ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ


លោក​អគ្គលេខាធិការ​អ.ស.ប. António Guterres (រូប​កណ្តាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​របស់​លោក​ជាមួយ​នឹង​អ្នក​ឆ្លើយឆង​ព័ត៌មាន​ប្រចាំ​អ.ស.ប.​ នៅ​ក្នុង​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក​ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប។
លោក​អគ្គលេខាធិការ​អ.ស.ប. António Guterres (រូប​កណ្តាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​របស់​លោក​ជាមួយ​នឹង​អ្នក​ឆ្លើយឆង​ព័ត៌មាន​ប្រចាំ​អ.ស.ប.​ នៅ​ក្នុង​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក​ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រារព្ធ​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក កាល​ពី​ថ្ងៃ​អង្គារ ដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ឱកាស​សម្រាប់​ជនភៀសខ្លួន​តាំង​ទី​លំនៅ​សារ​ជា​ថ្មី​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ជាង​នេះ​កាន់​តែ​ថយចុះ។

លោក Guterres បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ New York ថា «នេះ​គឺ​ជា​ការ​ព្រួយបារម្ភ​មួយ ជាពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​នយោបាយ​ជាតិ​និយម ការ​ស្អប់​ខ្ពើម​ជនបរទេស និង​ការ​រើសអើង​ពូជសាសន៍ ដែល​ជនភៀសខ្លួន​ក្លាយ​ទៅ​ជា​គោលដៅ។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម ខណៈ​ដែល​ជនភៀសខ្លួន​មិនមែន​ជា​ភេរវករ។ ពួកគេ​គឺ​ជា​ជនរងគ្រោះ​ដំបូង​បង្អស់​នៃ​អំពើ​ភេរវកម្ម។ ពួកគេ​រត់គេចចេញ​ពី​អំពើ​ភេរកម្ម ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​ក្លាយ​ជា​ជនភៀសខ្លួន‍»។

លោក Guterres បាន​ថ្លែង​ថា មនុស្ស​ត្រូវ​តែ​ទទួលស្គាល់​ថា គ្មាន​ដំណោះស្រាយ​មនុស្សធម៌​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​នោះ​ទេ ប៉ុន្តែ​មាន​តែ​ដំណោះស្រាយ​នយោបាយ​តែ​ប៉ុណ្ណោះ។ លោក​បាន​សង្កត់​ទៅ​លើ​ការ​ដោះស្រាយ​វិបត្តិ​នេះ​នៅ​ទូទាំង​ពិភពលោក​ដែល​បង្ខំ​ឲ្យ​មនុស្ស​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​ពី​ដំបូង​ឡើយ។ ​

លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក ដោយ​សន្យា​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ដល់​ជំនួយ​មនុស្សធម៌​ក៏​ដូចជា​ថ្លែង​អំណរគុណ​ដល់​បណ្តា​ប្រទេស​ដែល​ទទួល​យក​ជនភៀសខ្លួន​និង​តាំង​ទី​លំនៅ​ថ្មី​ឲ្យ​ពួកគេ​ផង​ដែរ៕

XS
SM
MD
LG