សហរដ្ឋអាមេរិកនឹងធ្វើតាមការសន្យារបស់ខ្លួននៅក្នុងការគាំទ្រកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតាមរយៈកងកម្លាំងទាហាន ទោះបីជានៅពេលដែលកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តបន្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។
មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃទី ៥ ខែឧសភា ថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងសកម្មប្រឆាំងនឹងក្រុមយុទ្ធជនតាលីបង់ (Taliban) នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅទីនោះ ការវាយប្រយុទ្ធគ្នាខ្លាំងក្លាបានកើតឡើងអស់រយៈពេលរាប់ថ្ងៃមកហើយ។
មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានបដិសេធផ្ដល់ព័ត៌មានលំអិតបន្ថែម ដោយលើកឡើងពីភាពចាំបាច់នៃសន្តិសុខខាងប្រតិបត្តិការ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏បានបដិសេធមិនផ្ដល់ព័ត៌មានជាក់លាក់ណាមួយផងដែរ ទោះបីជាអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា មេបញ្ជាការសហរដ្ឋអាមេរិកនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន «នៅមានសមត្ថភាពយ៉ាងមានប្រសិទ្ធភាពខ្លាំងក្លា» ក៏ដោយ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់អ្នកកាសែតថា៖ «ស្របពេលដែលយើងកំពុងដកកងទ័ពចេញ យើងនឹងបន្តព្យាយាមគាំទ្រកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាននៅក្នុងសមរភូមិតាមកម្រិតដែលយើងអាចធ្វើបាន»។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានធ្វើឡើង ស្របពេលដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានស្ថិតក្រោមសម្ពាធតឹងតែងពីក្រុមតាលីបង់ ជាពិសេសនៅជុំវិញក្រុង Lashkar Gah ក្នុងខេត្ត Helmand ដែលនៅទីនោះ អង្គការជំនួយមនុស្សធម៌នានាបានរាយការណ៍ថាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវការវាយប្រយុទ្ធគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អង្គការគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) បានបញ្ជាក់នៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិតថា ជនស៊ីវិលដែលបានគេចចេញពីការវាយប្រយុទ្ធគ្នា បានរៀបរាប់ថា គ្រាប់កាំភ្លើងបានហោះព្រោងព្រាងសំដៅចូលផ្ទះរបស់ពួកគេ ដោយបង្ខំឲ្យពួកគេត្រូវគេចចេញ ដោយពេលខ្លះមិនបានទាំងយកស្បែកជើងនិងសំលៀកបំពាក់ទៅជាមួយផង។
លោក Atigullah ដែលជាមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកគឺសំខាន់ដើម្បីបញ្ឈប់ការរុលចូលរបស់ក្រុមតាលីបង់។
លោក Atigullah បាននិយាយដូច្នេះថា៖ «ការទម្លាក់គ្រាប់បែកមានសភាពខ្លាំងក្លា។ ខ្ញុំមិនដែលឃើញការទម្លាក់គ្រាប់បែកបែបនេះទេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
កាលពីពេលថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រឡូកនៅក្នុងការវាយប្រយុទ្ធនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានប្រឈមនឹងការបរាជ័យមួយចំនួន។
មន្ត្រីអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃទី ៥ ខែឧសភាថា ក្រុមយុទ្ធជនតាលីបង់បានដណ្ដើមកាន់កាប់ស្រុកមួយនៅក្នុងខេត្ត Baghlan នៅភាគខាងជើងប្រទេស និងបានសម្លាប់អគ្គស្នងការប៉ូលិសម្នាក់នៅក្នុងខេត្ត Paktika នៅភាគអាគ្នេយ៍ប្រទេស។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីផ្នែកការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញជំនឿជឿជាក់លើសមត្ថភាពរបស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅក្នុងការតតាំងជាមួយនឹងការវាយប្រហាររបស់ក្រុមតាលីបង់។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Kirby បានប្រាប់អ្នកកាសែតថា៖ «កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានមានសមត្ថភាពច្រើនជាងមុន បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ពេលខ្លះ ពួកគេបានដឹកមុខ [នៅក្នុងប្រតិបត្តិវាយប្រយុទ្ធ]»។
មន្ត្រីយោធាអាហ្វហ្គានីស្ថានក៏បានបញ្ជាក់ដូចគ្នានេះដែរថាពួកគេអាចបំពេញកាតព្វកិច្ចបាន។
អ្នកនាំពាក្យរងក្រសួងការពារជាតិអាហ្វហ្គានីស្ថានលោក Fawad Aman បានប្រាប់ VOA ផ្នែកភាសាអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៥ ខែឧសភាថា៖ «នៅពេលបច្ចុប្បន្ននេះ កងកម្លាំងសន្តិសុខជាតិនិងកងកម្លាំងការពារជាតិអាហ្វហ្គានីស្ថាន អាចរៀបចំផែនការ បញ្ជា ត្រួតត្រា និងធ្វើប្រតិបត្តិការយោធាបានដោយខ្លួនឯង ១០០%»។
លោក Aman បានបន្ថែមថា៖ «មិនមានការគាំទ្រនិងវត្តមានដោយផ្ទាល់របស់ទាហានបរទេសនៅក្នុងសមរភូមិនោះទេ»។
ទោះជាយ៉ាងនេះក្ដី គេឃើញមានការព្រួយបារម្ភជាយូរមកហើយអំពីថាតើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់នឹងការវាយលុកជាប់ជាបន្តគ្រប់ទម្រង់ពីក្រុមតាលីបង់បានយូរប៉ុណ្ណាដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។
លោក Douglas Lute ឧត្តមសេនីយ៍ឯកចូលនិវត្តន៍នៃកងទ័ពជើងគោកសហរដ្ឋអាមេរិក បានប្រាប់ VOA ផ្នែកភាសាអាហ្វហ្គានីស្ថានថា៖ «នេះនឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន»។
លោកបាននិយាយដូច្នេះថា៖ «កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានពឹងផ្អែកខ្លាំងក្លាលើការគាំទ្រតាមផ្លូវអាកាសរបស់បស្ចិមប្រទេសនិងរបស់សហរដ្ឋអាមេរិក … ហើយដោយសារការគាំទ្រតាមផ្លូវអាកាសនេះហើយ ដែលក្រុមតាលីបង់មិនអាចលុកលុយបន្តបាន។ តើកងកម្លាំងអាហ្វហ្គានីស្ថានអាចផ្ដល់ការគាំទ្រតាមផ្លូវអាកាសដោយខ្លួនឯងបានទេ? ប្រសិនបើពួកគេមិនអាច ឬក៏ប្រសិនបើពួកគេរងសម្ពាធ [វាយប្រហារ] តើសហរដ្ឋអាមេរិកនឹងមកជួយពួកគេឬទេ?»។
ទោះបីជាមន្ត្រីអាហ្វហ្គានីស្ថានអន្ទះសាចង់បង្ហាញឲ្យឃើញអំពីប្រសិទ្ធភាពរបស់កងកម្លាំងទ័ពអាកាសរបស់ពួកគេក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបានលើកឡើងថា វាអាចមានរយៈពេលខ្លីតែប៉ុណ្ណោះ។
មន្ត្រីសហរដ្ឋអាមេរិកទាំងនេះបានបញ្ជាក់បន្តថា កងទ័ពអាកាសអាហ្វហ្គានីស្ថាននៅតែពឹងផ្អែកលើមន្ត្រីកុងត្រាអាមេរិកនិងមន្ត្រីកុងត្រាបរទេសនានាសម្រាប់កិច្ចការថែទាំយន្តហោះនិងឧបករណ៍យោធាផ្សេងៗ។ មន្ត្រីកុងត្រាទាំងនោះគ្រោងនឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាមួយនឹងកងកម្លាំងដែលនៅសេសសល់របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅដើមខែកញ្ញាខាងមុខនេះ។
អគ្គាធិការពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញបានរំឭកនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា៖ «ប្រសិនបើគ្មានការគាំទ្រជាបន្តពីមន្ត្រីកុងត្រា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាហ្វហ្គានីស្ថានមិនអាចមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធលើសពីពីរឬក៏បីខែនោះឡើយ»។
មន្ត្រីការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ការពិភាក្សាដើម្បីធានាឲ្យមានជាបន្តនូវការគាំទ្រផ្នែកបច្ចេកទេសនិងភស្តុភារកំពុងធ្វើឡើង ប៉ុន្តែបានរំឭកថា បញ្ហានេះនៅមិនទាន់ដោះស្រាយនៅឡើយទេ។
គេក៏ឃើញមានក្ដីបារម្ភផងដែរអំពីថាតើកងកម្លាំងអាហ្វហ្គានីស្ថាននឹងសម្របសម្រួលបែបណា នៅពេលដែលដំណើរដកកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តចេញត្រូវបានធ្វើឡើង និងនៅពេលដែលគ្មានយន្តហោះដ្រូនឬក៏យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានសម្រាប់ធ្វើការឃ្លាំមើលឬក៏វាយប្រហារដើម្បីគាំទ្រកងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងសមរភូមិនោះ។
មន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ការបញ្ជូនយន្តហោះទាំងនេះពី «ចម្ងាយ» នឹងចំណាយពេលយូរនិងជាទូទៅមានការ «ពិបាកខ្លាំង»។
សម្រាប់ពេលឥឡូវនេះ សហរដ្ឋអាមេរិកមានយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦ គ្រឿងនៅមូលដ្ឋានទ័ពអាកាស Al Udeid នៅក្នុងប្រទេសកាតា និងកងប្រយុទ្ធនៃនាវាដឹកយន្តហោះចម្បាំង USS Dwight D.Eisenhower នៅក្នុងឈូងសមុទ្រអារ៉ាប់។
ប៉ុន្តែកិច្ចការចម្បងនៅពេលនេះរបស់យន្តហោះនិងកងនាវាចម្បាំងទាំងនេះគឺសម្រាប់ផ្ដល់ការការពារដល់ការដកកងទ័ពរបស់សហរដ្ឋអាមេរិកនិងកងទ័ពរបស់បស្ចិមប្រទេសចេញពីប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
មន្ត្រីនានាបាននិយាយថា ការចរចាកន្លងមកជាមួយនឹងប្រទេសមួយចំនួននៅក្នុងតំបន់អំពីការដាក់យន្តហោះចម្បាំងនិងគ្រឿងឧបករណ៍យោធាផ្សេងៗទៀតនៅជិតប្រទេសអាហ្វហ្គានីស្ថាន មានដំណើរវិវឌ្ឍទៅមុខតិចតួច៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ