ៧១ភាគរយនៃចំនួន៨០,០០០នាក់តែប៉ុណ្ណោះ។
ឯឆ្នាំសារពើពន្ធ ២០១៤ វិញ ចំនួនជនភៀសខ្លួនបានចាប់ផ្តើមពីចំនួនតិចនៅខែតុលា គឺសឹងតែមិនគ្រប់ ១,៨០០ នាក់ ដែលតិចជាងចំនួនមធ្យមប្រចាំខែគឺប្រហែលជា៥,៨០០ នាក់ដើម្បីឲ្យគ្រប់ចំនួនកំណត់នៃ ៧ ម៉ឺននាក់។ ក៏ប៉ុន្តែ ចំនួនបានកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងឆ្នាំ ២០១៤ នោះ ដែលនៅចុងឆ្នាំចំនួនកំណត់នៅសល់តែ៣កន្លែងប៉ុណ្ណោះ។
ក៏ប៉ុន្តែ ចំនួនកំណត់៤៥,០០០នាក់សម្រាប់ឆ្នាំ២០១៨នេះ គឺជាចំនួនអតិបរមាតែប៉ុណ្ណោះ វាមិនមែនជាតម្រូវការ ក៏មិនមែនជាគោលដៅដែរ។ ទោះជាមានការប្រឆាំងពីសាធារណៈជនក៏ដោយ រដ្ឋាភិបាលនៅតែអាចអនុញ្ញាតឲ្យមានចំនួនជនភៀសខ្លួននៅក្រោមចំនួនកំណត់ដូចឆ្នាំមុនដែរ គឺជនភៀសខ្លួនចំនួន៥៤,០០០ នាក់ប៉ុណ្ណោះនៃចំនួន១១០,០០០ នាក់ដែលត្រូវបានគ្រោងទុកថានឹងមកដល់ នេះគឺបន្ទាប់ពីមានការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីនិងសារលិខិតរបស់លោក ត្រាំ ទាក់ទងនឹងហានិភ័យដែលជនភៀសខ្លួនអាចនាំមក។
នៅចុងខែតុលា រដ្ឋបាលលោកត្រាំបានប្រកាសថា និតិវិធីជាច្រើនទៀតនឹងត្រូវបន្ថែមទៅលើដំណើរការទទួលយកជនភៀសខ្លួន។ ជនភៀសខ្លួនពី១១ប្រទេសនឹងត្រូវបានជ្រើសរើសយ៉ាងតឹងតែងក្នុងអំឡុងពេលការពិនិត្យក្នុងរយៈពេល៩០ថ្ងៃ ហើយជនភៀសខ្លួនទាំងនោះនឹងត្រូវបានទទួលយកតាមករណីខុសៗគ្នារបស់ពួកគេនៅក្នុងរយៈពេលពិនិត្យប៉ុន្មានខែនោះតែប៉ុណ្ណោះ។
បើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ កាសែត Politico បានកំណត់អត្តសញ្ញាណរបស់ប្រទេសដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែង ទាំងនោះមានដូចជាប្រទេស អេហ្ស៊ីប អ៊ឺរ៉ង់ អ៊ឺរ៉ាក់ លីប៊ី ម៉ាលី ក៉ូរេខាងជើង សូម៉ាលី និង ស៊ូដង់ខាងត្បូង។
កម្មវិធីជនភៀសខ្លួនក្នុងរយៈពេល២ឆ្នាំមុននេះ ដែលអាស្រ័យទៅលើចំនួនកំណត់ដោយប្រធានាធិបតីនៅដើមឆ្នាំសារពើពន្ធ បានបង្ហាញថាកម្មវិធីនេះ អាចប្រែប្រួលនៅក្នុងអំឡុងពេលឆ្នាំនោះ។ នៅក្នុងអាណត្តិទី២របស់អតីតប្រធានាធិបតី Barack Obama បានជួយច្រើនដល់ការទទួលយកជនភៀសខ្លួនជនជាតិស៊ីរីដែលកំពុងរង់ចាំការតាំងលំនៅថ្មី ខណៈដែលលោក ត្រាំ បានធ្វើឲ្យកម្មវិធីនេះមានការថយចុះយ៉ាងខ្លាំងអំឡុងពេល៩ខែដំបូងក្នុងការកាន់តំណែងជាប្រធានាធិបតីរបស់លោក៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង