ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសពីបទឈប់បាញ់មួយនៅក្នុងប្រទេសនេះ ដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺថ្ងៃដំបូងនៃពិធីបុណ្យស្រាយបួសប្រចាំឆ្នាំតាមប្រពៃណីសាសនាឥស្លាម ឬហៅថា Eid-al-Fitr ដែលមានរយៈពេលបីថ្ងៃនោះ។ ពិធីបុណ្យនេះ ជាការបិទបញ្ចប់នូវការតមអាហាររបស់សាសនិកឥស្លាម អស់រយៈពេលមួយខែពេញ ឬហៅថា Ramadan នោះ។
ការប្រកាសពីបទឈប់បាញ់នេះ កើតមានឡើងបន្ទាប់ពីមានការវាយប្រហារកើនឡើងដោយក្រុមឧទ្ទាមឥស្លាម ប្រឆាំងទៅលើកងកម្លាំងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅតាមបណ្តាខេត្តជាច្រើននៅក្នុងប្រទេសនេះ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីមានការប្រកាសបទឈប់បាញ់របស់ក្រុមតាលីបង់បន្តិច មានមនុស្សប្រមាណ១១នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ ទៅលើឡានក្រុងនៅក្នុងខេត្ត Zabul ភាគខាងត្បូងអាហ្វហ្គានីស្ថាន។
បទឈប់បាញ់នេះ ក៏កើតឡើងតែមួយថ្ងៃក្រោយការផ្ទុះជាច្រើននៅខាងក្រៅសាលារៀនសម្រាប់ក្មេងស្រីមួយកន្លែងនៅរដ្ឋធានីកាប៊ុល ដែលបានសម្លាប់មនុស្សជាង៦០នាក់ ភាគច្រើនជាកូនសិស្សស្រី។
ក្រុមតាលីបង់បាននិយាយនៅថ្ងៃអាទិត្យកន្លងទៅថា មេដឹកនាំរបស់ខ្លួន បានបញ្ជាដល់កម្លាំងប្រយុទ្ធទាំងអស់ «ឲ្យបញ្ឈប់រាល់ប្រតិបត្តិការវាយប្រហារទៅលើគូសត្រូវ» នៅទូទាំងប្រទេស ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន អាចមានលទ្ធភាពប្រារព្ធពិធីបុណ្យស្រាយបួសនេះ «នៅក្នុងបរិយាកាសមួយដោយសន្តិភាពនិងសន្តិសុខ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតទាក់ទងពិធីបុណ្យស្រាយបួសនេះ ប្រធានក្រុមឧទ្ទាមតាលីបង់លោក Mawlawi Hibatullah Akhundzada បានសរសើរដល់ដំណើរការដកកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ពីប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងតែប្រព្រឹត្តទៅនេះ។
មេដឹកនាំតាលីបង់រូបនេះថ្លែងថា៖ «យើងចាត់ទុកការដកកម្លាំងយោធាចេញពីអាហ្វហ្គានីស្ថាន ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនោះ ជាជំហានមួយល្អទៅមុខ ហើយសូមអំពាវនាវជាខ្លាំងឱ្យគ្រប់ផ្នែកទាំងអស់នៃកិច្ចព្រមព្រមព្រៀងទីក្រុងដូហា ត្រូវបានគេអនុវត្ត»។
អ្នកដឹកនាំក្រុមឧទ្ទាមរូបនេះ បាននិយាយយោងទៅលើកិច្ចព្រមព្រៀងសន្តិភាព ខែកុម្ភៈ ឆ្នាំ២០២០ ដែលសហរដ្ឋអាមេរិកនិងក្រុមឧទ្ទាមតាលីបង់ បានឯកភាពក្នុងរាជធានីដូហា ប្រទេសកាតា ដើម្បីដកកងទ័ពអាមេរិកនិងកម្លាំងសម្ព័ន្ធមិត្តទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបិទបញ្ចប់នូវសង្គ្រាមអាមេរិក ដែលមានរយៈពេលយូរបំផុត ដែលនៅពេលនេះ បានឈានចូលដល់ឆ្នាំទី២០ របស់ខ្លួនហើយនោះ។
ក្រុមតាលីបង់ បានបង្កើនការវាយប្រហាររបស់ខ្លួនចាប់តំាំងពីកងកម្លាំងបរទេសត្រូវបានដកជាបណ្តើរៗ ដោយបង្កការខូចខាតខ្លាំងដល់ទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងដណ្តើមកាន់កាប់បានដែនដីថ្មីទៀត៕