ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​នឹង​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បារម្ភ​ពី​សន្តិសុខ


សន្តិសុខការពារច្រកចូលស្ថានទូត​អូស្រ្តាលី​នៅក្នុង​ទីក្រុង​កាប៊ុល​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពី​អូស្ត្រាលី បាន​ប្រកាស​ជាបន្ទាន់​អំពី​ការបិទ​ស្ថានទូត​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ក្នុង​សប្តាហ៍នេះ ដោយសារ​ការបារម្ភ​ពី​សន្តិសុខ​នៅ​ពេល​កងទ័ព​បរទេស​ដក​ខ្លួន​ចេញពី​ប្រទេសនេះ។
សន្តិសុខការពារច្រកចូលស្ថានទូត​អូស្រ្តាលី​នៅក្នុង​ទីក្រុង​កាប៊ុល​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពី​អូស្ត្រាលី បាន​ប្រកាស​ជាបន្ទាន់​អំពី​ការបិទ​ស្ថានទូត​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ក្នុង​សប្តាហ៍នេះ ដោយសារ​ការបារម្ភ​ពី​សន្តិសុខ​នៅ​ពេល​កងទ័ព​បរទេស​ដក​ខ្លួន​ចេញពី​ប្រទេសនេះ។

ប្រទេស​អូស្រ្តាលីបានចេញ​សេចក្តី​ប្រកាសបន្ទាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដោយ​លើក​ឡើង​ថា​ ខ្លួន​នឹង​បិទ​ស្ថាន​ទូត​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​សប្តាហ៍​នេះ​ ដោយ​បារម្ភ​ពីការ«កើន​ឡើង​នៃ​បរិយាកាស​សន្តិសុខ​ដែល​គ្មាន​ភាព​ប្រាកដ​ប្រជា» ​ក្នុង​ទីក្រុងកាប៊ុល​ ស្រប​ពេល​ដែលកង​កម្លាំង​បរទេស កំពុងចាក​ចេញ​ពី​ប្រទេស​នេះ។

ក្រុម​ឧទ្ទាម​តាលីបង់ ​ដែល​បាន​បង្កើន​ការវាយ​ប្រហារនៅ​ទូទាំង​ប្រទេសក្នុង​សប្តាហ៍​ថ្មីៗនេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​និយាយ​ថា​ ខ្លួន​នឹង​ផ្តល់ឲ្យ​មាន​នូវ​ «បរិយាកាស​សុវត្ថិភាព»​ មួយ​ដល់​ក្រុម​អ្នក​ការទូត​បរទេស និង​អង្គការមនុស្ស​ធម៌​ផ្សេងៗ​ទៀត។

សហរដ្ឋ​អាមេរិក​ និងកង​កម្លាំង​សម្ព័ន្ធមិត្ត​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ក្នុង​ការដក​កងទ័ព​របស់​ខ្លួនដែល​នៅ​សល់ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​ការបិទ​បញ្ចប់​នូវ​សង្គ្រាម​អាមេរិក​មួយ​ដែល​មាន​រយៈ​ពេល​យូរ​បំផុត​ ដែល​ការណ៍​នេះ​ បានបង្កើត​នូវអនាគត​មួយ​ដែល​គ្មាន​ភាព​ច្បាស់​លាស់សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​កំពុង​ស្ថិត​ក្នុងកណ្តាប់​ដៃ​ដ៏​រឹងមាំ​របស់​ក្រុម​សកម្ម​ជន​តាលីបង់​នោះ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ​និយាយ​ថា​ ស្ថានទូត​អូស្ត្រាលី​ នឹង​ត្រូវ​បិទ​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ កងទ័ព​អូស្ត្រាលី​ចំនួន​ប្រមាណ​៨០នាក់​ នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​ផ្នែក​មួយ​នៃការដក​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស​នេះ​ ក្នុង​ទ្រង់ទ្រាយ​ធំ។​ ដោយ​គ្មានកងទ័ព​អូស្ត្រាលី​ និងកង​កម្លាំង​អាមេរិកដែល​ជា​បង្អែក​ដ៏​ធំ​នោះ​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះលើក​ឡើង​ថា៖​ «វាមាន​ការកើន​ឡើង​នូវ​បរិយាកាស​សន្តិសុខមិន​ប្រាកដ​ប្រជា​» មួយ។​ ​

លោក Scott Morrison បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «រដ្ឋាភិបាល​អូស្ត្រាលី​ ត្រូវ​បានប្រាប់ថា​ ការរៀបចំ​ផ្នែក​សន្តិសុខ​ មិន​អាច​ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ទេ​ ​ក្នុង​ការគាំទ្រដល់​ការបន្ត​វត្តមាន​ការទូត​របស់​អូស្ត្រាលី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

រដ្ឋាភិបាល​ជាប់​ឆ្នោតក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន​ និង​កងកម្លាំង​អាហ្វហ្គានីស្ថាន​ នៅ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ បើទោះ​បី​ជា​មាន​ការជួយ​កសាង​សមត្ថភាព​របស់​គេ​ក្នុង​រយៈពេល២០​ឆ្នាំ​កន្លង​ទៅ​ ហើយ​ជ័យ​ជម្នះ​របស់​គេស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ជួយ​គាំទ្រ​បន្ត​របស់កង​កម្លាំង​សហរដ្ឋ​អាមេរិក។

អ្នកការទូត​ និង​មន្ត្រី​យោធា​បស្ចឹម​ប្រទេស​ កំពុង​រួស​រាន់​ស្វែងរក​វិធី​ដើម្បីផ្តល់​ការ​ការពារ​សន្តិសុខដល់អ្នកធ្វើការ​ស៊ីវិលក្នុង​ពេល​អនាគត​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយមាន​ការបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ពី​ការវិលមក​វិញ​នៃ​ក្រុម​ឧទ្ទាម​តាលីបង់។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​តាលីបង់​ ដែល​ធ្លាប់​បាន​គ្រប់​គ្រង​ប្រទេសអាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​ខ្លី​ក្នុង​ទសវត្សរ៍​ទី​៩០​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា​ ក្រុម​អ្នក​ការទូត​បរទេស​ អាច​«បន្ត​ការ​ងារ​របស់​ខ្លួនបាន​ដូច​ធម្មតា»។

អ្នក​នាំ​ពាក្យ​របស់​ក្រុម​តាលីបង់លោក Mohammad Naeem ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា៖ «យើង​នឹង​មិន​បង្ក​ការគំរាម​កំហែង​ណា​មួយ​ទៅ​លើ​ពួក​គេ​នោះ​ទេ»៕

XS
SM
MD
LG