នៅថ្ងៃសុក្រទី២៦ ខែកញ្ញានេះ កម្ពុជានិងអូស្រ្តាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលកម្ពុជាយល់ព្រមទទួលយកជនភៀសខ្លួនដែលមិនមានចំនួនច្បាស់លាស់ ដែលត្រូវបានឃុំខ្លួននៅជំរំឃុំឃាំងជនភៀសខ្លួននៅឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលី។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រទេសទាំងពីរ និងប្រទេសដទៃទៀតថ្កោលទោសយ៉ាងខ្លាំង។
នៅថ្ងៃសុក្រម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ស ខេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលី នៅក្នុងពិធីដ៏ខ្លីមួយ នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាដែលមានភាពល្អក់កករដោយសារតែកែវស្រាសំប៉ាញមួយថាសបានធ្លាក់បែកនោះ មានរយៈពេលតែមួយភ្លែតប៉ុណ្ណោះ។ ក្រោយពីមានការទះដៃអបអរសារទរ ពីអ្នកចូលរួមនៅក្នុងពិធីចុះហត្ថលេខានោះ លោករដ្ឋមន្រ្តីទាំងពីររូប មិនបានអើពើឆ្លើយសំណួររបស់អ្នកយកព័ត៌មានទេ ហើយក៏ចាកចេញពីបន្ទប់ពិធី។
បន្ទាប់ពីនោះ សេចក្តីថ្លែងការមួយដែលធ្វើឡើងរួមគ្នា ត្រូវបានហុចទៅឲ្យអ្នកយកព័ត៌មាន ដែលមានសេចក្តីថា ប្រទេសកម្ពុជា នឹងសម្រេចអំពីពេលវេលា និងចំនួនជនភៀសខ្លួន ប៉ុន្មានដែលខ្លួននឹងទទួលយក។ បន្ថែមលើសពីនោះទៀត ប្រទេសទាំង២ បានយល់ព្រមនឹងគ្នាលើ «ការរៀបចំដំបូងសាកល្បងមួយ ដោយមានជនភៀសខ្លួនមួយក្រុមតូច ដែលក្រោយមកនឹងមានការទទួលយកជនភៀសខ្លួនបន្ថែមទៀត អាស្រ័យទៅតាមសមត្ថភាពរបស់ប្រទេសកម្ពុជា។
នៅថ្ងៃសុក្រម្សិលមិញនេះផងដែរ មុនពេលចុះហត្ថលេខាលោក Morrison បានប្រាប់បណ្តាញព័ត៌មានរបស់អូស្រ្តាលី ABC ថា រដ្ឋាភិបាលទីក្រុងកង់ប៊ែររ៉ា នឹងផ្តល់ប្រាក់ជំនួយដល់ប្រទេសកម្ពុជា មានចំនួនប្រមាណជា ៣៥លានដុល្លារអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេស។ នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតតឺរ៉េស៍ (Antonio Guterres) និយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយសង្ឃឹមថា ប្រទេសអូស្រ្តាលី នឹងពិចារណាអំពីរឿងនេះឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការមួយ លោក Guterres ថ្លែងថា «កិច្ចព្រមព្រៀងនេះ ឃ្លាតចាកឆ្ងាយពីបទដ្ឋានអន្តរជាតិ» លើសនេះទៀត ប្រទេសនានា មិនគួរផ្ទេរការទទួលខុសត្រូវរបស់ខ្លួនអំពីរឿងជនភៀសខ្លួនទៅឲ្យប្រទេសដទៃនោះទេ។
តំណាងរាស្រ្តនៃគណបក្សប្រឆាំងនៅកម្ពុជាលោក ស៊ុន ឆ័យ ក៏មានការព្រួយបារម្ភស្រដៀងគ្នានេះដែរ ដែលលោក បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃសុក្រក្នុងពេលបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងនេះនៅក្បែរស្ថានទូតអូស្រ្តាលីក្នុងរាជធានីភ្នំពេញ។ លោក ស៊ុន ឆ័យ ក៏បានរិះគន់ចំពោះកម្រិតនៃការរក្សាការសម្ងាត់ជុំវិញការចរចាគ្នាអំពីកិច្ចព្រមព្រៀងនេះ និងការប្រឈមនឹងអំពើពុករលួយ លើទឹកប្រាក់ប្រមាណជា៣៥លានដុល្លារអាមេរិក ដែលកម្ពុជានឹងទទួលបាននោះផងដែរ។ លោកថ្លែងថា វាជាអំពើខុសឆ្គងមួយដែលគេប្រើប្រទេសកម្ពុជា ជាទឹកដីដែលគេទម្លាក់ចោលជនភៀសខ្លួនដែលគេមិនចង់បាននោះទេ។
«ដោយសារតែយើងជឿថា កិច្ចព្រមព្រៀងនេះ មិនត្រឹមតែបំពានអនុសញ្ញាស្តីពីជនភៀសខ្លួនប៉ុណ្ណោះទេ តែវាក៏អនុញ្ញាតឲ្យប្រទេសមួយចំនួនដែលមានប្រាក់ បង់ថ្លៃការមិនទទួលខុសត្រូវរបស់ខ្លួន ចំពោះជនភៀសខ្លួន ហើយក៏អាចបង្កើតឲ្យមានទម្លាប់អាក្រក់មួយ ដល់ប្រទេសជាច្រើនទៀតធ្វើតាមផងដែរ»។
ទីភ្នាក់ងាររបស់អ.ស.ប.ទទួលបន្ទុកខាងជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា មានជនភៀសខ្លួនប្រមាណជា ១.២០០ នាក់នៅលើប្រទេសNauru ដែលជាកោះមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងមានប្រមាណជា ១.១០០ នាក់ស្ថិតក្នុងការឃុំខ្លួន នៅលើកោះ Manus Island នៃប្រទេស Papua New Guinea ដែលបានធ្វើឡើងក្រោមការរៀបចំជាមួយប្រទេសអូស្រ្តាលី។ គេជឿថា ជនភៀសខ្លួនទាំងនោះ ភាគច្រើន មកពីបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ាប្រទេស។
នៅថ្ងៃសុក្រម្សិលមិញនេះផងដែរ មុនពេលចុះហត្ថលេខាលោក Morrison បានប្រាប់បណ្តាញព័ត៌មានរបស់អូស្រ្តាលី ABC ថា មានមនុស្សនៅលើកោះNauru ប្រមាណជា២០០នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនភៀសខ្លួន ហើយនឹងមានសិទ្ធិត្រូវគេបញ្ជូនទៅប្រទេសកម្ពុជា ហើយលោកថ្លែងថា នឹងមិនមានចំនួនលើសពីកំណត់នៃចំនួនជនភៀសខ្លួនដែលស្ម័គ្រចិត្តនៅក្រោមកម្មវិធីនេះទេ។ លោកបានថ្លែងសរសើរដល់កិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងមួយដែលផ្តល់ដំណោះស្រាយក្នុងតំបន់សម្រាប់បញ្ហាដែលកើតមានឡើងក្នុងតំបន់។
រដ្ឋាភិបាលក្រុងភ្នំពេញបានអះអាងជាយូរមកហើយថា ខ្លួននឹងទទួលយកជនភៀសខ្លួនទាំងឡាយណាដែលមកដោយស្ម័គ្រចិត្តប៉ុណ្ណោះ។ សំណើរកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួននេះ ជាប្រធានបទនៃការចរចាជាសម្ងាត់អស់រយៈពេលជាច្រើនខែមកហើយ ហើយបានទទួលនូវការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស ក្រុមព្រះវិហារសាសនា និងអ្នកនយោបាយនៃគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Alastair Nicholson អតីតប្រធានតុលាការគ្រួសារនៃប្រទេសអូស្រ្តាលី បាននិយាយថា កិច្ចព្រមព្រៀងនោះ«មិនមានភាពសមរម្យ អសីលធម៌ និងទំនងជាខុសច្បាប់ទៀតផង» ហើយលោកព្រមានថា វានឹងធ្វើឲ្យជនភៀសខ្លួន និងកូនៗរបស់ពួកគេ ស្ថិតក្នុងភាពគ្រោះថ្នាក់។ លោក Nicholson បានថ្លែងក្នុងនាមជាសម្ព័ន្ធមិត្តនៃអង្គការមិនយកប្រាក់ចំណេញ ដោយរួមទាំង អង្គការសិទ្ធិមនុស្ស Amnesty International អង្គការសង្គ្រោះកុមារ និងអង្គការក្រុមប្រឹក្សាជនភៀសខ្លួនអូស្រ្តាលី។
ប្រជាពលរដ្ឋកម្ពុជាខ្លះ ក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ មួយផ្នែកដោយសារថា កម្ពុជាត្រូវតែដោះស្រាយបញ្ហាដែលចាក់ឫសរបស់ខ្លួនសិន មុននឹងទទួលយកជនភៀសខ្លួន។ ក្នុងចំណោម អ្នកតវ៉ានៅជិតស្ថានទូតអូស្រ្តាលី ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រនោះក៏មានលោក ស៊ុន ឈុំឈួន ដែលជាមេធាវីម្នាក់ផងដែរ។
«យើងគិតថា រដ្ឋាភិបាលអូស្រ្តាលី មិនគួរបញ្ជូនជនភៀសខ្លួនមកប្រទេសកម្ពុជាទេ ពីព្រោះ ក្នុងពេលឥឡូវនេះ កម្ពុជាមិនមានសមត្ថភាពទទួលយកជនភៀសខ្លួន ពីព្រោះ បើយើងគិតអំពីប្រព័ន្ធសិទ្ធិមនុស្ស ឬ ប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺនៅទាបនៅឡើយ។ នោះហើយជាមូលហេតុ ដែលអ្នកតវ៉ាខ្លះ ចង់ប្រមូលផ្តុំគ្នានៅមុខស្ថានទូតអូស្រ្តាលីនៅថ្ងៃនេះ»។
កម្ពុជា ដែលជាប្រទេសងើបចេញពីសង្គ្រាមដោយមានសេវាកម្មសង្គមខ្សោយនោះ មានប្រវត្តិសិទ្ធិមនុស្សអន់ ហើយអ្នកខ្លះបានចោទជាសំណួរថា ហេតុអ្វីបានជាប្រទេសអ្នកមានជាងគេមួយក្នុងពិភពលោក ព្យាយាមបញ្ជូនជនភៀសខ្លួនទៅប្រទេសដែលក្រជាងគេនៅក្នុងពិភពលោក និងពុករលួយបំផុតមួយដូចនេះទៅវិញ។ សេវាសង្គមចាំបាច់មួយចំនួនដូចជា សុខាភិបាល និងការអប់រំជាដើម មិនទាន់មានលក្ខណៈប្រសើរទេ ហើយមានការងារធ្វើតិចតួច។ កង្វះអាហាររូបត្ថម្ភនិងភាពក្រីក្រមាននៅទូទាំងប្រទេស។
ចំណែកឯភាគីអូស្រ្តាលីវិញដែលមានរដ្ឋាភិបាលអភិរក្សនិយម ហើយដែលជាអ្នកផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជានោះ បានចូលកាន់អំណាចមួយឆ្នាំមុន បានសន្យាថា នឹងមានភាពតឹងតែងចំពោះជនទាំងឡាយណាដែលស្វះស្វែងរកសិទ្ធិជ្រកកោននៅអូស្រ្តាលី។ មន្រ្តីអូស្រ្តាលីអះអាងថា អ្នកដែលស្វះស្វែងរកសិទ្ធិជ្រកកោនភាគច្រើន គឺជាជនចំណាកស្រុកដែលស្វះស្វែងរកឱកាសផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់