ប្រទេសអូស្រ្តាលីដែលមានការព្រួយកង្វល់អំពីបណ្តាញពាណិជ្ជដ៏ធំធេងនៅក្នុងតំបន់នឹងចូលរួមជាមួយប្រទេសជប៉ុន ឥណ្ឌានិងសហរដ្ឋអាមេរិកក្នុងការតទល់ការវាទីរបស់ចិននៅក្នុងជម្លោះសមុទ្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី។
នាវាចំបាំងអូស្រ្តាលីចំនួន៦គ្រឿងបានបើកឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះ ដោយមិនមានការប្រាប់ឲ្យដឹងពីទិសដៅសម្រាប់សមយុទ្ធយោធា។បណ្តាញផ្សាយព័ត៌មានអូស្រ្តាលីបានហៅបេសកកម្មនេះថាធំបង្អស់របស់ខ្លួនក្នុងរយៈពេល៣០ឆ្នាំ។
លោក Jeffrey Wilson ជាសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៅឯសាកលវិទ្យាល័យ Murdoch University ក្នុងទីក្រុង Perth បាននិយាយថា «មានទស្សនៈប្រាកដប្រជាក្នុងផ្នែកខ្លះក្នុងប្រទេសអូស្រ្តាលីថា នេះជាការរួមវិភាគទានមួយរបស់អូស្រ្តាលីដល់កិច្ចការខាងការទូតនិងអន្តរជាតិនៅក្នុងតំបន់អាស៊ីជាអ្នកដើរតួនាទីខាងសន្តិសុខមួយ។ យើងមានកម្លាំងការពារតូចបំផុត ក៏ប៉ុន្តែ មានបច្ចេកវិទ្យានិងសមត្ថភាពខ្ពស់»។
ពួកអ្នកវិភាគនិយាយថា ពួកមេដឹកនាំរបស់ប្រទេសអូស្រ្តាលីចង់ឲ្យអ្នកបោះឆ្នោតរបស់ខ្លួននិងប្រទេសជិតខាងនៅអាស៊ីមើលឃើញថា រដ្ឋាភិបាល Canberra ជាអ្នកការពារនីតិរដ្ឋនៅក្នុងសមុទ្រចិនខាងត្បូង ដោយប្រកាន់ខ្ជាប់តួនាទីរបស់ខ្លួនចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។
ក្រសួងការពារប្រទេសអូស្រ្តាលីបានប្រាប់ឲ្យដឹងថា នៅកំណត់ឆ្នាំ២០២១ ខ្លួននឹងបង្កើនថវិកាខាងវិស័យយោធាទៅដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP ដែលជាការកើនឡើងខ្លាំងបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថវិកា សម្រាប់វិស័យការពារប្រទេសសម្រាប់ឆ្នាំ២០១៧និង២០១៨មានចំនួន២៧.៤ពាន់លានដុល្លារ៕