ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបករណ៍​បុរាណបន្សល់ទុកដោយ​ជនជាតិ​ដើម​អូស្ត្រាលី​មាន​អាយុកាល​ ៣៥០០០ឆ្នាំ


រូបឯកសារ៖ ជនជាតិដើមអូស្ត្រាលីប្រគុំតន្រីបុរាណ នៅក្នុងពិធីជួបជុំមួយរបស់ជនជាតិភាគតិច នៅទីក្រុងស៊ីដនី អូស្ត្រាលី កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៨។
រូបឯកសារ៖ ជនជាតិដើមអូស្ត្រាលីប្រគុំតន្រីបុរាណ នៅក្នុងពិធីជួបជុំមួយរបស់ជនជាតិភាគតិច នៅទីក្រុងស៊ីដនី អូស្ត្រាលី កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៨។

ឧបករណ៍​ចំនួន​ ៨ ​ដែល​ធ្វើ​ពី​ឆ្អឹងសត្វ​កង់ហ្គូរូ​ ត្រូវបាន​គេ​ជីក​ចេញ​ពី​ល្អាង​ភ្នំ Riwi នៅភាគខាងត្បូង តំបន់ ​Kimberley នៃ​រដ្ឋអូស្ត្រាលីខាងលិច​ ដោយក្រុម​បុរាណ​វិទូ​ កាលពី​ដើម​ទសវត្សរ៍​ ១៩៩០។ ការងារ​នោះត្រូវបាន​គាំទ្រ​ដោយ​សហគមន៍​មូលដ្ឋាន​ Mimbi Aboriginal។

បច្ចេកទេស​កំណត់​ពេលវេលា​ទំនើប​ឥឡូវ​នេះ​បានប៉ាន់ស្មាន​ថា ​ឧបករណ៍​ដែល​ត្រូវ​បាន​គេ​ច្នៃ​ឡើងនោះ​ មាន​អាយុ​កាល​ចន្លោះ​ពី​ ៣៥.០០០ ​ឆ្នាំ ​និង ៤៦.០០០ ឆ្នាំ។ វា​បានក្លាយជា​វត្ថុបុរាណ​ដែលមាន​វ័យ​ចំណាស់​ជាង​គេ​ ដែល​ត្រូវបាន​រកឃើញ​ក្នុង​ប្រទេស​អូស្ត្រាលី។

ឧបករណ៍​ទាំង​នោះ​ត្រូវបានច្នៃ​ពី​ឆ្អឹង​សត្វ​កង់ហ្គូរូ​ ដើម្បី​បង្កើត​ជា​ឧបករណ៍​ជាច្រើន​រួមមាន លំពែង​ដើម្បី​បរបាញ់​សត្វ​បក្សី​និង​ត្រី។ ឆ្អឹង​នោះ​ក៏​ប្រហែល​ត្រូវបាន​ប្រើធ្វើជ័រ​កៅស៊ូ ដើម្បី​បិទដងជាប់នឹង​ឧបករណ៍​ផងដែរ។

បញ្ញវន្ត​នានា​ជឿ​ថា ​វាជារឿង​ដ៏កម្រ​ដែល​វត្ថុបុរាណ​អាច​ទប់ទល់​នឹង​អាកាសធាតុ​ដ៏អាក្រក់​របស់​តំបន់​នេះ​បាន ដែល​សីតុណ្ហភាព​ក្នុង​រដូវក្តៅ​អាច​ឡើង​ដល់៣៨អង្សាសេរ។

​អ្នក​ស្រី ​Michelle Langley នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អូស្ត្រាលី​សម្រាប់​ការវិវត្ត​របស់​មនុស្សនៃ​សាកលវិទ្យាល័យ Griffith បាន​ប្រាប់​សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ត្រាលី​ថា ​ការ​ស្រាវជ្រាវ​នោះ​បាន​ផ្តល់​ព័ត៌មាន​ថ្មី​អំពី​ជីវិត​របស់​ប្រជាជន​ដើម​អូស្ត្រាលី។

«បើយើង​មើល​លើ​ស្នាម​ដ៏តូចៗ ​និង​ការ​ខូចខាត​លើ​ឧបករណ៍​ទាំង​នេះ យើង​អាច​កំណត់​បាន​ថា​ឧបករណ៍​មួយ​ចំនួនប្រហែល​ត្រូវបានប្រើ​ជា​ចុង​លំពែង និង​ផ្សេង​ទៀត​ សម្រាប់ចាក់​កន្ត្រក​ ឬ​ធ្វើស្បែក​ផ្សេងៗ។​ មាន​មនុស្ស​ជាច្រើន​និយាយ​ថា​ មិនមាន​អ្នក​ណា​ប្រើ​ឧបករណ៍​ធ្វើពីឆ្អឹង​នៅ​ភាគខាងជើង​ទេ​កាលពី​ ២០.០០០ ឆ្នាំមុន ប៉ុន្តែ​ឥឡូវយើង​ដឹង​ហើយ​ថា ​វា​មិន​ពិត​ឡើយ។ ពួកគេ​បាន​ប្រើ​វា។ យើង​គ្រាន់​តែ​រក​មិនទាន់​ឃើញ​ប៉ុណ្ណោះ»។

ការ​សិក្សា​នោះ​ក៏​មានចំណែក​របស់​សាកលវិទ្យាល័យជាតិ​អូស្ត្រាលី និង​ត្រូវបាន​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ​អន្តរជាតិ​នៃ​ការសិក្សា​បុរាណវិទ្យា​ផ្នែកឆ្អឹង (International Journal of Osteoarchaeology)។

ក្រុមជនជាតិ​ដើម​បាន​មក​តាំងទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ ៦៥.០០០ ឆ្នាំ​មុន។ ប្រហែល ​៣ ភាគរយ​នៃ​ជនជាតិ​អូស្ត្រាលី​សរុប ជា​ជនជាតិ​ដើម៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG